មហាសេដ្ឋីវ័យ២៩ឆ្នាំអង់គ្លេសបរិច្ចាគប្រាក់ជាង ១២លានដុល្លារដល់ប្រទេសខ្លួនក្នុងគ្រាកូវីដ១៩​



មហាសេដ្ឋីអង់គ្លេសលោក Hugh Grosvenor បរិច្ចាគទឹកប្រាក់ប្រមាណ ១២,៥ លានដុល្លារអាមេរិក ទៅដល់កិច្ចខិតខំប្រឹងប្រែងក្នុងការទប់ទល់នឹងជំងឺរាតត្បាតកូវីដ១៩ក្នុងប្រទេសខ្លួន ដែលទឹកប្រាក់នេះបន្ថែមពីលើទឹកប្រាក់ ៣,១លានដុល្លារដែលលោកបានបរិច្ចាគកាលពីខែមុន។ នេះបើយោងតាមកាសែត CNN។

មហាសេដ្ឋីវ័យ២៩ឆ្នាំរូបនេះធ្វើការផ្ដល់ទឹកប្រាក ៦,២ លានដុល្លារទៅដល់សប្បុរសធម៌ NHS ( NHS Charities Together ) ដើម្បីបង្កើតមូលនិធិក្នុងការជួយដល់បុគ្គលិកក្នុងសេវាសុខភាពជាតិ (National Health Service) និងក្រុមគ្រួសាររបស់ពួកគេ នេះបើយោងតាមមូលនិធិ Westminster Foundation ។ 

លោក Grosvenor បានមានប្រសាសន៍ថា៖ «តាងនាមជំនួយឲ្យក្រុមគ្រួសារនិងបុគ្គលិករបស់  Grosvenor Estate ខ្ញុំចង់និយាយថាអរគុណយ៉ាងធំធេងទៅដល់បុគ្គលិក NHS និងអ្នករាល់គ្នាដែលកំពុងជួយផ្នែកជួរមុខ។ យើងដាក់ចិត្តដាក់កាយនិងមានការដឹងគុណជាខ្លាំងដែលអ្នកទាំងអស់គ្នាខិតខំធ្វើការដោយគ្មានការនឿយហត់ដើម្បីសុវត្តិភាពនិងជួយប្រទេសជាតិក្នុងទប់ទល់នឹងជំងឺនេះ»។

ក្នុងនោះដែរ ទឹកប្រាក់ ៣,៨លានដុល្លារ នឹងត្រូវប្រគល់ជូនក្រុមស្រាវជ្រាវនិងអភិវឌ្ឍវិជ្ជសាស្រ្តពាក់ព័ន្ធនឹងវីរុសកូរ៉ូណា និងទឹកប្រាក់ ២,៥លានដុល្លារ នឹងប្រគល់ជូនអង្គការនិងសប្បុរសធម៌នានាដើម្បីជួយប្រជាជនដែលកំពុងប្រឈមមុខនឹងវិបត្តសេដ្ឋកិច្ចនិងផលប៉ះពាល់សង្គមដោយសារជំងឺកូវីដ១៩។

កាលពីខែមីនាកន្លងទៅ មហាសេដ្ឋីអង់គ្លេសរូបនេះបានបរិច្ចាគទឹកប្រាក់ ៣,១លានដុល្លារទៅដល់សប្បុរសធម៌ដែលជួយគ្រួសារដែលត្រូវការម្ហូបអាហារក្នុងគ្រាកូវីដ១៩នេះ។

គួរឲ្យដឹងផងដែរថា លោក Hugh Grosvenor គឺជាមហាសេដ្ឋីវ័យ២៩ឆ្នាំ ដែលជាប់លើតារាងមហាសេដ្ឋីលេខរៀងទី ១០២ របស់  Bloomberg Billionaires Index ដោយមានទ្រព្យសម្បត្តិសរុប ១២,៧ ពាន់លានដុល្លារអាមេរិក។ 

លោក Hugh Grosvenor កាន់កាប់ក្រុមហ៊ុនអចលនទ្រព្យរបស់គ្រួសាររបស់លោក Grosvenor Group ដែលមានជាង៦០ប្រទេសទូទាំងពិភពលោក៕

អត្ថបទទាក់ទង៖ 

ដោយ៖ លង់ វណ្ណៈ

 

X
5s