មកមើលមុខមហាសេដ្ឋីល្បីៗ៩រូប បានបរិច្ចាគប្រាក់ម្នាក់ៗប៉ុន្មានដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩?
នៅអំឡុងពេលជំងឺកូវីដ ១៩ កំពុងវាយលុកកាន់តែខ្លាំងនៅលោកខាងលិច មានមហាសេដ្ឋីល្បីល្បាញជាច្រើនជុំវិញពិភពលោកបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនជាបន្តបន្ទាប់។ មហាសេដ្ឋីខ្លះបានផ្តល់ថវិកាសម្រាប់ជួយអ្នកជំងឺដែលរងគ្រោះដោយជំងឺនេះ មហាសេដ្ឋីខ្លះទៀតបានជួយទាំងលុយកាក់ និងសម្ភារៈព្យាបាល ខណៈដែលមហាសេដ្ឋីខ្លះទៀតបានជួយផ្តល់ថវិកាសម្រាប់ការស្រាវជ្រាវរុករកវ៉ាក់សាំងបង្ការជំងឺនេះ។
នៅខាងក្រោមនេះ Bizkhmer សូមណែនាំ ប្រិយមិត្តមកមើលទឹកប្រាក់បរិច្ចាគរបស់មហាសេដ្ឋីចំនួន ៩រូបដូចតទៅនេះ៖
១.មហាសេដ្ឋីអាមេរិកលោក Bill Gates និងភរិយា
លោក Bill Gates ដែលជាស្ថាបនិកនៃមូលនិធិ Bill & Melinda Gates Foundation បានបរិច្ចាគថវិកាចំនួន ១០០ លានដុល្លារតាមរយៈមូលនិធិរបស់លោកមួយនេះដើម្បីជួយស្វះស្វែងរកមធ្យោបាយជួយទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
ប្រភពរូបភាព៖ thetechnews
២.មហាសេដ្ឋីអាមេរិកលោក Michael Dell
លោក Michael Dell ដែលជាស្ថាបនិកក្រុមហ៊ុន Dell Technologies និងភរិយារបស់លោកគឺលោកស្រី Susan Dell បានបរិច្ចាគថវិកាចំនួន ១០០ លានដុល្លារតាមរយៈមូលនិធិសប្បុរសធម៌របស់អ្នកទាំងពីរដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃជំងឺកូវីដ ១៩នេះ។
ប្រភពរូបភាព៖ answersafrica
៣.មហាសេដ្ឋីអាមេរិកលោក Michael Bloomberg
លោក Michael Bloomberg ដែលជាម្ចាស់ក្រុមហ៊ុនជាច្រើន និងជាសហស្ថាបនិករបស់ក្រុមហ៊ុន Bloomberg L.P. Bloomberg Philanthropies ប្រកាសថា នឹងបរិច្ចាគថវិកាចំនួន ៤០ លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះនៅតំបន់អាហ្វ្រិក និងបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមនៅជុំវិញពិភពលោក។
ប្រភពរូបភាព៖ wtnh
៤.មហាសេដ្ឋីអាមេរិកលោក Mark Zuckerberg និងភរិយា Priscilla Chan
ស្ថាបនិកក្រុមហ៊ុន Facebook រូបនេះបានផ្ដួចផ្ដើមបង្កើតមូលនិធិមួយជាមួយភរិយាដែលមានឈ្មោះថា Chan Zuckerberg Initiative ដែលនឹងបរិច្ចាគទឹកប្រាក់ ៣០ លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។
ប្រភពរូបភាព៖ cnbc
៥.មហាសេដ្ឋីអាមេរិកលោក Steve Ballmer
លោក Steve Ballmerអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft និងជាម្ចាស់ក្លឹបបាល់បោះអាមេរិក Los Angeles Clippers បានបរិច្ចាគទឹកប្រាក់ ២៥ លានដុល្លារសម្រាប់ព្យាបាលអ្នកជំងឺដែលស្ថិតនៅទីក្រុង Michigan, Los Angeles, និងក្រុង Seattle។
ប្រភពរូបភាព៖ Cambodia Property
៦.មហាសេដ្ឋីអាមេរិកលោក Jeff Bezos
លោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុនអនឡាញយក្សដ៏ល្បីល្បាញ Amazon បានបរិច្ចាគទឹកប្រាក់ ២៥ លានដុល្លារសម្រាប់ចាប់ផ្តើមបង្កើតមូលនិធិ Amazon Relief Fund នៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១០នេះ។
ប្រភពរូបភាព៖ The Sun
៧.មហាសេដ្ឋីចិនលោក Jack Ma
សហស្ថាបនិក និងជាអតីតប្រធានក្រុមហ៊ុន Alibaba Group បានសន្យាផ្តល់ប្រាក់ចំនួន ១៤ លានដុល្លារតាមរយៈមូលនិធិ Ma Foundationរបស់លោកដើម្បីជួយអភិវឌ្ឍវ៉ាក់សាំងការពារមេរោគកូវីដ១៩។ ទន្ទឹមនឹងនេះលោកក៏បានផ្តល់ជំនួយឧបករណ៍ធ្វើតេស្តចំនួន ១,១ លានឈុត ម៉ាស់ ៦ លានម៉ាស់ និងសំលៀកបំពាក់ពេទ្យ ៦០.០០០ ឈុត និងរបាំងគ្របមុខដល់ប្រទេសចំនួន ៥៤ នៅតំបន់អាហ្វ្រិក។ ក្រៅពីនេះ លោកបានផ្ដល់ឧបករណ៍ធ្វើតេស្តចំនួន ៥០០.០០០ ឈុត និងរបាំងគ្របមុខចំនួន ១ លានទៅឲ្យសហរដ្ឋអាមេរិក និងចំនួន ១ លានទៀតទៅប្រទេសជប៉ុន។ ជាមួយគ្នានេះលោកក៏បានផ្ដល់ម៉ាស់ ១,៨ លានម៉ាស់ទៅតំបន់អឺរ៉ុប និងឧបករណ៍ធ្វើតេស្តចំនួន ១០០,០០០ ឈុត។
ប្រភពរូបភាព៖ China Daily
៨.មហាសេដ្ឋីចិនលោក Li Ka Shing
លោក Li Ka Shing ជាមហាសេដ្ឋីអចលនទ្រព្យដ៏ល្បីល្បាញរបស់ចិន និងជាប្រធានមូលនិធិលីកាស៊ីងបានបរិច្ចាគថវិកាចំនួន ១៣ លានដុល្លារដើម្បីជួយដល់បុគ្គលិកពេទ្យជួរមុខនៅទីក្រុងវូហាន។
ប្រភពរូបភាព៖ wsj
៩.មហាសេដ្ឋិនី Oprah Winfrey
មហាសេដ្ឋីនីផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកគឺលោកស្រី Oprah Winfrey បានសន្យាផ្តល់ប្រាក់ចំនួន ១០ លានដុល្លារដើម្បីជួយប្រជាជនអាមេរិកដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩នេះ នៅទូទាំងប្រទេស និងនៅស្រុកកំណើតរបស់លោកស្រីតែម្ដង៕
ប្រភពរូបភាព៖ wclick2houston
អត្ថបទទាក់ទង៖
- ការពិតទាំង ០៩របស់មហាសេដ្ឋី Warren Buffett អ្នកប្រហែលមិនទាន់ដឹង
- តើមហាសេដ្ឋីពិភពលោកភាគច្រើនចេញពីប្រភពណាខ្លះ?
ដោយ៖ ណារិន
ប្រភព៖ barrons