ហេតុអ្វីភាសាអង់គ្លេសពិបាកក្នុងការបញ្ចេញសម្លេងម្លេះ? អ្នកត្រូវដឹងរឿងមួយនេះ​



ហេតុអ្វីភាសាអង់គ្លេសពិបាកក្នុងការបញ្ចេញសម្លេងម្លេះ? ហេតុអ្វីខ្ញុំបញ្ចេញសម្លេងមិនត្រូវ? ហេតុអ្វីភាសាអង់គ្លេសស្មុគស្មាញម្លេះ? ទាំងនេះប្រហែលជាសំនួរដែលអ្នកសិក្សាភាសាអង់គ្លេសភាគច្រើនតែងសួរ និងមានចម្ងល់ទាក់ទងនឹងភាសាមួយនេះ។ អ្នករៀនភាសាអង់គ្លេសភាគច្រើនប្រហែលមានការយល់ច្រលំក្នុងការបញ្ចេញសម្លេងភាសាអង់គ្លេស ដោយភាគច្រើនគាត់យកអក្សរនីមួយៗទៅបូកដើម្បីបង្កើតជាសម្លេង។ ប៉ុន្តែការធ្វើបែបនេះមិនត្រឹមត្រូវនោះទេ។

លោក លង់ វណ្ណៈ អ្នកបកប្រែរបស់ BizKhmer, គ្រូបង្រៀនភាសាអង់គ្លេស និងជាអ៊ែដមីនផេក Cam-Edu បានចែករម្លែកថា៖ «អ្នកត្រូវដឹងថាភាសាអង់គ្លេសមិនមែនជា Phonetic Language ទេ។ Phonetic language គឺជាភាសាដែលមានអក្សរអាចមើលឃើញហើយប្រកបបញ្ចេញជាសម្លេងនិយាយបាន។ នេះមានន័យថា ឃើញការសរសេរបែបណាអានបែបហ្នឹង។ឧទាហរណ៍៖ ភាសាខ្មែរយើងគឺជា Phonetic Language ដោយយើងអាចប្រកបដោយយកអក្សរ «ក» ដាក់ស្រះ «ា» យើងអាចបញ្ចេញសម្លេងថា «កា» ប៉ុន្តែភាសាអង់គ្លេសមិនមែនបែបហ្នឹងទេ ដោយអ្នកមិនអាចយក English Alphabet អក្សរ ABC…Z មកនិយាយបង្កើតជាសម្លេងបានទេ។ ដែលនេះជាការយល់ច្រលំធំរបស់អ្នករៀនអង់គ្លេស ដែលធ្វើឲ្យគាត់ពិបាកក្នុងការបញ្ចេញសម្លេង។ ពាក្យភាសាអង់គ្លេសមិនអាចមើលឃើញ ហើយប្រកបដូចពាក្យខ្មែរឬភាសា Phonetic language ដទៃទៀតបានទេ។» 

Image result for phonetic symbols

អីចឹងតើធ្វើដូចម្ដេចដើម្បីឲ្យការបញ្ចេញសម្លេងឲ្យត្រឹមត្រូវ? ដើម្បីការបញ្ចេញសម្លេងភាសាអង់គ្លេសត្រឹមត្រូវ អ្នកត្រូវស្គាល់ IPA (International Phonetic Alphabet) ដែលជាប្រព័ន្ធសម្លេង (Sound System) របស់ភាសាអង់គ្លេស ដែលមាន Phonetic symbols សញ្ញាសម្លេងទាំង 44 តួ។ ក្នុង Phonetic symbols ហ្នឹងរួមមានទាំង Consonant ព្យញ្ជនៈចំនួន ២៤តួ និង Vowel ស្រះចំនួន២០តួ ។ ក្នុងព្យញ្ជនៈ (Consonant) មាន 24 ហើយមានបែបចែកជា ព្យញ្ជនៈសម្លេងញ័រ មិនញ័រ និងសម្លេងដទៃទៀត ហើយក្នុងស្រះ (Vowel) មាន ២0 តួ ដែលគេបែងចែកស្រះវែង ស្រះខ្លី និងស្រះផ្សំ។

ប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងបន្ថែមអំពី Phonetic symbols អ្នកទាំងអស់គ្នាអាចស្វែងរកលើ Google ឬ Youtube ក៏បានដែរ ហើយរៀននិងស្វែងយល់ពីវាឲ្យបានច្រើន និងចងចាំការបញ្ចេញសម្លេងរបស់វានីមួយៗ។ ដោយ Phonetic symbols នឹងមានការបញ្ចេញសម្លេងសញ្ញានីមួយៗដោយប្រើប្រាស់មាត់ អណ្ដាត ធ្មេញ និងបំពង់ក ជាដើម។ នេះទាមទារឲ្យអ្នកទាំងអស់គ្នាហ្វឹកហាត់និយាយឲ្យបានត្រឹមត្រូវ។ 

បើចេះ Phonetic symbols ហើយ តើត្រូវធ្វើដូចម្ដេចទៀត? បន្ទាប់ពីអ្នកទាំងអស់គ្នា ដឹងថាពាក្យមួយមាន Phonetic symbols ដូចម្ដេចខ្លះអ្នកទាំងអស់គ្នាអាចស្វែងរកក្នុងវចនានុក្រម ហើយរៀនប្រកបវាឲ្យត្រឹមត្រូវ។ ឧទាហរណ៍ពាក្យ book /bʊk/  ដោយ អ្នកយក ព្យញ្ជនៈ /b/ ផ្សំជាមួយស្រះ /ʊ/ និងព្យញ្ជនៈ /k/ ទើបបង្កើតបានជាសម្លេងនៃពាក្យ book ដែលប្រែថាសៀវភៅ។

ជាចុងក្រោយ លោក វណ្ណៈ គូសបញ្ជាក់ទៀតថា ដើម្បីឲ្យការបញ្ចេញសម្លេងរបស់អ្នកកាន់តែត្រឹមត្រូវ អ្នកត្រូវអាននិងបញ្ចេញសម្លេងពាក្យនីមួយៗក្នុងភាសាអង់គ្លេសឲ្យត្រឹមត្រូវជាមុនសិន។ ប្រសិនបើអ្នកបញ្ចេញសម្លេងពាក្យនីមួយៗមិនត្រឹមត្រូវ នោះការនិយាយរបស់អ្នកអស់គ្នាក៏មិនត្រឹមត្រូវដូចគ្នា។ នេះបានន័យថាការបញ្ចេញសម្លេងមិនទាន់ល្អ៕

X
5s