ទីក្រុង​ ៧ ​​នឹង​ក្លាយ​ជា​ក្រុង​មាន​ជាង​គេ​បំផុត​​​​៩​ឆ្នាំ​ទៀត​នេះ​​



ទីក្រុងញីវយ៉ក ទីក្រុងឡុងដុង និង ទីក្រុងហុងកុងមិនមែនជាទីក្រុងមានជាងគេបំផុតទៀតឡើងរយៈពេល ៩ឆ្នាំទៅមុខទៀតនេះ។ នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ពិភពលោកនឹងលេចរូបរាងទីក្រុងមានជាងគេបំផុតចំនួន ៧ ផ្សេងទៀតហួសពីការរំពឹងទុករបស់លោកអ្នក។ ១.ទីក្រុងដូហា ប្រទេសកាតារ ទីក្រុងដូហាត្រូវបានគេព្យាករណ៍ថា ជាទីក្រុងតារារះថ្មីមានជាងគេបំផុតបើផ្អែកតាមតម្លៃផលិតផលក្នុងស្រុកសរុប។ ដែនដីសំបូរប្រេងមួយនេះបានជាប់ឈ្មោះរួចមកហើយជាប្រទេសមានជាងគេបំផុតនៅក្នុងចំណោមប្រទេសមានជាងគេទាំង ១០ របស់ពិភពលោក ហើយការធ្វើជាម្ចាស់ផ្ទះប្រកួត World Cup ក្នុងឆ្នាំ ២០២២ ខាងមុខ។ នេះជាកម្លាំងចលនករធ្វើឱ្យទីក្រុងនេះកាន់តែខ្លាំង។ ២. Bergen ប្រទេសន័រវែស Bergen គឺជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតលំដាប់ទី២របស់ប្រទេសន័រវែស ក៏ប៉ុន្តែវាបានក្លាយជាទីក្រុងដ៏មានសក្ដានុពលខ្លាំងក្លាជាងគេរួចទៅហើយ បើនិយាយពីទំហំសេដ្ឋកិច្ច។ ៩ឆ្នាំទៀតនេះ គេបានព្យាករណ៍ថា ទីក្រុងនេះនឹងក្លាយជាទីក្រុងមានជាងគេបំផុតមួយនៅក្នុងចំណោមទីក្រុងផ្សេងៗទៀតនៅជុំវិញពិភពលោក ខណៈដែលវាកំពុងរីកលូតលាស់ខ្លាំងលើវិស័យឧស្សាហកម្មថាមពល កំពង់ផែ និង ការស្រាវជ្រាវលើដែនសមុទ្រ។ ៣. Trondheim ប្រទេសន័រវែស នេះជាទីក្រុងមួយទៀតរបស់ន័រវែសដែលត្រូវបានគេទទួលស្គាល់ថា ជាដើមកំណើតបច្ចេកវិទ្យាទូរស័ព្ទដៃ ដែលកំពុងមានសក្ដានុពលលូតលាស់ខ្លាំងក្លាចាប់តាំងពីទសវត្សទី ៨០ មក ខណៈដែលក្រុមហ៊ុនថ្មីៗចំនួន ៥៥០ របស់ក្រុមហ៊ុនកំពុងមានវត្តមានស្អេកស្កះនៅក្នុងប្រទេសនេះ។ ៤. Hwaseong ប្រទេសកូរ៉េខាងត្បូង ទីក្រុងHwaseong ហាក់មិនសូវមានកិត្យានុភាពប៉ុន្មាននោះឡើយនៅក្រៅទឹកដីកូរ៉េខាងត្បូង។ ក៏ប៉ុន្តែតាមទិដ្ឋភាពជាក់ស្តែង វាបានក្លាយជាទីក្រុងមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងក្លារួចទៅហើយនៅពេលបច្ចុប្បន្ននេះ។ វាត្រូវបានគេចាត់ទុកថា ជាបណ្ដុំនៃរោងចក្រស្រាវជ្រាវបច្ចេកវិទ្យាគ្រឿងអេឡិចត្រូនិក និងគ្រឿងយន្តដូចជាក្រុមហ៊ុន Hyundai និង ក្រុមហ៊ុនយក្ស Samsung រួមទាំងក្រុមហ៊ុន Kia និងក្រុមហ៊ុនទូរស័ព្ទដៃ LG Electronics ជាដើម។ បច្ចុប្បន្ននេះ ទីក្រុងខាងលើកំពុងទទួលបានការវិនិយោគយ៉ាងធំលើសំណង់អចលនទ្រព្យយ៉ាងទំនើបមិនធ្លាប់មាននៅក្នុងប្រទេសកូរ៉េខាងត្បូង។ ៥. Asan ប្រទេសកូរ៉េខាងត្បូង  ដូចទៅនឹងទីក្រុង  Hwaseong ដែរ  Asan គឺជាទីក្រុងមួយរបស់ក្រុមហ៊ុនឧស្សាហកម្មធំរបស់កូរ៉េខាងត្បូងផងដែរ។ វាទទួលបានផលប្រយោជន៍ជាច្រើនពីកំពង់ផែដ៏សកម្ម  Pyeongtaek ដែលនៅជិតនោះ ដែលមានភាពមមាញឹកខ្លាំងលើសកម្មភាពពាណិជ្ជកម្មលើកដាក់ទំនិញមកពីចិន និង ជុំវិញពិភពលោក។ ៦. Rhine Ruhr ប្រទេសអាល្លឺម៉ង់  យើងធ្វើដំណើរចេញពីអាស៊ីមកកាន់ទឹកដីអឺរ៉ុបវិញម្តង ដើម្បីមកមើលទីក្រុងមួយទៀតដែលនឹងក្លាយជាទីក្រុងមានជាងគេបំផុតមួយនៅក្នុងឆ្នាំ ២០២៥ ខាងមុខ នោះគឺទីក្រុង Rhine Ruhr របស់អាល្លឺម៉ង់។ តាមពិតទៅទីក្រុងនេះបានក្លាយជាទីក្រុងរណបដ៏ជោគជ័យមួយរួចទៅហើយរបស់មហាអំណាចនៅអឺរ៉ុបមួយនេះ។ និយាយឲ្យខ្លី នៅពេលបច្ចុប្បន្ននេះ វាជាប់ចំណាត់ថ្នាក់ជាទីក្រុងធំបំផុតលំដាប់ទី៣នៅអឺរ៉ុបបន្ទាប់ពីប៉ារីស និង ឡុងដុង។ ក្រុមហ៊ុនឧស្សាហកម្មធំ និង ស្ថាប័នហិរញ្ញវត្ថុកំពូលៗមានមូលដ្ឋាននៅក្នុងទីក្រុងនេះ។ ៧. Macau (ម៉ាកាវ) ប្រទេសចិន ងាកមកមើលទីក្រុង Macau ដែលល្បីឈ្មោះជាទីក្រុងល្បែងដ៏ធំបំផុតមួយនៅលើពិភពលោកនោះ ក៏នឹងក្លាយជាទីក្រុងមានជាងគេបំផុតនៅក្នុងឆ្នាំ ២០២៥ ខាងមុខដែរ។ វាត្រូវបានគេទទួលស្គាល់ថា មានសក្ដានុពលលូតលាស់ឆាប់រហ័សណាស់ ក៏ប៉ុន្តែនៅចុងឆ្នាំ ២០១៥កន្លងទៅសេដ្ឋកិច្ចទីក្រុងនេះបានធ្លាក់ចុះរហូតដល់ ១៧% ឯណោះ។ ទោះបីជាបែបនេះ គេរំពឹងថា សេដ្ឋកិច្ចទីក្រុងនេះនឹងងើបឡើងវិញនៅក្នុងឆ្នាំ ២០១៦នេះ៕