កម្មសិទ្ធិបញ្ញាអាមេរិកជាបញ្ហាដែលអាចប្រហារក្រុមហ៊ុនអេឡិចត្រូនិកចិន Huawei អោយដួលរលំបាន​



ថ្មីៗនេះមហាអំណាចសេដ្ឋកិច្ចអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុនអេឡិចត្រូនិកយក្សចិន Huawei ទៅក្នុងបញ្ជីខ្មៅហើយបានចេញវិធានការថាឲ្យក្រុមហ៊ុនអេឡិចត្រូនិកយក្សអាមេរិកមួយចំនួនមានដូចជាក្រុមហ៊ុន Microsoft ក្រុមហ៊ុន Google ក្រុមហ៊ុន ARM ក្រុមហ៊ុន Qualcomm និងក្រុមហ៊ុន Intel ដែលបានសហការផ្ដល់គ្រឿងបច្ចេកវិទ្យាផ្សេងៗដល់ក្រុមហ៊ុនចិនមួយនេះឲ្យបញ្ឈប់ការសហការជាមួយក្រុមហ៊ុន Huawei។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមហ៊ុនមួយចំនួនផ្សេងទៀតក្នុងប្រទេសសម្ព័ន្ធមិត្តអាមេរិករួមមានក្រុមហ៊ុន Panasonic ក្រុមហ៊ុន Hitachi និងក្រុមហ៊ុន Infineon ក៍មិនហ៊ានជំទាស់ចិត្តអាមេរិកហើយក៍ឈប់សហការជាមួយក្រុមហ៊ុនចិនមួយនេះដែរ។

ប្រភពរូប៖ Forbes

វិធានការថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាលត្រាំនេះបានធ្វើឲ្យកក្រើកសង្វៀនបច្ចេកវិទ្យាជុំវិញពិភពលោកដែលមានសាធារណជនជាច្រើនបានមានការភ្ញាក់ផ្អើលចំពោះរឿងនេះព្រោះថាក្រុមហ៊ុនចិនមួយនេះដែលកំពុងតែរីកមុខរីកមាត់ក្នុងទីផ្សារបច្ចេកវិទ្យាជុំវិញពិភពលោកបែរជាត្រូវទទួលរងគំនាបបែបនេះទៅវិញ។ យោងតាមសារព័ត៌មាន South China Morning Post បានឲ្យដឹងថាក្រុមហ៊ុនចិន Huawei អាចនឹងមានវាសនាដួលរលំចេញពីទីផ្សារបើសិនជាទីក្រុងវ៉ាស៊ីនតោនបន្តដាក់គំនាបមួយនេះទៅលើក្រុមហ៊ុនចិនមួយនេះ។

ប៉ុន្តែអ្វីដែលធ្វើឲ្យសភាពសង្គ្រាមពាណិជ្ជកម្មនេះកាន់តែយ៉ាប់យ៉ើនជាងនេះទៅទៀតនោះ គឺវិធានការនេះមិនត្រឹមតែមានផលប៉ះពាល់អវិជ្ជមានដល់តែសេដ្ឋកិច្ចប្រទេសចិនតែម្នាក់ឯងទេ គឺវានឹងធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់ប្រទេសអាមេរិកនិងពាណិជ្ជកម្មអន្តរជាតិផងដែរ។ ហើយបើល្បែងសង្គ្រាមពាណិជ្ជកម្មនៅតែមានវត្តមានបន្តទៀតក្នុងរយៈពេលយូរបន្តទៀតគឺឥទ្ធិពលសង្គ្រាមពាណិជ្ជកម្មនេះនឹងជំរុញឲ្យពិភពលោកវិវដ្ដទៅរកប្លុកបច្ចេកវិទ្យាពីរផ្សេងៗគ្នារវាងអាមេរិកនិងចិន។ ហើយលទ្ធផលនេះនឹងអាចបំផ្លាញដល់ទំនាក់ទំនងអន្តរជាតិក្នុងពេលអនាគត ប៉ុន្តែដំណាក់កាលនេះមិនទាន់កើតឡើងទេ។

ប្រភពរូប៖ Lifewire 

ដូចនេះហើយបើប្រទេសទាំងពីរមានការចរចាណាមួយដែលជួយសម្រាលដល់ស្ថានភាពជម្លោះពាណិជ្ជកម្មមួយនេះក្នុងពេលខាងមុខគឺពិភពលោកអាចនឹងជៀសផុតពីការបែងចែកប្លុកបច្ចេកវិទ្យាទាំងពីរនេះ។ ហើយកាលពីអាទិត្យមុនមានសារព័ត៌មានជាតិនិយមរបស់ចិនជាច្រើនបានផុសចេញតាមបណ្ដាញសង្គមដែលលើកឡើងថា ទោះបីជាអាមេរិកដាក់គំនាបទាំងអស់នោះទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ដល់កម្រិតនេះក៍ដោយក៍ក្រុមហ៊ុនចិនមួយនេះនៅតែអាចឈានជើងដើរទៅមុខបានយ៉ាងរលូនហើយបង្កើតបច្ចេកវិទ្យាផ្សេងៗដោយខ្លួនឯងដែលអាចជំនួសបចេ្ចកវិទ្យាក្រុមហ៊ុនក្រៅប្រទេសដែលធ្លាប់បានសហការក្នុងការផ្ដល់បចេ្ចកវិទ្យាទាំងនោះមកដល់ក្រុមហ៊ុនចិនមួយនេះ។ ប៉ុន្តែការអះអាងនេះនៅតែខ្វះភស្តុតាងនិងហេតុផលជាច្រើនដែលបំភ្លឺថាក្រុមហ៊ុន Huawei អាចបន្តដំណើរទៅមុខបានដូចធម្មតា។

ទោះជាយ៉ាងណាក្ដី បច្ចេកវិទ្យារបស់ក្រុមហ៊ុនចិន Huawei កន្លងមកគឺធ្លាប់តែពឹងផ្អែកយ៉ាងខ្លាំងលើគ្រឿងបច្ចេកវិទ្យារបស់ក្រុមហ៊ុនអាមេរិកដែលមានដូចជាបច្ចេកវិទ្យា semiconductors និងប្រព័ន្ធប្រតិបត្តិការ OS (Operating System) ។ ហើយបច្ចេកវិទ្យាមួយចំនួននេះគឺចិនមិនអាចផលិតបានដោយងាយស្រួលបានដោយខ្លួនឯងនោះទេ។ ប៉ុន្តែក្រៅពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក គឺមានក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េនិងជប៉ុននិងក្រុមហ៊ុនផ្សេងៗមួយចំនួនដែលអាចផលិតបានគ្រឿងបច្ចេកវិទ្យាទាំងនោះដែលក្រុមហ៊ុន Huawei ត្រូវការ។ ទោះបីជាក្រុមហ៊ុនរបស់ប្រទេសទាំងនោះមានគ្រឿងបច្ចេកវិទ្យាទាំងនេះអោយក្រុមហ៊ុន Huawei ក្ដីប៉ុន្តែក្រុមហ៊ុនទាំងនេះមិនអាចលក់គ្រឿងបច្ចេកវិទ្យាទាំងនោះឲ្យក្រុមហ៊ុនចិនមួយនេះបានទេព្រោះតែគ្រឿងបច្ចេកវិទ្យាទាំងនោះសុទ្ធតែផលិតឡើងដោយប្រើកម្មសិទ្ធិបញ្ញាអាមេរិក។ ដូចនេះបើក្រុមហ៊ុនទាំងនោះហ៊ានធ្វើការលក់ផលិតផលនេះទៅអោយក្រុមហ៊ុនចិនគឺច្បាស់ជាត្រូវអាមេរិកធ្វើស៊ីដោយដាក់ទារុណកម្មណាមួយលើក្រុមហ៊ុនទាំងនេះជាក់ជាមិនខាន។ ហេតុនេះហើយបានជាក្រុមហ៊ុនអេឡិចត្រូនិចជប៉ុន Hitachi និង Panasonic និងក្រុមហ៊ុនអេឡិចត្រូនិចមួយចំនួនផ្សេងទៀតរបស់ប្រទេសផ្សេងៗដកខ្លូនចេញពីការសហការជាមួយក្រុមហ៊ុន Huawei នេះ។

ប៉ុន្តែក៍មានការអះអាងមួយចំនួនលើកឡើងបន្តទៀតថាក្រុមហ៊ុន Huawei អាចមានសមត្ថភាពបន្តដំណើរទៅមុខបានធម្មតាដោយសារក្រុមហ៊ុនមួយនេះមានក្រុមហ៊ុនមួយរបស់ខ្លួន HiSilicon ដែលបង្កើតគ្រឿងបច្ចេកវិទ្យាឈីប semiconductor ដែលអាចធ្វើឲ្យក្រុមហ៊ុននេះមិនចាំបាច់ពឹងផ្អែកក្រុមហ៊ុនផលិតឈីបរបស់អាមេរិក។ ប៉ុន្តែគួរដឹងថាផលិតផលរបស់ក្រុមហ៊ុន HiSilicon គឺពឹងផ្អែកលើការរចនា (design) ពីប្រទេសផ្សេងៗ។ តួរយ៉ាងប្រព័ន្ធ chip ដែលក្រុមហ៊ុន HiSilicon នេះផ្ដល់ឲ្យក្រុមហ៊ុន Huawei គឺបានផលិតដោយប្រើប្រាស់គំនិតរចនាពីក្រុមហ៊ុនផលិតឈីប ARM of Cambridge របស់ប្រទេសអង់គ្លេសដែលក្រុមហ៊ុនផលិតផលឈីបអង់គ្លេសនេះក៍យកកម្មសិទ្ធិបញ្ញារបស់អាមេរិកដែរ។ ហេតុនេះហើយបានជាក្រុមហ៊ុនអង់គ្លេសនេះក៍បានដកខ្លួនពីការសហការជាមួយក្រុមហ៊ុន Huawei នេះដែរ។

ទោះជាយ៉ាងនេះក្ដី ថ្មីៗនេះរដ្ឋាភិបាលចិនបានប្រកាសថាការដែលអាមេរិកប្រកាសវិធានការដាក់គំនាបលើក្រុមហ៊ុនអេឡិចត្រូនិចចិន Huawei មួយនេះគឺមិនបានធ្វើឲ្យប្រទេសចិនព្រឺរ៉ោមអ្វីនោះទេព្រោះថារដ្ឋាភិបាលចិនបានត្រៀមនឹងចំណាយលុយយ៉ាងច្រើនក្នុងការអភិវឌ្ឍនិងផលិតបច្ចេកវិទ្យាគ្រឿងអេឡិចត្រូនិចក្នុងប្រទេសខ្លួនដូចជាឈីបជាដើមដើម្បីជំនួសបចេ្ចកវិទ្យារបស់ក្រុមហ៊ុនអេឡិចត្រូនិកអាមេរិក។ ប៉ុន្តែមិនមែនដូចអ្វីដែលចិនគិតនោះស្រួលៗដល់ថ្នាក់នេះទេ ព្រោះថាកម្មសិទ្ធិបញ្ញាអាមេរិកលើការផលិតនិងអភិវឌ្ឍគ្រឿងអេឡិចត្រូនិចទាំងនោះនឹងក្លាយជាឧបសគ្គដ៍ធំចំពោះគម្រោងរបស់ចិនមួយនេះ។ ហើយកាលពីមុនធ្លាប់មានក្រុមហ៊ុនចិន Fujian Jinhua Integrated Circuit ព្យាយាមផលិតឈីបខ្លួនឯងប៉ុន្តែត្រូវបានដួលរលំបាត់វត្តមានពីទីផ្សារដោយសារអាមេរិកដាក់គំនាបក្រុមហ៊ុនមួយនេះដោយចោទប្រកាន់ថាលួចចម្លង design ដែលជាការរំលោភបំពានកម្មសិទ្ធិបញ្ញារបស់អាមេរិក។ ដូចនេះមិនងាយស្រួលដូចអ្វីដែលរដ្ឋាភិបាលចិនបានគិតនោះទេ ព្រោះថាក្រុមហ៊ុនចិន Huawei នឹងត្រូវលិចលង់ក្នុងទឹកភ្នែកដោយត្រូវបាត់បង់អតីតដៃគូសហការរបស់ខ្លួនព្រោះមិនដឹងថាវាសនារបស់ក្រុមហ៊ុនមួយនេះអាចស្រោចស្រង់ខ្លួនចេញពីទុក្ខទាំងនេះបានឬទេបានទាន់ពេលនោះទេក្នុងសភាពលំបាកបែបនេះ៕

នឿន វណ្ណៈ

X
5s