សញ្ញាទាំង៤នេះបង្ហាញថា អ្នកកំពុងមានស្នេហាដែលអាត្មានិយម
ភាពអាត្មានិយមនេះនឹងធ្វើឲ្យស្នេហារបស់អ្នកមានការយ៉ាប់យឺន ដោយសារតែ ម្នាក់ៗ គឺគិតតែពីប្រយោជន៍ខ្លួនជាធំ។ ជាការពិតណាស់មនុស្សម្នាក់ៗតែងអាត្មានិយម ជាពិសេសនៅពេលដែលពួកគេចង់បានអ្វីមួយកាន់តែខ្លាំងនោះ។ នេះជាសញ្ញាដែលបញ្ជាក់ថាអ្នកកំពុងតែស្ថិតក្នុងស្នេហាដែលអាត្មានិយម៖
១) ដៃគូរបស់អ្នកតែងរអ៊ូរទាំនិងមើលស្រាលអ្នក៖ មនុស្សបែបនេះគឺតែងតែចង់ធ្វើអ្វីមួយដើម្បីតែភាពជោគជ័យរបស់ខ្លួនឯងតែប៉ុណ្ណោះ ហេតុនេះទើបពួកគេតែងតែរអ៊ូរទាំ នឹងអ្វីដែលអ្នកបានធ្វើ។ នៅពេលដែលអ្នកមិនអាចសម្រេចអ្វីអោយពួកគេបានទេនោះ អ្នកនឹងទទួលរងការមើលស្រាលពីពួកគេ។
២) ដៃគូដែលគិតថាអ្វីដែលពួកគេធ្វើគឺសំខាន់ជាងគេទាំងអស់៖ មនុស្សអាត្មានិយមមិនដែលចំណាយពេលរបស់ពួកគេធ្វើអ្វីសម្រាប់អ្នកដទៃនោះទេ។ ទោះបីជាម្នាក់នោះគឺជាមនុស្សដែលត្រូវរស់នៅជាមួយមួយជីវិតក៏ដោយ។ ពួកគេចង់ធ្វើអ្វីដែលគេចង់ធ្វើ ហើយតែងមានគំនិតថា គេមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើអ្វីមុនគេទាំងអស់។
៣) ដៃគូដែលចូលចិត្តប្រកួតប្រជែង៖ មនុស្សដែលចូលចិត្តតាំងខ្លួនជាអ្នកចេះ ហើយព្យាយាមប្រកួតប្រជែងជាមួយអ្នកដទៃដើម្បីចង់ឈ្នះនោះ គឺជាមនុស្សអាត្មានិយមបំផុត។ ការស្រលាញ់គ្នាគួរតែគ្មានទេពាក្យថាចង់ឈ្នះចង់ចាញ់ ។
៤) ដៃគូដែលមិនចូលចិត្តសុំទោស៖ នេះគឺជាអ្វីដែលអ្នកត្រូវគិតចំពោះដៃគូស្នេហាណាដែលមិនដែលប្រើពាក្យសូមទោសនៅពេលពួកគេធ្វើអោយអ្នកឈឺចាប់អ្វីមួយនោះ។ វាជាសញ្ញាបង្ហាញថាពួកគេគិតពីកិត្តិយសខ្លួនឯងជាធំ ទើបពាក្យសូមទោសនេះវាហាក់ដូចជាពិបាកសម្រាប់គេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com