គោលការណ៍ដឹកនាំចំនួន ៧ ដែលអ្នកគួរប្រើសម្រាប់គ្រប់គ្រងក្នុងពេលជំងឺកូវីដ១៩រាតត្បាត
នៅក្នុងពេលដែលកំពុងកើតមានវិបត្ដិដូចជាជំងឺរាតត្បាតកូវីដ ១៩ ឆ្លងរីករាលដាលជុំវិញពិភពលោក អ្នកធ្វើការ មិត្តភ័ក្ដិ និងក្រុមគ្រួសារនៅក្នុងសហគមន៍ នឹងស្វែងរកការណែនាំពីស្ថាប័ន ឬនរណាម្នាក់ដែលមានឥទ្ធិពលសម្រាប់ការពារសុខភាពទប់ទល់នឹងជំងឺនេះ។ ដូច្នេះប្រសិនបើអ្នកជាអ្នកដឹកនាំល្អម្នាក់ តើអ្នកត្រូវធ្វើដូចម្ដេចនៅពេលជួបស្ថានភាពបែបនេះ? សូមពិនិត្យមើលគោលការណ៍ ៧ ចំណុចនេះ ហើយសាកល្បងអនុវត្តនៅក្នុងថ្ងៃនេះ។
- រក្សាចិត្តឲ្យស្ងប់មិនតក់ក្រហល់
មនុស្សគ្រប់គ្នា បុគ្គលិក អតិថិជន ដៃគូជំនួញ និងអ្នកផ្គត់ផ្គង់ របស់អ្នកជាដើម ពួកគេកំពុងទន្ទឹងរង់ចាំអ្នកក្នុងនាមជាអ្នកដឹកនាំលើគម្រោងការងារក្នុងស្ថាប័នទាំងមូល។ ភាពស្ងប់ស្ងាត់ ចិត្តត្រជាក់ មិនតក់ក្រហល់ នៅក្នុងស្ថានភាពដ៏លំបាក និងមិនប្រាកដប្រជានេះ បានធ្វើឲ្យពួកគេមានទំនុកចិត្ត និងភាពជឿជាក់មកលើអ្នក។ - បង្ហាញទំនុកចិត្ត
ការរក្សាចិត្តនៅស្ងប់ស្ងាត់មួយមុខមិនទាន់គ្រប់គ្រាន់ទេសម្រាប់អ្នក។ អ្នកត្រូវមាន ជំនឿជឿជាក់ថា អ្នកនឹងអាចមើលឃើញភាពជោគជ័យក្នុងកម្រិតណាមួយបើទោះបីជាមានផលប៉ះពាល់ដល់ក្រុមហ៊ុន ព្រមទាំង អ្នកពាក់ព័ន្ធទាំងអស់ដែលកំពុងពឹងផ្អែកលើការដឹកនាំរបស់អ្នកដើម្បីធ្វើឲ្យពួកគេអាចហែលឆ្លងកាត់គ្រាលំបាកនេះ និងអាចបន្តទៅមុខជាច្រើនខែទៀត។ - ការទំនាក់ទំនង
ការទំនាក់ទំនងគឺពិតជាសំខាន់ខ្លាំងណាស់ក្នុងនាមជាអ្នកដឹកនាំ។ អ្នកនឹងត្រូវទំនាក់ទំនងជាមួយមនុស្សគ្រប់ប្រភេទរាប់ចាប់តាំងពីអតិថិជន ដៃគូជំនួញ បុគ្គលិក និងអ្នកពាក់ព័ន្ធជាច្រើនទៀតដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក។ ក៏ប៉ុន្តែទំនាក់ទំនងនៅទីនេះមិនមែនមានន័យថា អ្នកគ្រាន់តែទំនាក់ទំនងប៉ុណ្ណោះទេ។ អ្នកត្រូវមានមានទំនាក់ទំនងប្រកបដោយយុទ្ធសាស្ត្រដែលមានសកម្មភាពយ៉ាងសកម្មជាងមុនពី ព្រោះនៅក្នុងគ្រាដ៏លំបាកនេះ ភាពស្ងប់ស្ងាត់របស់អ្នកដោយមិនបានប្រាស្រ័យទំនាក់ទំនង នឹងធ្វើការងាររបស់អ្នកបាត់បង់គុណភាព និងប្រសិទ្ធភាព។ - សហការ
ក្នុងនាមជាអ្នកដឹកនាំ អ្នកមិនអាចដឹងអ្វីៗគ្រប់យ៉ាងទាំងអស់នោះទេ ហើយក៏គ្មាននរណាម្នាក់អាចរំពឹងទុកបានមួយរយភាគរយថា អ្វីៗនឹងកើតឡើងដូចការរំពឹងទុករបស់អ្នក។ នេះគឺជាពេលវេលាដ៏ល្អមួយសម្រាប់អ្នកដើម្បីអំពាវនាវដល់បុគ្គលិក សមាជិកក្រុមការងារ និងដៃគូរួមគ្នាសហការធ្វើការងារឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជម្នះនូវភាពមិនប្រាកដប្រជា និងវិបត្តិដែលកំពុងប្រឈមមុខមួយនេះ។ ការសហការគ្នានឹងធ្វើឲ្យក្រុមការងារទាំងមូលអាចយកឈ្នះ លើភាពភ័យខ្លាច ហើយរក្សាបានស្ថិរភាពការងារល្អប្រសើរដដែល។ - សហគមន៍
មនុស្សគ្រប់គ្នារស់នៅក្នុងសហគមន៍មួយជាមួយគ្នា។ ស្ថាប័នមុខជំនួញ របស់អ្នកក៏ស្ថិតនៅក្នុងសហគមន៍តែមួយដូចគ្នា។ ហេតុដូច្នេះហើយការដឹកនាំរបស់អ្នកមិនមែនផ្ដល់ភាពគំរូត្រឹមតែនៅក្នុងស្ថាប័នរបស់អ្នកតែមួយប៉ុណ្ណោះ ទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីភាពជាគំរូមួយសម្រាប់សហគមន៍របស់អ្នកទាំងមូលផងដែរ។ នេះមានន័យថា ស្ថិតនៅក្រោមការដឹកនាំរបស់អ្នក ស្ថាប័នរបស់អ្នកគួរតែជាស្ថាប័នឈានមុខមួយក្នុងការដឹកនាំឲ្យមានភាពរីកចម្រើន ផ្ដល់ប្រយោជន៍ដល់សហគមន៍ និងគាំទ្រឲ្យមានការចែករំលែកឲ្យបានច្រើនដល់មនុស្សគ្រប់គ្នា។ - ការយោគយល់នៅក្នុងកាលៈទេសៈដ៏លំបាកនេះ
នៅក្នុងស្ថានភាពដ៏លំបាកនេះ ផលប្រយោជន៍របស់បុគ្គលិក ដៃគូជំនួញ និងអតិថិជនជាដើមនឹងទទួលរងផលប៉ះពាល់។ ពួកគេអាចនឹងលើកឡើងពីការព្រួយបារម្ភពីការរាតត្បាតនៃជំងឺនេះ ។ ពួកគេបារម្ភដល់សុខភាពរបស់ពួកគេ ពួកគេបារម្ភមនុស្សជាទីស្រលាញ់របស់ពួកគេ។ ហេតុដូច្នេះពួកគេអាចស្នើសុំមានការយោគយល់ពីអ្នកដោយការសុំអនុញ្ញាតធ្វើការពីផ្ទះជាដើមដើម្បីសុវត្ថិភាពរបស់ពួកគេ។ អ្នកត្រូវពិភាក្សាលើបញ្ហានេះដោយបើកចំហថាតើ អ្នកគួរដោះស្រាយបែបណាចំពោះស្ថានភាពនេះ? - បញ្ហាលុយកាក់
បញ្ហាសំខាន់បំផុតមួយ ទៀតដែលគ្រប់ស្ថាប័នទាំងអស់ត្រូវយកចិត្តទុកដាក់នោះគឺ លុយ។ លុយគឺជាស្តេចនៅពេលដែលមានវិបត្តិកំពុងកើតឡើង ហើយអ្វីៗគ្រប់យ៉ាងអាចបន្តដង្ហើមទៅមុខបានយូរប៉ុណ្ណា គឺអាស្រ័យថា លើសុខភាពហិរញ្ញវត្ថុរបស់អ្នក។ យ៉ាងណាមិញបុគ្គលិក អ្នកផ្គត់ផ្គង់ និងអតិថិជនរបស់អ្នក ពឹងផ្អែកទាំងស្រុងលើការដឹកនាំរបស់អ្នក ហេតុដូច្នេះហើយជីវិតហិរញ្ញវត្ថុរបស់អ្នកបានយូរអង្វែងប៉ុណ្ណាគឺអាស្រ័យលើសមត្ថភាពដឹកនាំរបស់អ្នកដោយកំណត់ថា អ្នកនឹងចាត់ចែងវាដល់កម្រិតណា៕
អត្ថបទទាក់ទង៖
- សូមឆ្លើយ ៧ សំណួរនេះសិនមុនសម្រេចចិត្តថា «គួរនៅបន្ត ឬផ្តាច់ចំណងមិត្តភាព» របស់អ្នកចោល?
- ៦០% អ្នកឆ្លង COVID មិនបញ្ចេញរោគសញ្ញា តែអត្រាចម្លងទៅអ្នកដទៃខ្ពស់បំផុត
- ក្សត្រ វីជីរ៉ាឡុងកន ជួលសណ្ឋាគារផ្កាយ៤ ជាមួយស្រីស្នំ២០នាក់ នៅអាឡឺម៉ង់ ខណៈប្រទេសកំពុងវឹកវរកូវីដ១៩
ប្រភព៖ Weforum