IFC៖ មនុស្ស១១លាននាក់នៅអាស៊ីនឹងធ្លាក់ក្នុងភាពក្រីក្រ ដោយសារបាត់បង់ការងារក្នុងគ្រាកូវីដ១៩
ជំងឺរាតត្បាតកូវីដ១៩ អាចនឹងបំផ្លាញកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រដែលមានរយៈពេល ២ទសវត្សរ៍មកនេះក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយសារតែវាបានគំរាមកំហែងដល់សេដ្ឋកិច្ចសកលដែលធ្វើឲ្យមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ដែលជាស្ថាប័នផ្ដល់សេវាកម្មហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនឯកជនក្នុងប្រទេសកំពុងអភិវឌ្ឍ។
ស្ថាប័នសមាជិកតែមួយជាមួយធនាគារពិភពលោក (World Bank) មួយនេះគ្រោងនឹងបោះទឹកប្រាក់ ៨លានលានដុល្លារ (ទ្រីលាន) ក្នុងកម្មវិធីផ្សេងៗបង្កើតឡើងដើម្បីជួយសហគ្រាសខ្នាតតូចនិងមធ្យម (SMEs) ក្នុងប្រទេសកំពុងអភិវឌ្ឍ ដែលកំពុងទទួលរងការវាយប្រហារពីជំងឺកូវីដ១៩។
លោក Vivek Pathak ប្រធានប្រចាំតំបន់អាស៊ីខាងត្បូងនិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា ទឹកប្រាក់ប្រមាណ ៩៦ពាន់លានដុល្លារ (ប៊ីលាន) បានហូរចេញពីប្រទេសក្នុងតំបន់អាស៊ីចាប់ពីចុងខែមករាមក ក្នុងនោះវិស័យទេសចរណ៍ ដែលជាវិស័យចំបងរបស់ប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតក្នុងតំបន់កំពុងជិតស្លាប់ក្នុងពេលនេះ។
«ក្ដីព្រួយបារម្ភធំជាងគេរបស់ពួកយើងគឺការបាត់បង់ការងារ។ ប្រសិនបើស្ថានភាពនៅតែបន្តនឹងកាន់តែយ៉ាប់យឺន នោះប្រជាជនជិត១១លាននាក់នឹងធ្លាក់ក្នុងស្ថានភាពក្រីក្រ» លោក Vivek Pathak បានមានប្រសាសន៍បន្ថែម។
មនុស្ស ១១លាននាក់ បន្ថែមពីចំនួន២៤លាននាក់ដែលធនាគារពិភពលោកបានព្យាករណ៍ មិនអាចគេចផុតពីការធ្លាក់ក្នុងស្ថានភាពក្រីក្រក្នុងតំបន់អាស៊ីខាងត្បូង និងតំបន់ប៉ាស៊ីហ្វិកក្នុងឆ្នាំនេះដោយសារតែជំងឺរាតត្បាតកូវីដ។
កាលពីថ្ងៃអង្គារកន្លងទៅ មូលនិធិរូបិវត្ថុអន្តរជាតិ ( International Monetary Fund ) បានឲ្យដឹងថាសេដ្ឋកិច្ចពិភពលោកនឹងទំនងជាជួបនឹងបទពិសោធន៍នៃការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន បើគិតចាប់ពីការធ្លាក់ចុះសេដ្ឋកិច្ចឆ្នាំ១៩២៩ ដល់១៩៣៩ និងវិបត្តហិរញ្ញវត្ថុឆ្នាំ២០០៨មក។
លោកស្រី Gita Gopinath សេដ្ឋកិច្ចវិទូរបស់ IMF បានមានប្រសាសន៍ក្នុងវេទិកា ចក្ខុវិស័យសេដ្ចកិច្ចពិភពលោក (World Economic Outlook) ថា៖ «ការប្រសើរឡើងវិញនូវផ្នែកមួយចំនួននឹងកើតឡើងក្នុងឆ្នាំ២០២១ ប៉ុន្តែផលិតផលក្នុងស្រុកសរុប (GDP) នៅតែមានកម្រិតទាបជាងមុនពេលមានការផ្ទុះជំងឺកូវីដ១៩ដដែល»។
ដំបូងក្នុងខែមីនា កម្មវិធីរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (IFC) បានផ្ដល់ទឹកប្រាក់ប្រមាណ ៦ ពាន់លានដុល្លារ (ប៊ីលាន) ទៅដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានាដើម្បីជួយផ្គត់ផ្គង់ហិរញ្ញវត្ថុទៅដល់ SMEs។
ជាឧទាហរណ៍ ស្ថាប័ននេះ បានបន្ថែមទឹកប្រាក់ ២៩៤លានដុល្លារ ទៅដល់ធនាគារចំនួន ៤នៅប្រទេសវៀតណាមកាលពីខែមុនដើម្បីឲ្យធនាគារទាំងនោះផ្ដល់ប្រាក់កម្ចីទៅដល់ក្រុមហ៊ុនទាំងឡាយណាដែលត្រូវការហិរញ្ញវត្ថុខណៈការផ្ទុះជំងឺដ៏សាហាវមួយនេះ។
ជាមួយគ្នាដែរ ស្ថាប័នអន្តរជាតិមួយនេះផ្ដល់ទឹកប្រាក់ ២ពាន់លានដុល្លារអាមេរិកដើម្បីផ្គត់ផ្គង់ហិរញ្ញវត្ថុទៅដល់ ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម កសិកម្ម និងក្រុមហ៊ុនបម្រើការវាសេវាកម្មដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតសកលនេះ។ IFC ក៏នឹងផ្ដល់ប្រាក់កម្ចីទៅដល់ក្រុមហ៊ុនទាំងនោះផងដែរ ហើយបើចាំបាច់ស្ថាប័ននេះនឹងធ្វើការវិនិយោគភាគហ៊ុនក្នុងក្រុមហ៊ុនទាំងនោះផងដែរ។
គួរឲ្យដឹងផងដែរថា International Finance Corporation គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលផ្ដល់ការវិនយោគ ការប្រឹក្សា និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិក្រុមហ៊ុន ដើម្បីជួយការអភិវឌ្ឍវិស័យឯកជនក្នុងប្រទេសកំពុងអភិវឌ្ឍ។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះគឺជាសមាជិករបស់ គ្រុបធនាគារពិភពលោក (World Bank Group ) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក៕
អត្ថបទទាក់ទង៖
- កូវីដ១៩៖ ស្ថានភាពអាសន្នរបស់ប្រទេសជប៉ុន បានបន្តពាសពេញប្រទេសហើយ
- លទ្ធផលស្រាវជ្រាវ៖ អាមេរិកអាចត្រូវអនុវត្តន៍គម្លាតសុវត្ថិភាពដល់២០២២ បើវ៉ាក់សាំងអត់មាន
- ទីក្រុងញូយ៉ក៖ បុគ្គលិកអប់រំ៥០នាក់ ក្នុងនោះគ្រូបង្រៀន២១នាក់បានស្លាប់ដោយសារកូវីដ១៩
ដោយ៖ លង់ វណ្ណៈ