អ្នកចិត្តវិទ្យាបង្ហាញថា ហេតុអ្វីបានជាភាព Single គឺជារឿងល្អធ្វើឲ្យអនាគតជីវិតគូកាន់តែរឹងមាំ?​



ការស្រាវជ្រាវបែបវិទ្យាសាស្ត្របានបង្ហាញថា អ្នកទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តនៅពេលដែលអ្នកនៅម្នាក់ឯង (Single) ។ ប៉ុន្តែផ្ទុយពីការអះអាងខាងលើនេះ នៅមានមនុស្សច្រើនណាស់ជាពិសេសយុវវ័យតែម្តងដែលយល់ថា ភាពនៅលីវ ឬ Single  គឺជាស្រមោលដ៏គួរឲ្យខ្លាចមួយនៅយុគសម័យថ្មីនេះ។

បើយោងតាមការអះអាងរបស់ លោកស្រី  Carolin Müller ដែលជាចិត្តវិទូ និងជាគ្រូសមាធិដ៏ល្បីមួយរូបបានអះអាងពីគុណសម្បត្តិនៃភាព Single នេះ។ លោកស្រីបាននិយាយថា មនុស្សមួយចំនួនបានប្តូរដៃគូស្នេហាមួយទៅដៃគូស្នេហាមួយទៀត ពីព្រោះអ្នកទាំងនោះជាប់ចិត្តនឹងអារម្មណ៍រីករាយដែលពួកគេទទួលបានការយកចិត្តទុកដាក់ពីដៃគូរបស់ខ្លួន។ ប៉ុន្តែនេះក៏មានហានិភ័យខ្ពស់ផងដែរដែលអាចធ្វើឲ្យពួកគេរងគ្រោះ ជួបបញ្ហាផ្លូវចិត្ត និងផ្លូវកាយដោយសារពួកគេងាយនឹងជួបមនុស្សខុស។

លោកស្រីបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំដឹងថា សូម្បីតែអតិថិជនរបស់ខ្ញុំដែលមិនធ្លាប់នៅ Single ក៏មានអារម្មណ៍ភ័យខ្លាចដោយសារតែភាព Single នេះដែរ។ ខ្ញុំគិតថា ប្រសិនបើអ្នកនៅម្នាក់ឯង ប្រសិនបើអ្នកនៅ Single វាជាឱកាសល្អមួយធ្វើឲ្យអ្នកស្គាល់ពីខ្លួនឯងកាន់តែច្បាស់ និងរៀនស្រលាញ់ខ្លួនឯងបានកាន់តែច្រើន»។

លោកស្រី Carolin បានបន្តទៀតថា ប្រសិនបើអ្នកទទួលបានទំនុកចិត្ត និងតម្លៃខ្លួនឯងពីមាត់អ្នកដទៃ នោះមានន័យថា តម្លៃរបស់អ្នកកំពុងស្ថិតនៅលើការវាយតម្លៃពីអ្នកដទៃ។ ឧទាហរណ៍ វាស្តាប់ទៅពិតជាអស្ចារ្យណាស់នៅពេលអ្នកបានឮគេនិយាយ អ្នកគួរឲ្យស្រឡាញ់ ស្អាត និងអស្ចារ្យ ប៉ុន្តែប្រសិនបើអ្នកមិនបានប្រាប់ខ្លួនឯងពីរឿងដូចគ្នានេះទេ តម្លៃរបស់អ្នកមានឬអត់ គឺអាស្រ័យតែមាត់អ្នកដទៃថាប៉ុណ្ណោះ។ 

«អ្នកនឹងមានអារម្មណ៍ថា ខ្លួនឯងកំពុងចុះចាញ់ពេលគេនិយាយថា Single អត់ល្អ ហើយនេះមិនមែនជាអារម្មណ៍ល្អទេសម្រាប់អ្នក។ ប៉ុន្តែនេះមិនមែនបានន័យថា Single វាអាក្រក់ទេ គឺមកពីអ្នកឲ្យតម្លៃ ហើយជឿតែសម្តីគេប្រាប់ពេក» លោកស្រី Carolin បញ្ជាក់បន្ថែម។

លោកស្រី Carolin លើកឡើងទៀតថា នៅពេលអ្នកជួបគូស្នេហ៍ដែលធ្វើឲ្យអ្នកខកចិត្ត អ្នកប្រហែលជាចែកផ្លូវគ្នា ហើយស្វែងរកគូស្នេហ៍ថ្មីដែលអ្នករំពឹងថា នឹងល្អជាងអ្នកចាស់។ ក៏ប៉ុន្តែវាមិនមែនសុទ្ធតែដូចការរំពឹងទុករបស់អ្នកទេ។ អ្នកថ្មីអាចនឹងមានចំណុចមួយចំនួនដែលធ្វើឲ្យអ្នកខកចិត្តជាថ្មី ហើយនេះជាដំណើរវិវត្តដដែលគ្មានទីបញ្ចប់។

លោកស្រី Carolin បានពន្យល់ថា វាពិតជាមានការលំបាកណាស់ក្នុងផ្តាច់ដំណើរទំនាក់ទំនងបែបនេះ។  ប៉ុន្តែវាអាចទៅរួច ដោយការផ្តាច់ខ្លួនរបស់អ្នកឲ្យនៅ Single ដើម្បីរង់ចាំឱកាសល្អ ជ្រើសរើសនរណាម្នាក់ដែលល្អស័ក្តិសមនឹងអ្នក។  នេះគឺដោយសារតែ ការអភិវឌ្ឍអារម្មណ៍ខ្លួនឯងឲ្យនៅឯករាជ្យពិតជាអាចជួយឲ្យអារម្មណ៍របស់អ្នកមានស្ថេរភាពកាន់តែខ្លាំង។

«បើអ្នកយល់ពីខ្លួនឯងជាមុន អ្នកនឹងអាចស្វែងយល់ពីអ្នកដទៃបានកាន់តែច្រើន។ អ្នកនឹងដឹងពីតម្រូវការ និងការរំពឹងទុកតាមការចង់បានរបស់អ្នក ហើយអ្នកនឹងយល់ថា ហេតុអ្វីបានជាមនុស្សមួយចំនួនទៀតចូលចិត្តធ្វើតាមរបៀបដែលពួកគេចង់ធ្វើ»។  លោកស្រី Carolin ពន្យល់បន្ថែម។ 

ការរៀនសូត្រស្វែងយល់ពីខ្លួនឯង នឹងជួយអ្នកនាពេលអនាគតនៅពេលដែលអ្នកមិនអាចរកឃើញនរណាម្នាក់ ដែលត្រឹមត្រូវ ឬស័ក្តិសមនឹងអ្នក។ អ្នកនឹងដឹងថា ទំនាក់ទំនងគឺជាការផ្តល់ឲ្យគ្នាទៅវិញទៅមក មិនមែនត្រឹមតែចាំទទួលផលទេ ហើយអ្នកនឹងមានអារម្មណ៍ថា មានទំនុកចិត្តកាន់តែច្រើនដោយសារតែអ្នកបានដឹងថា អ្នកអាចយកឈ្នះអ្នកដទៃដោយការជ្រើសរើសយកភាព Single ប្រសិនបើទំនាក់ទំនងណាមួយរបស់អ្នកវាមិនអាចទៅរួច៕

អត្ថបទដែលទាក់ទង៖

ប្រភព៖ Businessinsider 

X
5s