សាហាវជាងកូវីដ ឃាតករលាក់មុខទាំង ៥នេះសម្លាប់មនុស្សច្រើនជាងគេលើពិភពលោក
ជំងឺកូវីដ១៩ ដែលបង្កដោយវីរុសកូរ៉ូណាថ្មី ក្នុងរយៈពេលប៉ុន្មានខែសោះបានឆ្លងដល់មនុស្សជាង ១,៦លាននាក់ទូទាំងពិភពលោក ហើយមនុស្សជាង ៩,៥ម៉ឺននាក់បានបាត់បង់ជីវិតបើគិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ បើទោះបីជាមានការអន្តរាគមដើម្បីកាត់បន្ថយការឆ្លង ប៉ុន្តែនាពេលបច្ចុប្បន្ននេះមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលជំងឺរាតត្បាតសកលមួយនេះនៅឡើយទេ។
បើទោះបីកូវីដ១៩ កំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងនាពេលបច្ចុប្បន្នដែលបានចម្លងនិងធ្វើឲ្យមនុស្សស្លាប់ច្រើនជាងគេ តែអ្នកកុំភ្លេចថាមានជំងឺសាហាវដទៃទៀតដែលកំពុងនៅជុំវិញខ្លួនអ្នក។
ជំងឺសាហាវៗជាច្រើនបង្កឡើងដោយសរីរាង្គមានជីវិតដែលបង្ហជំងឺផ្សេងៗដូចជា បាក់តេរី វីរ៉ុស បារ៉ាស៊ីត និងពពួកផ្សិតមួយចំនួនទៀត។ ជួនកាលការឆ្លងរបស់ជំងឺសាហាវមួយអាចបង្កជាជំងឺរាតត្បាតសកលដែលសម្លាប់ប្រជាជនរាប់លាននាក់ក៏មាន។ ជាក់ស្ដែងជំងឺគ្រុនកូនកណ្ដុរ ( bubonic plague) នាសតវត្សរ៍ទី១៤ បានសម្លាប់មនុស្ស ៥០លាននាក់នៅអ៊ឺរ៉ុប និងជំងឺផ្ដាសាយអេស្ប៉ាញ (Spanish Flu) ដែលឆ្លងដល់មនុស្ស១ភាគ៣នៃពិភពលោក។
ក្រៅពីជំងឺកូវីដ១៩ និងជំងឺរៀបរាប់ខាងលើ តើមានជំងឺរាតត្បាតណាខ្លះដែលសហាវសម្លាប់មនុស្សមិនរើសមុខ?
- ជំងឺរបេង (Tuberculosis)
មនុស្សប្រហែល១០លាននាក់ធ្លាក់ខ្លួនឈឺដោយសារជំងឺរបេង (Tuberculosis) ក្នុងឆ្នាំ២០១៨ នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) និងមនុស្ស ១,៥លាននាក់បានស្លាប់។ បើទោះបីវាអាចព្យាបាល និងការពារបានក្ដី ជំងឺរបេងនៅតែជាឃាតករលាក់មុខសម្លាប់មនុស្សមិនរើសមុខ ជាប់ចំណាត់ថ្នាក់ក្នុងចំំណោមជំងឺសម្លាប់មនុស្សទាំង១០ ក្នុងពិភពលោក។ - ជំងឺកញ្ច្រិល (Measles)
កញ្ច្រិលគឺជាជំងឺឆ្លងដ៏សាហាវមួយ ដែលវាបង្កឡើងដោយវីរុសនិងឆ្លងតាមរយៈការក្អក កណ្ដាស់ និងការប៉ះពាល់ផ្ទាល់។ វីរុសនេះអាចរស់នៅក្នុងខ្យល់បាន២ម៉ោង ហើយមនុស្ស៩០ភាគរយដែលនៅក្បែរអ្នកជំងឺនេះនឹងអាចឆ្លងប្រសិនបើគ្មានប្រព័ន្ធការពាររាងកាយរឹងមាំ។ ក្នុងប្រទេសកំពុងអភិវឌ្ឍជាពិសេសទ្វីបអាហ្រ្វិក និងអាស៊ី របេងគឺនៅតែជាឃាតករ ដែលសម្លាប់មនុស្ស ១៤០ ០០០នាក់ក្នុងឆ្នាំ២០១៨។ - ជំងឺគ្រុនចាញ់ ( Malaria)
ក្នុងឆ្នាំ២០១៨ គេរកឃើញថាមានអ្នកផ្ទុកជំងឺគ្រុនចាញ់ប្រមាណ២២៨លាននាក់ទូទាំងពិភពលោក ក្នុងនោះអ្នកស្លាប់មាន ៤០៥ ០០០នាក់ ដោយភាគច្រើននៃអ្នកទាំងនេះគឺនៅក្នុងទ្វីបអាហ្រ្វិក ជាពិសេសកើតលើកុមារអាយុក្រោម៥ឆ្នាំ។ - ជំងឺគ្រុនផ្ដាសាយធំ ( Influenza)
អង្គការសុខភាពពិភពលោក (WHO) បានព្យាករណ៍ថាមនុស្ស ៣ទៅ៥លាននាក់មានផ្ទុកជំងឺគ្រុនផ្ដាសាយ ហើយមនុស្សរហូតដល់ ៦៥០ ០០០នាក់បានស្លាប់ដោយសារឃាតករមួយនេះក្នុងមួយឆ្នាំ។ ក្រុមមនុស្សដែលប្រឈមមុខនឹងជំងឺគ្រុនផ្ដាសាយខ្លាំងជាងគេគឺស្ដ្រីមានផ្ទៃពោះ មនុស្សចាស់ និងមនុស្សដែលមានសុខភាពខ្សោយ។ - ជំងឺរាគរូស (Diarrhoeal disease)
ជំងឺរាគរូស បានឆក់យកជីវិតកុមារអាយុក្រោម៥ឆ្នាំប្រមាណ ៥២៥ ០០០នាក់ រៀងរាល់ឆ្នាំ។ រាគរូសគឺជាឃាតករទី២ដែលសម្លាប់កុមារច្រើនជាងគេ។ ជំងឺនេះបង្កឡើងដោយកង្វះអនាម័យ ម្ហូបអាហារ និងទឹកមិនស្អាតជាដើម។ អង្គការសុខភាពពិភពលោក (WHO) ថ្លែងថាមនុស្ស ៧៨០លាននាក់ទូទាំងពិភពលោកខ្វះទឹកស្អាតប្រើប្រាស់ និងមនុស្ស២,៥ពាន់លាននាក់កង្វះអនាម័យ៕
ប្រភពរូប៖ World Economic Forum
អត្ថបទទាក់ទង៖
- តើអ្នកដឹងពីភាពខុសគ្នារវាងជំងឺកូវីដ១៩ ផ្តាសាយទូទៅ និងគ្រុនផ្តាសាយធំ ហើយឬនៅ?
- មិនមែនជាលើកទី១ទេ! ប្រវត្តិសាស្រ្តជំងឺរាតត្បាតឬជំងឺឆ្លង មានតាំងពីពាន់ឆ្នាំមុនមកម្លោះ
- ព្រះតេជគុណ គូ សុភាព៖ វិធីសាស្ត្រ ៤យ៉ាងការពារអ្នកពីជំងឺបាក់ទឹកចិត្ត
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ World Economic Forum