អនុវត្តវិធីសាស្រ្តដ៏មានប្រសិទ្ធភាពទាំង ៥ ចំណុចដើម្បីជម្រុញភាពរីកចម្រើនអាជីវកម្មរបស់អ្នក​



ក្នុងការបើកអាជីវកម្មលក់រាយខ្នាតតូចមួយ គេអាចចាត់ទុកថាវាមានភាពងាយស្រួលនៅក្នុងការចាប់ផ្ដើម ព្រោះវាអាចចំណាយដើមទុនតិច កម្លាំងពលកម្មតិច ធនធានក៏តិចដូចគ្នា មិនសូវមានភាពស្មុគស្មាញ ហើយក៏មិនជាស៊ាំញ៉ាំក្នុងការរៀបចំពេកដែរ។ 

ប៉ុន្តែអ្វីៗវាមិនងាយស្រួលដូចដែលយើងគិតទាំងអស់នោះទេ ទោះជាអាជីវកម្មខ្នាតតូចកម្រិតណា ឬខ្នាតធំប៉ុណ្ណាក៏ដោយ បើយើងគ្មានយុទ្ធសាស្រ្តក្នុងការដឹកនាំអាជីវកម្មមួយនោះឲ្យឈានទៅរកផ្លូវរីកចម្រើន នោះម្ចាស់អាជីវកម្មនឹងជួបប្រទះនូវបញ្ហាបរាជ័យដូចគ្នា។ ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពទាំង ៥ ចំណុចក្នុងការរង់ចាំអាជីវកម្មរបស់អ្នកទទួលបានភាពជោគជ័យនិងភាពរីកចម្រើនទៅមុខ៖

១) បង្កើនប្រសិទ្ធភាពខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់អ្នក

អាជីវកម្មរបស់អ្នកអាចដំណើរការទៅបានអាស្រ័យដោយមានការផ្គត់ផ្គង់ត្រឹមត្រូវ គ្រប់គ្រាន់ពីអ្នកផ្គត់ផ្គង់។ នៅពេលដែលអ្នកអាចកំណត់ទៅលើប្រសិទ្ធភាពនៃការផ្គត់ផ្គង់ទំនិញរបស់ដំណើរការអាជីវកម្មរបស់អ្នកបាន នោះអ្នកមានឱកាសមិនប្រឈមមុខទៅនឹងការរាំងស្ទះឬខកខានផ្ដល់ទំនិញ ឬបំពេញសេវាកម្មទៅអ្នកប្រើប្រាស់បន្តនោះឡើយ។ នៅក្នុងច្បាប់នៃការរកស៊ី វាទាមទារឲ្យអ្នកមានអ្នកផ្គត់ផ្គង់យ៉ាងតិច ៣ នាក់ ការធ្វើបែបនេះគឺក្រោមហេតុផលដូចខាងក្រោម៖

ក) អ្នកនឹងទទួលបានថ្លៃទំនិញត្រឹមត្រូវ៖ ពិតណាស់ប្រសិនបើអ្នកមានអ្នកក្រគង់ត្រឹមតែម្នាក់ឬពីរនាក់ ពួកគាត់អាចធ្វើការក្រឡុកទីផ្សារឬក៏ដំឡើងថ្លៃតាមចិត្តបាន។ ប៉ុន្តែនៅពេលដែលអ្នកអាចស្វែងរកអ្នកផ្គត់ផ្គង់លើសពីបីនាក់ វាមានភាពងាយស្រួលដល់អ្នកក្នុងការសម្រេចចិត្តជ្រើសរើសអ្នកផ្គត់ផ្គង់ផលិតផលដែលមានគុណភាពល្អ តម្លៃសមរម្យ និងសេវាកម្មល្អ ពោរពេញទៅដោយការប្រកួតប្រជែងយ៉ាងត្រឹមត្រូវនៅលើទីផ្សារ។

ខ) មានអ្នកផ្គត់ផ្គង់ច្រើន អ្នកមិនបារម្ភពីបញ្ហាខកខានការផ្គត់ផ្គង់បន្តដល់អតិថិជន៖ វាស្រដៀងទៅនឹងចំណុចដែលបានលើកឡើងខាងលើដែរ ព្រោះនៅពេលដែលអ្នកមានអតិថិជនច្រើនអ្នកក៏ត្រូវការអ្នកផ្គត់ផ្គង់ទំនិញដល់អ្នកកាន់តែច្រើនដូចគ្នា។ ប្រសិនបើអ្នកមានអ្នកផ្គត់ផ្គង់តិច ហើយក្នុងពេលដែលតម្រូវការទីផ្សារកើនឡើង នោះវាជាមិនផុតទេពីការដែលធ្វើឲ្យអ្នកខកខានផ្គត់ផ្គង់ទំនិញទៅដល់អតិថិជនឲ្យបានទាន់ពេលវេលា។ លើសពីនោះនៅពេលតម្រូវការកើនឡើងហើយទំនិញមានតិច អ្នកនឹងប្រឈមជាមួយនឹងបញ្ហាថ្លៃខ្ពស់ដើម្បីរកអតិថិជននៅក្នុងឱកាសដ៏ល្អនោះ។

២) User interface / User Experian

ចំណុចនេះគឺសំខាន់បំផុត ដែលអាចធ្វើអតិថិជនស្គាល់ច្បាស់ពីអាជីវកម្មរបស់អ្នក ថាតើអ្នកកំពុងលក់ទំនិញ ឬផ្ដល់សេវាកម្មអ្វីទៅដល់អតិថិជន? ចំណុចនេះវាក៏ឆ្លុះបញ្ចាំងអំពីកេរ្តិ៍ឈ្មោះរបស់អ្នក តើអាជីវកម្ម ឬរបស់អ្នកមានការគាំទ្រកម្រិតណា មានមនុស្សប៉ុន្មាននាក់ដែលបានស្គាល់ពីអាជីវកម្មរបស់អ្នក? តើរយៈការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល user interface បង្ហាញអំពីការវាយតម្លៃអាជីវកម្មរបស់អ្នកតាមរយៈអតិថិជន។ ចង់មើលព័ត៌មាននិងទិន្នន័យទាំងអស់នេះនេះហើយធ្វើឲ្យអតិថិជនថ្មីដែលមិនទាន់បានទិញឬក៏ទទួលសេវាកម្មរបស់អ្នក បានដឹងបានស្គាល់ពីកេរ្តិ៍ឈ្មោះរបស់អ្នក។

៣) ការបម្រើសេវាអតិថិជន

អ្នកជំនាញផ្នែកទីផ្សារ ក៏ដូចជាអ្នកវាយតម្លៃលើការធ្វើអាជីវកម្មភាគច្រើនបានលើកឡើងថា ភាពជោគជ័យនៃអាជីវកម្មមួយគឺអាស្រ័យទៅលើការបម្រើសេវាអតិថិជន ព្រោះការបំរើសេវាអតិថិជនត្រូវបានគេចាត់ទុកថាជាចំណុចស្លាប់រស់របស់អាជីវកម្មនីមួយៗ។ ការបម្រើសេវាអតិថិជននេះ វាក៏ជាផ្នែកមួយក្នុងការរុញច្រានទៅលើបទពិសោធន៍អតិថិជន (User Experience) ឲ្យធ្វើការវាយតម្លៃទៅលើសេវាកម្មរបស់ហាង ឬអាជីវកម្មរបស់អ្នក ហើយវានឹងផ្ដល់ជាទិន្នន័យដ៏សំខាន់បំផុតសម្រាប់អតិថិជនដទៃទៀតក្នុងការស្វែងយល់ពីអាជីវកម្មរបស់អ្នក។ អាជីវកម្មទទួលបានជោគជ័យភាគច្រើនគឺជាអាជីវកម្មមួយដែលផ្ដល់ភាពស្មោះត្រង់ជូនដល់អតិថិជន ធ្វើការឆ្លើយតបជាមួយនឹងអតិថិជនទាន់ពេលវេលា និងផ្តល់ជូននូវការដោះស្រាយបញ្ហាជូនអតិថិជនក្នុងលក្ខខណ្ឌមួយសមស្របបំផុត។

៤) ជ្រើសរើសយកការធ្វើទីផ្សារតាមវិធីដែលមានប្រសិទ្ធភាពបំផុត

នៅក្នុងពេលបច្ចុប្បន្ននេះ ការធ្វើទីផ្សារតាមប្រព័ន្ធអនឡាញគឺជាវិធីសាស្រ្តមួយដែលមានប្រសិទ្ធភាពបំផុតក្នុងការរុញច្រានអាជីវកម្មរបស់អ្នក ក៏ដូចជាផលិតផលនិងសេវាកម្មរបស់អ្នកឲ្យដល់ដៃអតិថិជន។ លើសពីនេះម្ចាស់អាជីវកម្ម ឬអ្នកលក់ ឬអ្នកធ្វើទីផ្សារទាំងអស់ អាចបញ្ជូលទិន្នន័យពីផលិតផលឬសេវាកម្មរបស់ខ្លួនឱ្យទៅដល់អតិថិជនគោលដៅបានយ៉ាងងាយស្រួល ជាជាងការធ្វើទីផ្សារតាមបែបប្រពៃណី (Traditional marketing)។ គេហទំព័រ បណ្ដាញសង្គមនានាដូចជា Facebook Instagram Line និងបណ្ដាញសង្គមទៅទៀតមួយចំនួន កំពុងក្លាយជាគោលដៅដ៏ធំក្នុងការធ្វើទីផ្សាររបស់អាជីវកម្មភាគច្រើន។ ក្រៅពីលទ្ធភាពដែលអ្នកអាចរុញច្រានផលិតផល ឬសេវាកម្មទៅដល់ដៃអតិថិជនគោលដៅបានលឿននិងច្បាស់លាស់ ការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលគឺជាជម្រើសដ៏ល្អបំផុតក្នុងការកាត់បន្ថយចំណាយមួយផ្នែកធំ ដែលអាជីវកម្ម ឬអ្នកលក់ ឬអ្នកធ្វើទីផ្សារទាំងអស់ចាំបាច់ត្រូវគិតគូរ។

៥) បង្កើន​ដៃគូសហការ

ក្រៅពីអ្នកផ្គត់ផ្គង់ អាជីវកម្មដែលទទួលបានជោគជ័យគឺជាអាជីវកម្មមួយដែលមានដៃគូសហការច្រើន។ ដៃគូសហការនេះវាអាចជាដៃគូប្រជែងរបស់អ្នក ប៉ុន្តែម្ចាស់អាជីវកម្មដែលឆ្លាតមិនចាត់ទុកគូប្រជែងគឺជាសត្រូវអាជីវកម្មនោះទេ ប៉ុន្តែត្រឡប់មកវិញអ្នកគួរយកដៃគូប្រកួតប្រជែង ឬអ្នករកស៊ីក្នុងវិស័យតែមួយជាមួយគ្នាជាដៃគូរសហការរបស់អ្នកវិញ។ ស្តាប់ទៅវាហាក់ដូចជាចម្លែកបន្តិច ប៉ុន្តែបើគិតពីផលវិជ្ជមានដែលអ្នកអាចទទួលបានពីដៃគួប្រកួតប្រជែង គឺពួកគេជាអ្នករកស៊ីក្នុងវិស័យតែមួយជាមួយគ្នា មានន័យថាគេក៏ជាអ្នកដែលមានជំនាញច្បាស់លាស់នៅក្នុងវិស័យមួយនេះដូចអ្នកដែរ។ ឧទាហរណ៍ថាប្រសិនបើថ្ងៃណាមួយអ្នកអាចនឹងជួបបញ្ហាខ្វះខាតលើទំនិញផ្គត់ផ្គង់ទៅដល់អតិថិជន ប្រសិនបើអ្នកធ្វើការបដិសេធមិនផ្តល់ការផ្គត់ផ្គង់ទៅដល់អតិថិជនដោយសារកង្វះខាតទំនិញនេះ អ្នកអាចនឹងបាត់បង់អតិថិជនមិនត្រឹមតែថ្ងៃនេះទេតែអាចបន្តទៅថ្ងៃខាងមុខទៀត។ តែក្នុងករណីដែលអ្នកផ្ដល់ឱកាសឲ្យដៃគូប្រកួតប្រជែងលូកដៃជួយអ្នកនៅពេលនេះ អ្នកអាចរក្សាបានអតិថិជន ហើយក៏អាចរក្សាបាននូវចំណងមិត្តភាពមួយបន្ថែមទៀត។ ពិតណាស់ថាវាអាចនឹងពិបាកធ្វើ ប៉ុន្តែប្រសិនបើអ្នកគិតគូរពីបញ្ហានេះឲ្យទៅជាចំណុចវិជ្ជមាន នោះអ្វីដែលអ្នកធ្វើបានក៏ជាផលវិជ្ជមានដូចគ្នាទៅលើការធ្វើអាជីវកម្ម ហើយវាទំនងជាផលល្អដល់អ្នកច្រើនទៀតផង៕

ដោយ៖ យ៉ាយ៉ា

X
5s