អ្នក​គ្រប់គ្រង​គួរសាកល្បងអនុវត្ត​វិធី​ ៧ នេះ ពេល​បុគ្គលិក​ស្ត្រេស​ខ្លាំង​



បញ្ហា​ស្តេ្រស​ ឬ​សម្ពាធ​ផ្លូវចិត្ត​​ គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មនុស្ស​ម្នាក់​​​​មិន​ថា​នៅ​កន្លែង​ការងារ ឬ​នៅ​​​ក្នុង​ជីវិត​​ប្រចាំ​ថ្ងៃ​នោះ​ទេ។ ក៏ប៉ុន្តែ​បញ្ហា​សម្ពាធ​ផ្លូវចិត្ត​នៅ​កន្លែង​ការងារ​ដូច​ជា បុគ្គលិក​មាន​អារម្មណ៍​ហត់នឿយ អស់​កម្លាំង អស់​សង្ឃឹម​ជាដើម​ គឺ​ទាមទារ​ឲ្យ​អ្នក​ដឹកនាំ​យកចិត្ត​ទុកដាក់​ឲ្យ​ខ្លាំង​បន្តិច​ បើ​មិន​ដូច្នេះ​ទេ ប្រសិទ្ធភាព​ការងារ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ជាមិនខាន។ 

ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ អ្នក​គ្រប់គ្រង​អាច​សាកល្បង​​យក​វិធីសាស្ត្រ ៧​ខាងក្រោម​នេះ​ទៅ​អនុវត្ត​បាន៖ ​

១.ពិនិត្យ​មើល និង​ស្តាប់​​បញ្ហា​របស់​បុគ្គលិក
ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ម្នាក់ វា​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​បុគ្គលិក​ក្រោម​បង្គាប់​របស់​អ្នក។ តាម​ដាន​សកម្មភាព​របស់​បុគ្គលិក​របស់​អ្នក​មើល៍ ​តើ​ពួកគេ​មាន​អារម្មណ៍​តានតឹង ធុញថប់​ ​បង្ហាញ​កាយវិការ​​ព្រួយបារម្ភ​ចំពោះ​គម្រោង​​ការងារ  លើកឡើង​ពី​បន្ទុក​ការងារ​របស់​ពួកគេ​ ឬ​​មាន​អាកប្បកិរិយា​ផ្លាស់ប្ដូរ​ដែរ​ឬទេ? បើ​បញ្ហា​​ទាំង​នេះ​បាន​កើត​មាន​ឡើង​ខុសប្លែក​ពី​ធម្មតា អ្នក​ត្រូវ​ចូល​ទៅ​សន្ទនា និង​ជជែក​ពិភាក្សា​ជាមួយ​ពួកគេ​​ដើម្បី​ស្នើសុំ​ជំនួញ​ពី​អ្នក។

២.​បង្ហាញ​ភាព​ច្បាស់លាស់​ពី​ការងារ​​
ក្រៅ​ពី​ការ​​​រំពឹង​ទុក​លទ្ធផល​ការងារ​ស្រប​តាម​គោលដៅ​កំណត់ អ្នក​គ្រប់គ្រង​ត្រូវ​បង្ហាញ​ដល់​បុគ្គលិក​គ្រប់គ្នា​បាន​ច្បាស់ៗ ​ពី​​គម្រោង​ការងារ​ដែល​មិន​ធ្វើ​ឲ្យ​បុគ្គលិក​ណា​ម្នាក់​មាន​ការ​មន្ទិលសង្ស័យ​ ឬ​យល់​ច្រឡំ​នោះ​ឡើយ។ នៅ​ទីនេះ​ អ្នក​​​ត្រូវ​រៀបចំ​គម្រោង ​ការងារ ​កំណត់​​ពេល​ជាក់លាក់​មួយ​សម្រាប់​សម្រេច​​ការងារ ​​បង្ហាញ​ពី​​វិធីសាស្ត្រ​​ដឹកនាំ​អនុវត្ត​ការងារ ផ្តល់​ជំនួយ និង​​ជំរុញ​ឲ្យ​បុគ្គលិក​គ្រប់រូប​ឲ្យ​អនុវត្ត​ការងារ​ទាំង​នោះ​​ឲ្យ​​មាន​ប្រសិទ្ធភាព។

៣.ពង្រឹង​ភាព​ជា​ដៃគូ​ការងារ
ទំនាស់​​ផ្ទាល់ខ្លួន​អាច​ជា​កត្តា​រួមចំណែក​​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង ហើយ​អ្នកគ្រប់គ្រង​​​មាន​តួនាទី​សំខាន់​​ណាស់​ក្នុង​ការ​ជំរុញ​​ឲ្យ​មាន​ការ​​ធ្វើការងារ​ជា​ក្រុម​ និង​​ដោះស្រាយ​ជម្លោះ​ទាំង​នោះ​​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ជៀសវាង​មិន​ឲ្យ​កើត​មាន​ឡើង​សាជាថ្មី។ នេះ​ជា​រឿង​ចាំបាច់​ដែល​មន្រ្តី​ធនធាន​មនុស្ស​ត្រូវ​ផ្តល់​​ឧបករណ៍ មធ្យោបាយ និង​ការណែនាំ​បុគ្គលិក​គ្រប់រូប​ពី​មធ្យោបាយ​ដោះស្រាយ​ទំនាស់​ទាំងនោះ​ដើម្បី​បង្កើត​សហប្រតិបត្តិ​ ឬ​ភាព​ជា​ដៃគូ​ក្នុង​ការងារ។

​៤.ទទួលស្គាល់​ពួកគេ​ក្នុងនាម​ជា​មនុស្ស
បុគ្គលិក​គឺ​ជា​មនុស្ស ហេតុដូច្នេះ​ហើយ​ពួកគេ​ក៏​មាន​ទំនួលខុសត្រូវ និង​​មាន​សម្ពាធ​ជា​ច្រើន​ទៀត​​ក្រៅ​ពី​ការងារ​របស់​ពួកគេ​ផង​ដែរ។ ពួកគេ​ត្រូវការ​ពេល​សម្រាក​ ដើរ​លំហែ ការ​កម្សាន្ត និង​​ទទួល​ខុសត្រូវ​លើ​ការងារ​ជា​ច្រើន​ទៀត​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ។ នេះ​ជា​កាតព្វកិច្ច​របស់​អ្នក​គ្របគ្រង ដែល​ត្រូវ​​ផ្តល់​ឱកាស​ ការ​ថែទាំ​សុខភាព និង​ផ្តល់​ថ្ងៃ​ឈប់សម្រាក​ឲ្យ​ពួកគេ​​មាន​ទំនាក់ទំនង​ ឬ​ចំណាយ​ពេលវេលា​ជាមួយ​​គ្រួសារ និង​មិត្តភក្ដិ​របស់​ពួកគេ។ ​

៥.ជំរុញ​ឲ្យ​បុគ្គលិក​​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់
ក្រៅ​ពី​​ការងារ អ្នក​ក៏​ត្រូវ​ជំរុញ​ឲ្យ​បុគ្គលិក​របស់​អ្នក​ចេះ​ឆ្លៀតពេល​ហាត់ប្រាណ​ដើម្បី​កាត់បន្ថយ​ស្តេ្រស ដូចជា ​​ហាត់ប្រាណ សម្រាក ១៤ នាទី រលាស់ដៃ​រលាស់ជើង និង​ធ្វើ​ចលនា​ដូច​ជា​ងើប​ចេញ​ពី​​កៅអី​អង្គុយ​ឲ្យ​បាន​ច្រើនដង​នៅ​ពេល​កំពុង​ធ្វើការ​ជាដើម។  ការ​ហាត់ប្រាណ​មិន​ត្រឹមតែ​អាច​ជួយ​ឲ្យ​សុខភាព​រឹងមាំ​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ថែមទាំង​ជួយ​ឲ្យ​​កាត់​បន្ថយ​ស្ត្រេស និង​បង្កើន​ភាព​ច្នៃប្រឌិត​ដល់​ផលិតភាព​ការងារ​ពួកគេ​ទៀត​ផង។

​៦.ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​ពួកគេ​
ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​ម្នាក់ អ្នក​ត្រូវ​ធ្វើ​ឲ្យ​បុគ្គលិក​របស់​អ្នក​មាន​សមត្ថភាព​កាន់តែ​ខ្លាំង​ឡើង។ សូម​ចាំ​ថា ​ក្រៅ​ពី​ការ​​បណ្តុះបណ្តាល​​​ដែល​ទាក់ទង​ទៅ​នឹង​ចំណេះដឹង​ថ្មីៗ​ជុំវិញ​ការងារ​របស់​ពួកគេ អ្នក​ក៏​ត្រូវ​បណ្តុះបណ្តាល​ពួកគេ​ពី​របៀប​គ្រប់គ្រង​ស្តេ្រស ការ​គ្រប់គ្រង​ពេលវេលា និង​ការ​ដោះស្រាយ​បញ្ហា​ជាដើម​ដើម្បី​​បង្ការ​ក៏ដូចជា​កាត់​បន្ថយ​​ភាព​តានតឹង​ផ្លូវចិត្ត​របស់​ពួកគេ​។

​៧.ផ្តល់​រង្វាន់​ដល់​ពួកគេ
ក្រៅ​ពី​ការ​ផ្តល់​មធ្យោបាយ​ខាងលើ​​ហើយ​នោះ អ្នក​ក៏​ត្រូវ​ចេះ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​ពួកគេ​ផង​ដែរ។ ពេល​ខ្លះ​បុគ្គលិក​បាន​ខិតខំ​ប្រឹងប្រែង​ការងារ​ខ្លាំង​ហើយ ប៉ុន្តែ​បើ​អ្នក​មើល​រំលង​សមត្ថភាព និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ មិន​ឲ្យ​តម្លៃ ឬ​លើកទឹកចិត្ត​ពួកគេ វា​អាច​បណ្តាល​ឲ្យ​បុគ្គលិក​របស់​អ្នក​មាន​អារម្មណ៍​មិន​កក់ក្តៅ និង​ខកចិត្ត​ជាដើម។ ការ​ផ្តល់​រង្វាន់​នេះ​អាច​ជា​របស់ ការ​កោតសរសើរ ឬ​ដំឡើង​ប្រាក់ខែ​ដល់​ពួកគេ​ក៏​បាន។ នេះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​​ទឹកចិត្ត​កាន់តែ​ខ្លាំង​​ឡើង​ក្នុង​ការ​បំពេញ​ការងារ៕

ប្រភព៖ Businessinsider 

 

X
5s