ព្រះ​តេជគុណ គូ សុភាព៖ ​វិធីសាស្ត្រ ៤យ៉ាង​ការ​ពារ​អ្នក​ពី​ជំងឺ​បាក់​ទឹកចិត្ត​



ជំងឺ​បាក់ទឹកចិត្ត​ជា​ជំងឺ​ធ្ងន់ធ្ងរ​និង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ជា​រឿយៗ​អ្នក​ជំងឺ​តែង​តែ​គិត​ផ្លូវ​អវិជ្ជមាន រហូត​ឈាន​ដល់​ការ​សម្លាប់​ខ្លួន និង​ពេល​ខ្លះ​ទៀត​អាច​ឈាន​ដល់​អំពើ​ឃាតកម្ម​ផង។ ជា​ការ​ចែក​រំលែក​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​សុខភាព​លើ​ប្រធានបទ "ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​ជំងឺ​ថប់អារម្មណ៍" ព្រះ​តេជគុណ គូ សុភាព បាន​ចែក​រំលែក​វិធីសាស្ត្រ​ក្នុង​ផ្លូវ​ធម៌ ​៤​ចំណុច អាច​ការពារ​យើង​ពី​ជំងឺ​បាក់​ទឹក​ចិត្ត។  ព្រះ​តេជគុណ មាន​សង្ឃដីកា​ថា ប្រសិន​បើ​យើង​មិន​ចង់​កើត​ជំងឺ​ផ្លូវ​ចិត្ត​ យើង​ត្រូវ​ស្វែងរក​សុខ​ឲ្យ​ខ្លួន​ឯង៖ 

ទី១ សុខ​ព្រោះ​មាន​ទ្រព្យ (អត្ថិ​សុខ)៖ មាន​ការងារ​ល្អ​ធ្វើ មាន​មុខរបរ​ត្រឹម​ត្រូវ អាច​ឲ្យ​យើង​ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ​ នោះ​យើង​នឹង​មិន​ពិបាក​ចិត្ត​ និង​ខ្វល់ខ្វាយ​ច្រើន​លើ​បញ្ហា​ជីវភាព ដែល​ជា​ដើម​ហេតុ​នាំ​ឲ្យ​កើត​ទុក​កង្វល់​ និង​នាំ​ឲ្យ​យើង​ធ្លាក់​ឈាន​ចូល​ដល់​ជំងឺ​បាក់​ទឹកចិត្ត។ ប៉ុន្តែ​ការ​រក​ថវិកា​នេះ​ទៀត​សោត​ យើង​ត្រូវ​ចេះ​ស្កប់ស្កល់​និង​ព្រម​សម្រាប់​សមត្ថភាព​ខ្លួនឯង​ មិន​ត្រូវ​មាន​សេចក្ដី​ច្រណែន​ប្រៀបធៀប​នឹង​អ្នក​ដទៃ​នោះ​ទេ។

ទី២ សុខ​ព្រោះ​ប្រើ​ទ្រព្យ​ត្រឹមត្រូវ (ភោគ​សុខ)៖ កុំ​យក​លុយ​ដែល​រក​បាន​ទៅ​លេងល្បែង​ និង​ធ្វើ​រឿង​អបាយមុខ​ផ្សេងៗ។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ចេះ​គិត​ ទិញ​តែ​របស់​ណា​ដែល​ចាំបាច់​សម្រាប់​ប្រើ​បាន​ហើយ កុំ​ចំណាយ​ខ្ជះខ្ជាយ​ដើម្បី​តែ​បង្អួត​អ្នក​ដទៃ។ មួយ​វិញ​ទៀត​បរិយាកាស​នៅ​ក្នុង​ផ្ទះ រៀបចំ​របស់របរ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់ បើក​បង្អួច​ឲ្យ​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់។

ទី៣ សុខ​ព្រោះ​មិន​ជំពាក់​បំណុល​គេ (អនណ​សុខ)៖ គិត​ពី​តុល្យភាព​ចំណូល​ចំណាយ បើ​ខ្ចី​គេ​ខ្ចី​ល្មម​សមរម្យ​។ លោក មហាសេដ្ឋី​លេខ​១​លើ​ពិភព​លោក​បាន​និយាយ​ថា ជា​ការ​ល្អ​បំផុត​ប្រសិន​បើ​យើង​រកស៊ី​ដោយ​មិន​ជំពាក់​អ្នក​ដទៃ ហើយ​បើ​ទោះ​ជា​ជំពាក់​ក៏​គួរ​ជំពាក់​ក្នុង​កម្រិត​សម​ល្មម។

ទី៤ សុខ​ព្រោះ​មិន​បាន​សាង​កំហុស (អនវជ្ជសុខ)៖ កុំ​សាង​អំពើ​ល្មើស​ច្បាប់ ទាំង​ផ្លូវ​កាយ​នឹង​ផ្លូវ​ចិត្ត​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ។ កាល​ណា​យើង​មិន​បាន​សាង​អាក្រក់ យើង​នឹង​មិន​មាន​អារម្មណ៍​ភ័យ​ខ្លាច​នោះ​ទេ ដូច្នេះ​ផ្លូវ​ចិត្ត​របស់​យើង​នឹង​ស្ងប់​ ហើយ​មាន​អារម្មណ៍​ល្អ។ មាន​កាយ​ទុក្ខ​ជួយ​អ្នក​ដទៃ មាន​មាត់​ ទុក​ពោល​ពាក្យ​មាន​ប្រយោជន៍ និង​មាន​ចិត្ត​គិត​រឿង​ត្រឹមត្រូវ៕

រូបភាព៖ Kou Sopheap

ដោយ៖ ជួប ស្រីរ័ត្ន

X
5s