ហេតុ​ផល​ ៥ ចំណុចដែល​ឪពុក​ម្តាយ​គួរ​ឲ្យ​កុមារចូល​រៀនថ្នាក់មត្តេយ្យ ឬ Pre-School​



យើងសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះមានមាតាបិតាជាច្រើនបានដាក់ឲ្យកូនៗរបស់ខ្លួនចូលរៀននៅសាលាតាំងតែពីមិនទាន់គ្រប់អាយុចូលរៀន មូលហេតុអាចបណ្ដាលមកពីឪពុកម្តាយជាអ្នកធ្វើការ មិនមានអ្នកមើលថែកូនតូចជាដើម។ 

ការដាក់ឲ្យកុមារសិក្សានៅកម្រិត Preschool នេះ ឪពុកម្តាយត្រូវចំណាយច្រើន តែទោះជាយ៉ាងណាក៏ដោយ ការសម្រេចដាក់កូនសិក្សានៅកម្រិតនេះផ្តល់នូវផលប្រយោជន៍ច្រើន។

១) ការសិក្សាជាមូលដ្ឋាន

កុមារនឹងទទួលបានការអប់រំជាមូលដ្ឋានសម្រាប់ចំណេះដឹងទូទៅ ការថែទាំជំនួសឪពុកម្តាយ។ ការសិក្សាអប់រំកម្រិតជាមូលដ្ឋាននេះ រាប់ចាប់តាំងពីការនិយាយស្តី ការលេង ច្រៀង សីលធម៌ ដែលអាចឲ្យកុមារមានភាពវ័យឆ្លាត។

២) ការអប់រំទាំងសីលធម៌ និងសង្គម 

នៅក្នុងកម្រិតមត្តេយ្យសិក្សានេះ កុមារនឹងទទួលបានការអប់រំសង្គមមានដូចជា សីលធម៌នៃការនិយាយស្តី ទម្លាប់ទទួលទាន និងការអប់រំលើសកម្មភាពប្រចាំថ្ងៃរបស់កុមារ ដែលយើងអាចសម្គាល់បានថា កុមារដែលបានចូលរៀនថ្នាក់មត្តេយ្យតែងមានទម្លាប់ប្រើពាក្យសម្ដីរាបទាប ច្រើនមានឥរិយាបថចេះគោរព អរគុណ និងសុំទោសជាដើម។

៣) មានការប្រាស្រ័យទាក់ទងល្អ

ដោយសារកុមារបានជួបជាមួយមិត្តភក្តិដែលមានវ័យស្របាលគ្នា រួមជាមួយគ្រូផងដែរ ជាហេតុនាំឲ្យពួកគេអាចបណ្ដុះទម្លាប់នៃការប្រាស្រ័យទាក់ទងបានល្អតាំងតែពីតូច។ បើធៀបជាមួយកុមារក្នុងវ័យដូចគ្នានៅផ្ទះ ហើយមិនសូវជាទទួលបានការអប់រំដឹតដល់ពីក្រុមគ្រួសារ។ 

៤) កុមារទទួលបានការអប់រំសម្បូរបែប

ជាមួយគ្នានេះ កុមារក៏នឹងទទួលបានការអប់រំពីគ្រូដែលមានគរុកោសល្យច្បាស់លាស់លើការអប់រំកុមារ ជាការអប់រំដែលសម្រួចការហាត់ពត់លត់ដុំកុមារបានល្អ។ អាចនិយាយបានថា គ្រូដែលបង្រៀនកុមារមានតាមជំនាញរៀងៗខ្លួន ដូចជាគ្រូបង្ហាត់ច្រៀង គ្រូងបង្ហាត់រាំ គ្រូបង្ហាត់អក្សរនិងការអាន រួមទាំងគ្រូផ្សេងៗទៀតដែលអាចឲ្យកុមារទទួលបានបទពិសោធន៍ និងការបែងចែកខ្យរក្បាលទទួលយកការអប់រំបានច្បាស់លាស់ ជាក់លាក់។ 

៥) ជួយឲ្យកុមារមានភាពក្លាហាន

ការរៀននៅកម្រិតមត្តេយ្យសិក្សា ក៏បានជួយឲ្យកុមារមានភាពក្លាហានច្រើន ដោយសារតែពួកគេបានប្រឡូកក្នុងសង្គម ជួយជាមួយមនុស្សប្លែកច្រើនតាំងតែពីក្មេង។ ពួកគេមានទទួលបានការបណ្ដុះទម្លាប់មានទំនុកចិត្តលើខ្លួនឯង ហ៊ានបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន ហ៊ានឆ្លើយសំណួរ ហ៊ាននិយាយ ហ៊ានអាន ហ៊ានច្រៀង ហ៊ានប្រឈមមុខនឹងបញ្ហាជាងកុមារដទៃ។ ក្រៅពីនេះ កុមារក៏មានទម្លាប់ចេះចែករំលែក ឆាប់ទទួលយកការអប់រំ និងរៀនសូត្រពីអ្វីដែលថ្មីៗ៕

ដោយ​​៖ យ៉ាយ៉ា

 

X
5s