តើយើងគួរធ្វើដូចម្ដេចទើបអាចទទួលបាននូវភាពជោគជ័យនៅក្នុងជីវិត?
តើភាពជោគជ័យមានន័យដូចម្ដេចសម្រាប់អ្នកផ្ទាល់? តើអ្នកកំពុងតែមានផលលំបាកក្នុងការធ្វើអ្វីមួយដើម្បីទទួលបាននូវជោគជ័យមែនទេ? មិនថាអ្នកមានឬក្រ ទទួលបានក្ដីស្រលាញ់និងកម្លាំងចិត្តតិចឬច្រើនក្ដី ពូកែឬមិនពូកែក្ដី អ្នកសុទ្ធតែអាចទទួលបាននូវភាពជោគជ័យរៀងៗខ្លួន ព្រោះថាភាពជោគជ័យកើតចេញពីខ្លួនអ្នកនេះឯង៖
១) បង្កើនទំនុកចិត្តលើខ្លួនឯង៖ នៅពេលណាដែលអ្នកមានទំនុកចិត្តលើខ្លួនឯង អ្នកអាចធ្វើការងារបានល្អមុន ព្រោះអ្នកហ៊ានបញ្ចេញសមត្ថភាពរបស់អ្នកក៏ដូចជារៀនពីកំហុសរបស់ខ្លួនឯងផងដែរ។
២) បង្កើតទំនាក់ទំនងល្អ៖ មិនថាអ្នកពូកែដល់កម្រិតណាក៏ដោយ អ្នកមិនអាចធ្វើការងារអ្វីមួយតែម្នាក់ឯងបានរហូតនោះទេ ដូចនេះអ្នកគួរតែបង្កើតទំនាក់ទំនងល្អជាមួយអ្នកនៅជុំវិញខ្លួនឲ្យបានច្រើន។
៣) រួមចំណូលចិត្តនិងគោលដៅរបស់អ្នកចូលគ្នា៖ បើសិនជាអ្នករស់នៅរាល់ថ្ងៃដោយគ្មានគោលដៅនោះមានន័យថាអ្នកមិនងាយទទួលបាននូវភាពជោគជ័យនោះទេ ដោយសារតែអ្នករស់ឲ្យតែមានឈ្មោះថារស់។ កំណត់គោលដៅរបស់អ្នកឲ្យបានច្បាស់លាស់ហើយមិនបាច់ខ្វល់ពីរឿងជោគជ័យឬបរាជ័យនោះទេ គ្រាន់តែអ្នកប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តទៅគឺគ្រប់គ្រាន់ហើយ។
៤) គិតបែបលូតលាស់៖ តើអ្នកជាមនុស្សដែលមានការគិតបែបលូតលាស់ឬមិនលូតលាស់? មនុស្សដែលមានការគិតបែបលូតលាស់ជឿជាក់ថាអ្វីៗអាចផ្លាស់ប្ដូរបានមិនថាទាំងចំណេះដឹងឬអត្តចរិត។ ផ្ទុយទៅវិញ មនុស្សដែលមានការគិតបែបមិនលូតលាស់គិតថាអ្វីៗមិនអាចផ្លាស់ប្ដូរបានទេ ព្រោះវាត្រូវបានកំណត់ដោយព្រេងវាសនាជាដើម។
៥) បណ្ដាក់ទុនទៅលើក្ដីស្រលាញ់៖ ភាពជោគជ័យធំប៉ុណ្ណាក៏ដោយក៏មិនអាចប្រៀបបានជាមួយនឹងក្ដីស្រលាញ់ដែរ។ ហេតុដូចនេះអ្នកមិនត្រូវប្រឹងប្រែងដើម្បីភាពជោគជ័យរហូតភ្លេចស្រលាញ់មនុស្សនៅជុំវិញខ្លួននោះទេ ព្រោះថាភាពជោគជ័យគួរតែដើរទន្ទឹមជាមួយនឹងក្ដីស្រលាញ់ទើបវាជាភាពជោគជ័យពិតប្រាកដ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.inc.com