ការស្រាវជ្រាវស្វីស៖ វីរុសកូរ៉ូណាមានសមត្ថភាពធ្វើការវាយប្រហារប្រព័ន្ធសសៃឈាមក្នុងខ្លួនប្រាណអ្នកជំងឺ
វីរុសកូរ៉ូណាមានសមត្ថភាពអាចវាយប្រហារស្រទាប់សសៃឈាមក្នុងខ្លួនប្រាណអ្នកជំងឺ ដែលបង្កឲ្យសរីរៈមួយចំនួនមានបញ្ហា។ នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយចុះផ្សាយក្នុង The Lancet ចេញផ្សាយដោយកាសែត SCMP។
លោក Frank Ruschitzka អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យមន្ទីពេទ្យសូរិច (University Hospital Zurich) បានមានប្រសាសន៍ថា៖ «វីរុសកូរ៉ូណាមិនត្រឹមតែធ្វើការវាយប្រហារសួតរបស់អ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការវាយប្រហារប្រព័ន្ធសសៃឈាមទៀតផង»។
លោកបានបន្តទៀតថា៖ «វីរុសនេះចូលទៅក្នុងស្រទាប់នៃកោសិកាដែលជាផ្នែកការពារស្រទាប់សសៃឈាម ដោយវាធ្វើការវាយប្រហារប្រព័ន្ធការពារនេះចុះខ្សោយ ហើយបង្កបញ្ហាក្នុងការបញ្ចូនឈាមក្នុងសសៃឈាមតូចៗ»។
វីរុសនេះនឹងកាត់បន្ថយការហូរនៃឈាមទៅកាន់ផ្នែកផ្សេងៗទៀតនៃសារីរៈក្នុងរាងកាយហើយអាចបញ្ចប់លំហូរឈាមនេះទៀតផង នេះបើយោងតាមលោក Ruschitzka ប្រធាននាយកដ្ឋានមជ្ឈមណ្ឌលបេះដូងនិងជំងឺបេះដូង ប្រទេសស្វីស។
លោកបានប្រសាសន៍បន្តថា នេះជាអ្វីដែលយើងមើលឃើញថា អ្នកជំងឺមានបញ្ហាសរីរៈផ្សេងៗដូចជាបេះដូង តម្រងនោម ពោះវៀនតូច និងសរីរៈផ្សេងទៀត។
នេះពន្យល់ថាហេតុអ្វីអ្នកជក់បារី និងអ្នកជំងឺដែលមានជំងឺជាប់កាយមានមុខងារកោសិកាសសៃឈាមចុះខ្សោយ ឬមានប្រព័ន្ធសសៃឈាមមិនល្អ បានភាពទន់ខ្សោយងាយប្រឈមហានិភ័យខ្ពស់នឹងវីរុសកូរ៉ូណា។
យោងតាមលទ្ធផលនៃការវិភាគលើករណីចំនួន ៣ ករណី លោក Ruschitzk បានបង្ហាញថាអ្នកជំងឺកូវីដ១៩ត្រូវបានរកឃើញថាស្រទាប់បំពង់សសៃឈាមរបស់ពួកគេមានការកកស្ទុះដោយវីរុស ហើយមុខងារនៃសសៃឈាមមានការខូតខាតក្នុងសរីរៈទាំងអស់ក្នុងរាងកាយ។
ករណីទី១លើអ្នកជំងឺវ័យ ៧១ឆ្នាំម្នាក់ដែលមានជំងឺសរសៃឈាមចិញ្ចឹមបេះដូង (coronary artery) និងសម្ពាធសសៃឈាម បានវិវដ្ដទៅជាមានបញ្ហាមុខងារសរីរៈផ្សេងៗក្នុងរាងកាយ ហើយបានស្លាប់បាត់បង់ជីវិត។
ក្នុងអ្នកជំងឺម្នាក់ទៀតដែលមានបញ្ហាតម្រងនោមត្រូវបានរកឃើញថាកោសិកាសសៃឈាមមានការរលាកក្នុងសរីរៈបេះដូង ពោះរៀនតូច សួតទាំងសងខាង ដែលមានសសៃឈាមតូចៗមានការកកស្ទុះ។
អ្នកជំងឺម្នាក់ទៀតអាយុ៥៨ឆ្នាំដែលមានជំងឺទឹកនោមផ្អែម និងលើសឈាម និងជំងឺធាត់លើសទម្ងន់ មានបញ្ហាឈាមហូរតិចក្នុងពោះរៀនតូចដែលបង្កឲ្យមានប៉ះពាល់ទៅដល់សរីរៈមួយនេះ។ ការហើមរលាកកោសិកាសសៃឈាមត្រូវបានឃើញមាននៅក្នុងសរីរៈដូចជាសួត បេះដូង តម្រងនោម និងថ្លើមផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក John Nicholls សាស្ត្រាចារ្យវេជ្ជសាស្ត្រនៅសកលវិទ្យាល័យហុងកុងបានមានប្រសាសន៍៖ «ត្រូវការការសិក្សាស្រាវជ្រាវបន្ថែមទៀតទាក់ទងនឹងបញ្ហានេះ»៕
អត្ថបទទាក់ទង៖
- ចិនរឹតត្បឹតការសិក្សាស្រាវជ្រាវទាំងឡាយណាទាក់ទងនឹងប្រភពវីរុសកូរ៉ូណា
- លទ្ធផលស្រាវជ្រាវ៖ អាមេរិកអាចត្រូវអនុវត្តន៍គម្លាតសុវត្ថិភាពដល់២០២២ បើវ៉ាក់សាំងអត់មាន
- វ៉ាក់សាំងសម្រាប់ COVID-19 របស់ចិន WHO បញ្ជាក់ថា មានតែ ១គត់ឈានដល់ពិសោធន៍ព្យាបាលលើកទី២
ដោយ៖ លង់ វណ្ណៈ