ធ្លាប់តែជាគូប្រជែង តែពេលនេះ Apple, Amazon, Google និង Zigbee សហការគ្នាលើរឿងមួយនេះវិញ​ធ្លាប់តែឈរលើសមរភូមិប្រកួតប្រជែងនឹងគ្នាលើទីផ្សារពិភពលោក តែពេលនេះក្រុមហ៊ុនបងធំបច្ចេកវិទ្យារួមមាន Amazon និង Google ហើយនិង Apple ព្រមទាំង Zigbee Alliance បានទម្លាក់អាវុធចុះហើយងាកមកចុះកុងត្រាក្នុងភាពជាដៃគូក្នុងការសហការគ្នាជំរុញនិងអភិវឌ្ឍសម្ភារៈបច្ចេកវិទ្យាដាក់តាមផ្ទះ (smart home appliances) នេះបើយោងតាម CNBC។ 

កាលពីមុន Google និង Amazon ហើយនិង Apple បានព្យាយាមដណ្ដើមទីផ្សារពិភពលោកជាមួយនឹងការបង្កើតផលិតផលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃប្រើប្រាស់តាមផ្ទះរបស់ពួកគេរៀងៗខ្លូនប៉ុន្តែប្រព័ន្ធប្រើប្រាស់របស់ពួកគេនោះមានភាពស្មុគស្មាញចំពោះពួកអតិថិជនក្នុងការប្រើប្រាស់ខ្លាំង។ ហើយរាល់ពេលដែលពួកគេចង់ប្រើប្រាស់សម្ភារៈបច្ចេកវិទ្យារបស់ក្រុមហ៊ុនទាំងនោះចម្រុះក្នុងពេលតែមួយគឺពួកគេត្រូវប្រឈមមុខនឹងការត្រូវដាក់ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុនទាំងអស់នោះក្នុងផ្ទះហើយមិនអាចភ្ជាប់សម្ភារៈបច្ចេកវិទ្យាដំណើរការជាមួយគ្នាបានតាមប្រព័ន្ធតែមួយបានទេ។

ហេតុនេះហើយដើម្បីបង្កើនការងាយស្រួលដល់ការប្រើប្រាស់ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះបានត្រឡប់មកសហការគ្នាក្នុងការបង្កើតប្រព័ន្ធបច្ចេកវិទ្យា Project Connected Home over IP ដែលអាចអនុញ្ញាតិឲ្យអតិថិជនអាចប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាតាមផ្ទះរបស់ក្រុមហ៊ុនទាំងអស់នេះបានលើប្រព័ន្ធតែមួយ។

យោងតាមស្ថិតិខែកញ្ញាឆ្នាំ ២០១៩ នេះរបស់សាជីវកម្មទិន្នន័យអន្តរជាតិ (International Data Corporation) បានឲ្យដឹងថាទីផ្សាររបស់សម្ភារៈបច្ចេកវិទ្យាឆ្លាតវៃដាក់តាមផ្ទះនឹងមានការកើនឡើងយ៉ាងខ្លាំងរហូតដល់ទៅ ២៣.៥ ភាគរយជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០១៩ នេះតទៅក្នុងពេលដែលបច្ចុប្បននេះមានទន្និន័យឧបករណ៍ឆ្មាតវៃតាមផ្ទះត្រឹមតែជាង ៨១៥ លានប៉ុណ្ណោះ។ ហើយគេរំពឹងទុកថាក្នុងឆ្នាំ ២០២៣ ទិន្នន័យនេះនឹងស្ទុះកើនឡើងដល់ទៅជាង ១.៣៩ ពាន់លានគ្រឿង។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនទាំងនេះនឹងផ្តោតសំខាន់ជាមុនសិនលើឧបករណ៍សុវត្ថិភាពក្នុងផ្ទះដូចជាឧបករណ៍រោទិ៍ពេលមានផ្សែងនិងឧបករណ៍ចាប់សញ្ញា CO ទ្វារនិងសោរឆ្លាតវៃ និងប្រព័ន្ធសុវត្តិភាព កញ្ចក់បង្អួចនិងឧបករណ៍បញ្ជា HVAC មុននឹងបោះពួយទៅបង្កើតប្រភេទឧបករណ៍ផ្សេងៗទៀត៕

ដោយ៖ នឿន វណ្ណៈ

X
5s