វិធី៣យ៉ាងដើម្បីផ្លាស់ប្ដូរចំណងស្នេហ៍ដ៏គួរអោយធុញទ្រាន់របស់អ្នក ឲ្យទៅជាភាពផ្អែមល្ហែមខ្វះមិនបាន
មិនថាក្ដីស្រលាញ់ដែលអ្នកមានចំពោះគ្នាកម្រិតណា មិនថាអ្នកងប់ងុលចំពោះគ្នាកម្រិតណា ចំណងមិត្តភាពមួយនោះតែងតែមានពេលខ្លះឡើងនិងចុះ គ្រប់ពេលវេលា។ អ្នកគួរត្រៀមចិត្តសម្រាប់ស្នេហាដែលអ្នកកំពុងមាន ព្រោះអ្នកមិនអាចទាមទារពេលវេលាផ្អែមល្ហែមអោយកើតមានគ្រប់ពេលបានទេ។ ដូចនេះដើម្បីធ្វើអោយចំណងមិត្តភាពដែលអ្នកមាននោះកាន់តែមានភាពជិតស្និទ្ធ នេះជាអ្វីដែលអ្នកត្រូវដឹង៖
១) ចែករំលែកពីក្ដីស្រមៃដែលមានរៀងៗខ្លួន៖ អ្នកត្រូវបង្ហាញទៅកាន់ដៃគូស្នេហារបស់អ្នកនូវអ្វីដែលអ្នកចង់ធ្វើជាមួយគ្នា ទោះបីជាកិច្ចការទាំងនោះធំឬតូចក្ដី។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគួរតែចែករំលែកអោយដឹងថា តើអ្វីទៅជាក្ដីស្រមៃធំបំផុតរបស់អ្នក បន្ទាប់មកចាប់ផ្ដើមឈានជើងមួយជំហានធ្វើយ៉ាងណាអោយវាក្លាយជាការពិតបាន។ ប្រសិនបើអ្នកធ្វើបែបនេះ អ្នកនឹងឃើញពីការរីកលូតលាស់នៃសេចក្ដីស្នេហារបស់អ្នកជាមិនខាន។
២) រំលឹកពីរឿងចាស់ៗ៖ វាត្រឹមត្រូវណាស់នៅពេលអ្នកនិយាយពីរឿងចាស់ៗ ដែលអ្នកធ្លាប់ឆ្លងកាត់ជាមួយគ្នា អ្នកអាចនឹងធ្វើអោយមិត្តភាពកាន់តែរឹងមាំថែមទៀត។ យោងតាមការសិក្សាមួយរបស់សកលវិទ្យាល័យAppalachian State University បានបង្ហាញថា៖ «គូស្នេហ៍ដែលសើចសប្បាយជាមួយគ្នា នៅពេលគិតពីរឿងរាវចាស់ៗ ដែលពួកគេធ្លាប់ជួបប្រទះ គឺអាចធ្វើអោយមិត្តភាពនោះពោរពេញដោយភាពសប្បាយរីករាយ។» ដូចនេះវាជារឿងល្អមួយ ដែលអ្នកគួរផ្អាកការនិយាយអំពីរឿងការងារ ហើយអង្គុយជជែកគ្នាលេងពីរឿងរ៉ាវដែលគួរអោយអស់សំណើច ឬក៏ក្រឡេកទៅពេលវេលាដែលអ្នកណាត់ជួបគ្នាជាលើកដំបូងក៏បាន។
៣) គិតម្ដងហើយម្ដងទៀតពីជម្លោះដែលធ្លាប់មាន៖ នៅពេលអ្នកឈ្លោះទាស់ទែងគ្នា អ្នកត្រូវចេះងាកត្រលប់ក្រោយ រួចស្វែងរកដើមចងមួយណាដែលបង្កើតអោយមានជម្លោះនោះ។ បន្ទាប់មកស្វែងរកអ្វីចំណុចដែលអ្នកគិតថាអាចផ្លាស់ប្ដូរវាបាន។ ពេលដែលអ្នកស្ងប់ស្ងាត់មួយគ្រាក្នុងពេលមានជម្លោះនោះ អ្នកនឹងអាចស្វែងរកឃើញផ្លូវដ៏មានន័យមួយសម្រាប់មិត្តភាពអ្នកជាមិនខាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.cheatsheet.com