ការប្រើប្រាស់ចំនួន៥របស់ពាក្យ Moonនៅក្នុងIdioms ដែលអ្នកសិក្សាភាសាអង់គ្លេសគួរចងចាំ
យើងធ្លាប់ដឹងហើយថា moon ភាសាខ្មែរយើងហៅថាព្រះចន្ទ។ ហេតុនេះមេរៀនថ្ងៃនេះយើងនាំគ្នាមកសិក្សាអំពីការប្រើប្រាស់ចំនួន៥ទៀតរបស់ពាក្យ Moon ដែលត្រូវបានប្រើប្រាស់នៅក្នុង Idioms ដូចខាងក្រោមនេះ:
១) So, you did think that she stood up for you out of kindness ? You think that the moon is made of green cheese? She is not as simple as you think.
The moon is made of green cheese នៅក្នុងIdiomនេះ green cheese គឺជាឈីសដែលថ្មីស្រស់ មិនទាន់ស្ងួតឬមិនទាន់មានអាយុកាលច្រើននៅឡើយ ដែលវាច្រើនតែមានពណ៌សនិងមានរូបរាងមូល។ អត្ថន័យដើមរបស់Idiomនេះសំដៅលើមនុស្សដែលយល់ច្រឡំស្រមោលរបស់ព្រះចន្ទដែលជះចាំងមកលើទឹកថាជាgreen cheeseនេះ។ greenដែលពួកគេប្រើប្រាស់នៅក្នុងIdiomនេះមិនមែនសំដៅលើពណ៌នោះទេ តែវាសំដៅលើភាពថ្មីស្រស់ ភាពមិនទាន់ចាស់របស់ឈីស។ គេអាចយកមកប្រើសម្រាប់សំដៅលើជំនឿងប់ងុលដែលមិនមានមូលដ្ឋានច្បាស់លាស់ មិនសមហេតុផល ឬមានលក្ខណៈពន្លើសបំភ្លៃពីការពិត។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «ដូច្នេះ ឯងពិតជាបានគិតថានាងក្រោកឈរគាំទ្រឯងចេញពីចិត្តល្អ ? តើឯងគិតថាព្រះចន្ទផ្សំឡើងចេញពីឈីសថ្មីស្រស់មែនទេ ? នាងមិនមែនជាមនុស្សសាមញ្ញដូចអ្វីដែលឯងគិតនោះទេ។»
២) To ask her to inherit your legacy to become a chief is like asking for the moon on a stick.
The moon on a stick មានន័យថាចង់បានអ្វីគ្រប់យ៉ាង រួមបញ្ចូលទាំងអ្វីដែលពិបាកឬអាចជារឿងដែលមិនអាចទៅរួចនឹងទទួលបាន។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «ចង់ឲ្យនាងស្នងត្រកូលជាចុងភៅប្រៀបបាននឹងសុំចង់បានអ្វីដែលមិនអាចទៅរួចដូច្នោះ។»
៣) She was over the moon when she heard that her parents will come a long way to visit her tomorrow.
To be over the moon មានន័យថាសប្បាយចិត្តខ្លាំង។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «នាងពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលបានឮថាប៉ាម៉ាក់របស់នាង នឹងធ្វើដំណើរឆ្ងាយមកដើម្បីមកជួបនាង។»
៤) You need to be a person that can do what you say. If you cannot do as what you say, you shouldn't promise anyone the moon in the first place and later disappoint them.
To promise someone the moon មានន័យថាសន្យានូវអ្វីដែលខ្លួនឯងមិនអាចធ្វើបាន សន្យាថាឲ្យព្រះចន្ទទាំងដែលខ្លួនឯងដឹងច្បាស់ថាមិនអាចយកព្រះចន្ទឲ្យមនុស្សដែលអ្នកបានសន្យានោះទេ។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «អ្នកត្រូវធ្វើជាមនុស្សម្នាក់ដែលនិយាយបានធ្វើបាន។ បើអ្នកមិនអាចធ្វើអ្វីដែលអ្នកនិយាយបាននោះទេ នោះអ្នកមិនគួរសន្យាតាំងតែពីដំបូងមក ហើយក្រោយមកក៏ធ្វើឲ្យគេខកចិត្តលើអ្នក។»
៥) He came back home last night but it looks like he went between the moon and the milkman and disappeared this morning.
To go between the moon and the milkman មានន័យថាក្នុងពេលមួយយប់ក៏រត់គេចបាត់ខ្លួនទៅ ដែលthe moon សំដៅលើពេលយប់ រីឯthe milkman សំដៅលើពេលព្រឹក។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «គាត់ត្រឡប់មកផ្ទះវិញយប់មិញ ប៉ុន្តែមើលទៅហាក់ដូចជាក្នុងពេលមួយយប់គាត់រត់គេចខ្លួនបាត់ហើយ ទើបព្រឹកនេះក៏មិនឃើញគាត់។»
ដោយ៖ ស្រីពៅ