ការឡើង​ថ្លៃ​ប្រាក់​បាត​កំពុង​រុញ​ច្រាន​វិនិយោគិន​ថៃមក​កម្ពុជា! តើនេះនឹង​ជះ​ឥទ្ធិពល​អ្វីខ្លះ​?​



ដោយ​សារ​តែ​វិបត្តិ​សកល​ បូក​រួម​នឹង​ការ​ឡើង​ថ្លៃ​ប្រាក់​បាត​ថៃ បាន​រុញ​ច្រាន​ឲ្យ​វិនិយោគិន​ដែល​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​នេះ ទទួល​បាន​ប្រាក់​ចំណេញ​ទាប​ជាង​ការ​វិនិយោគ ជា​ហេតុ​ធ្វើ​ឲ្យ​វិនិយោគិន​បរទេស​ទាំង​នោះ​ ងាក​ទៅ​សម្លឹង​រក​មើល​ទីផ្សារ​អចលនទ្រព្យ​នា​ប្រទេស​ដទៃ​ទៀត ហើយ​ក្នុង​នោះ​កម្ពុជា​កំពុង​តែ​ក្លាយ​ទៅ​ជា​គោលដៅ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ។

(រូបភាព៖ Kimsuor Long)

លោក ឡុង គីមសួរ អគ្គនាយក ក្រុមហ៊ុន Century21 Fuji Realty បាន​បញ្ជាក់​ប្រាប់​ Bizkhmer ថា លោក​យល់ស្រប​ចំពោះ​បញ្ហា​ខាង​លើ ព្រោះ​លំហូរ​នៃ​វិនិយោគិន​ជា​ច្រើន​មក​កាន់​កម្ពុជា​គឺ​ដោយ​ដោយ​សារ​តែ​ពួកគាត់​សម្លឹង​ឃើញ​ពី​អត្ថប្រយោជន៍​នៅ​កម្ពុជា​មាន​ច្រើន​ជាង​នៅ​ប្រទេស​ថៃ។ មួយ​វិញ​ទៀត  នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​សេដ្ឋកិច្ច​កម្ពុជា​បាន​កើន​ពី​កម្រិត ៦.៨ មក​ដល់​៧ភាគរយ ស្ថិត​នៅ​ក្នុង​កំណើន​មួយ​ដែល​ថេរ ហើយ​នឹង​បន្ត​បែប​នេះ​រយៈពេល​៤ទៅ៥ឆ្នាំ​ខាង​មុខ​ទៀត។

លោក​បន្ថែម​ថា បើ​ទោះ​ជា​កម្ពុជា​នឹង​ទទួល​បាន​ផល​ពី​លំហូរ​នេះ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​គឺ​កម្ពុជា​នៅ​មិន​ទាន់​មាន​គម្រោង​អភិវឌ្ឍន៍​គ្រប់គ្រាន់​ ពិសេស​ចំពោះ​បញ្ហា​ច្បាប់​គ្រប់គ្រង​វិនិយោគិន​បរទេស​ក៏​នៅ​មិន​ទាន់​មាន​ភាព​រឹងមាំ​នៅ​ឡើយ ដូច្នេះ​បើ​យើង​មិន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ យើង​អាច​ប្រឈម​នឹង​ការ​ខាតបង់ ឧទាហរណ៍​ដូច​ជា​ករណី​នៅ​កំពង់​សោម​ជា​ដើម ដែល​មាន​វិនិយោគិន​ជនជាតិ​ចិន​ចូល​មក​ហើយ​ក៏​ចេញ​ទៅ​វិញ​បណ្ដាល​ឲ្យ​មាន​ការ​ខាតបង់​មួយ​ចំនួន។

ជុំវិញ​ការ​លើក​ឡើង​ខាង​លើ លោក​បណ្ឌិត គីម ហ៊ាង  អគ្គនាយក​ក្រុមហ៊ុន អចលនទ្រព្យ​ Khmer Real Estate ក៏​បាន​បញ្ជាក់​ប្រាប់ Bizkhmer ផង​ដែរ​ថា​ ការ​ឡើង​ថ្លៃ​ប្រាក់​បាត​នៅ​ប្រទេស​ថៃ​ធ្វើ​ឲ្យ​វិនិយោគិន​ដែល​វិនិយោគ​នៅ​ទី​នោះ​ចំណេញ​បាន​តិច​តួច ដូច្នេះ​ការ​សម្លឹង​រក​មើល​ប្រទេស​ជិត​ខាង​ដូច​ជា​កម្ពុជា​ជា​ដើម ដើម្បី​វិនិយោគ​គឺ​ជា​រឿង​មួយ​ដែល​ល្អ។ ប៉ុន្តែ សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​កម្ពុជា​ និង​ប្រទេស​ថៃ​គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា ដូច្នេះ​បញ្ហា​ឡើង​ថ្លៃ​ប្រាក់​បាត​នេះ​អាច​ជះ​ផល​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​ដល់​កម្ពុជា​។

លោក​បញ្ជាក់​ថា ប្រសិន​បើ​វិនិយោគិន​ដែល​រកស៊ី​នៅ​ប្រទេស​ថៃ​ទាំង​នោះ​ដក​ភាគហ៊ុន​ទាំង​ចេញ​អស់ ឬ​ឈប់​រកស៊ី​ក្នុង​ប្រទេស​ថៃ​ត​ទៅ​ទៀត នោះ​កម្ពុជា​ក៏​អាច​ប្រឈម​នឹង​ផល​ប៉ះ​ពាល់​ដូច​គ្នា ដោយ​ហេតុ​ថា​ប្រទេស​ថៃ​និង​កម្ពុជា ជា​ប្រទេស​ជិត​ខាង​នឹង​គ្នា​ដូច្នេះ​ចរន្ត​សេដ្ឋកិច្ច​គឺ​មាន​ការ​ត​ភ្ជាប់​គ្នា​ប្រៀប​ដូច​ជា​សរសៃ​ឈាម​ដូច្នោះ​ដែរ ដូច្នេះ​ប្រសិន​បើ​ថៃ​ល្អ​កម្ពុជា​នឹង​ល្អ​ តែ​បើ​ថៃ​មាន​បញ្ហា​នោះ​កម្ពុជា​ក៏​អាច​មាន​បញ្ហា​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អត្រា​ការ​បដិសេធ​ការ​ផ្ដល់​ប្រាក់​កម្ចី​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ​បាន​បន្ត​កើន​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជា​មួយ​នឹង​អត្រា​សរុប ៣០ភាគរយ និង​ខ្ពស់​ជាង​៥០ភាគរយ សម្រាប់​គម្រោង​មួយ​ចំនួន។ អត្រា​បដិសេធ​ខ្ពស់​ជាង​នេះ​អាច​បណ្ដាល​មក​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​ធ្វើ​ឱ្យ​ការ​ទិញ​ធ្លាក់​ចុះ។ តម្លៃ​អចលនទ្រព្យ​ដោយ​ជន​បរទេស​ដែល​បាន​ទិញ​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​នេះ​គឺ​ជិត​ដល់ ០ ភាគរយ ហើយ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភព​លោក និង​ការ​ឡើង​ថ្លៃ​ប្រាក់​បាត៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s