ដំបូន្មានសុខភាពថ្មី ៣ ទាក់ទងនឹងជំងឺកូវីដ១៩ អ្នកត្រូវដឹង​



អ្នកដឹងហើយថាកូវីដ១៩អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការក្អក កណ្ដាស់ ដែលនេះបញ្ចេញនូវតំណក់ទឹកតូចៗដែលផ្ទុកវីរុសមួយនេះ និងវាអាចហោះបានចម្ងាយជាង ១ម៉ែត្រក្នុងខ្យល់ពីអ្នកជំងឺទៅអ្នកដទៃ ឬទំជាប់នឹងផ្ទៃវត្ថុផ្សេងៗ។ វីរុសកូរ៉ូណាអាចរស់នៅលើផ្ទៃវត្ថុផ្សេងៗបានច្រើនម៉ោង ដោយនេះងាយបង្កការឆ្លងទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទៃវត្ថុទាំងនោះ។

ការរក្សាអនាម័យគឺសំខាន់ខ្លាំងណាស់ក្នុងការកាត់បន្ថយនិងការពារការឆ្លងវីរុសនេះ។ ដើម្បីការពារខ្លួនអ្នក និងអ្នកដទៃ អ្នកគួរជៀសវាងការប៉ះពាល់មាត់ ច្រមុះ ភ្នែក លាងដៃជាប្រចាំ យកក្រដាសអនាម័យឬកែងដៃបិតមាត់ពេលក្អកឬកណ្ដាស់ រក្សគម្លាតសង្គម (Social distancing) ជាដើម។ ប្រសិនបើមានរោគសញ្ញាគ្រុនក្ដៅ ផ្ដាសាយ ពិបាកដកដង្ហើមជាដើម ត្រូវនៅផ្ទះនិងជៀសវាងការប៉ះពាល់អ្នកដទៃ និងត្រូវជួបគ្រូពេទ្យបន្ទាន់។ 

ខណៈវីរុសនេះបានឆ្លងរាលដាលទូទាំងពិភពលោក ដំបូន្មានសុខភាពផ្សេងៗក៏ត្រូវបានរកឃើញផងដែរ។ ខាងក្រោមនេះគឺជាដំបូន្មានថ្មីៗចំនួន០៣ ដែលអ្នកត្រូវដឹង៖

១) ការជក់បារីនិងពិសារស្រា
អង្គការសុខភាពពិភពលោកបានព្រមានអំពីហានិភ័យនៃការពិសារគ្រឿងស្រវឹង ដោយវាអាចបង្កើននូវហានិភ័យអវិជ្ជមានចំពោះសុខភាព ប្រសិនបើអ្នកមានឆ្លងជំងឺកូវីដ១៩ ដោយធ្វើឲ្យប្រព័ន្ធភាពស៊ាំរាងកាយរបស់អ្នកចុះខ្សោយ ដូចនេះវាកាត់បន្ថយសមត្ថភាពក្នុងការទប់ទល់ជាមួយវីរុសឆ្លងផ្សេងៗ។ 

បន្ថែមពីនេះទៀត ការជក់បារីក៏បង្កហានិភ័យខ្ពស់ដែរ ដោយនៅពេលអ្នកជក់បារីម្រាប់ដៃរបស់អ្នកកាន់កន្ទុយបារី ដែលនេះអាចបង្កឲ្យមានការឆ្លងយ៉ាងងាយស្រួល។ អ្នកជក់បារីអាចនឹងមានជំងឺពាក់ព័ន្ធនឹងសួត ឬសមត្ថភាពរបស់សួតខ្សោយ ដែលធ្វើឲ្យមានហានិភ័យខ្ពស់ប្រឈមនឹងជំងឺ។ 

២) ស្ត្រីមានផ្ទៃពោះ
Royal College of Obstetricians and Gynaecologists របស់ចក្រភពអង់គ្លេសបង្ហាញថាស្រ្តីដែលមានផ្ទៃពោះមិនមានហានិភ័យធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ១៩នោះទេ។ 

«ស្ត្រីមានផ្ទៃពោះមិនមានបង្ហាញរោគសញ្ញាធ្ងន់ធ្ងរនោះទេដូចមនុស្សទូទៅនោះទេ បើទោះបីពួកគេមានជំងឺកូវីដ១៩ក៏ដោយ។ វាត្រូវបានគេរំពឹងថាស្រ្តីមានផ្ទៃពោះជាច្រើននាក់បង្ហាញរោគសញ្ញាមធ្យមដូចជាផ្ដាសាយឬក្ដៅខ្លួនប៉ុណ្ណោះ។ ក្នុងនោះក៏មិនទាន់មានភស្ដុតាងណាមួយបញ្ជាក់ថាមានហានិភ័យខ្ពស់ប្រឈមចំពោះទារកក្នុងផ្ទៃនោះទេ។ ប្រសិនបើម្ដាយមានផ្ទុកជំងឺកូវីដ១៩ វាមិនមានបង្ហាញថាអាចធ្វើឲ្យទារកក្នុងផ្ទៃមានការបាត់បង់ផ្នែកណាមួយ ដែលធ្វើឲ្យទារកខុសប្លែកនោះទេ»។

ប៉ុន្តែបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Channel News Asia អ្នកជំនាញផ្នែកសុខភាពបានលើកឡើងថាស្ត្រីមានផ្ទៃពោះ អាចនឹងទទួលរងហានិភ័យធំមួយបន្ទាប់ពីឆ្លងកូវីដ ១៩ ទោះបីជាពួកគេមានអាការៈឬរោគសញ្ញាស្រាលក៏ដោយ។

លោកវេជ្ជបណ្ឌិត Marc Incerpi ប្រធានផ្នែកវេជ្ជសាស្ត្រមាតានិងទារកនៅឯគ្លីនិកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ USC បានមានប្រសាសន៍ថា មិនមែនស្ត្រីមានផ្ទៃពោះជាមនុស្សដែលងាយនឹងឆ្លងជំងឺមួយនេះនោះទេ ប៉ុន្តែកត្តាដែលគួរឲ្យព្រួយបារម្ភប្រសិនបើស្ត្រីមានផ្ទៃពោះបានឆ្លងវីរុសមួយនេះ គឺអាចធ្វើឲ្យស្ត្រីមានផ្ទៃពោះងាយនឹងមានបញ្ហាជំងឺផ្លូវដង្ហើម។ ស្របពេលដែលរាងកាយរបស់គាត់មានប្រព័ន្ធភាពស៊ាំចុះខ្សោយ វាអាចធ្វើឱ្យជំងឺផ្លូវដង្ហើមនោះវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរងាយជាស្ត្រីធម្មតា។

ការប៉ះពាល់ដល់ផ្លូវដង្ហើមនោះ គឺវាអាចធ្វើឲ្យស្ត្រីមានផ្ទៃពោះដែលផ្ទុកវីរុសកូវីដ ១៩មានដង្ហើមខ្លីដង្ហក់ ហើយវានឹងកាន់តែអាក្រក់នៅពេលដែលទារកនៅក្នុងផ្ទៃវិវត្តន៍កាន់តែធំនៅជិតដល់ពេលសម្រាល។ 

៣) សុខភាពផ្លូវចិត្ត
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថាការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក៏មានផលប៉ះពាល់ទៅដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តផងដែរ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដើម្បីដោះស្រាយជាមួយបញ្ហានេះ៖ 

  • វាជារឿងធម្មតាទេនៅពេលអ្នកមានអារម្មណ៍តប់ប្រមល់ កើតទុក្ខ ស្តេស្ត្រ ភ័យខ្លាចកំឡុងពេលវិបត្តកូវីដ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ អ្នកអាចំណាយពេលជជែកលែងជាមួយមនុស្សជិតស្និត មិត្តភក្ដិ ឬគ្រួសារជដើម។
  • កុំពិសារបារី និងគ្រឿងស្រវឹង ឬគ្រឿងញៀន។ ប្រសិនបើអ្នកមានអារម្មណ៍ធុញថប់ តប់ប្រមល់ខ្លាំង អ្នកត្រូវស្វែងរកការប្រឹក្សាជាមួយអ្នកជំនាញផ្នែកសុខភាព ឬចិត្តវិទ្យា។
  • ទទួលរកព័ត៌មានពិតដើម្បីដឹងអំពីការការពារ តាមរយៈគេហទំព័រ WHO ឬក្រសួងផ្លូវការនានា។
  • ប្រើប្រាស់វិធីដែលអ្នកធ្លាប់ធ្វើដើម្បីគ្រប់គ្រងអារម្មណ៍កំឡុងពេលពិបាកនេះ៕

អត្ថបទទាក់ទង៖ 

ដោយ៖ លង់ វណ្ណៈ

 

X
5s