កំហុសសំខាន់ៗ៣យ៉ាង ដែលគួរជៀសវាងក្នុងពេលនិយាយសាធារណៈ (Public Speaking)
អ្នកណាក៏មានភាពភ័យខ្លាចក្នុងការនិយាយសាធារណៈ (Public Speaking) ឬ ការនិយាយនៅមុខមនុស្សជាច្រើន។ មនុស្សជាង៧៤ភាគរយមានអារម្មណ៍ភ័យខ្លាចក្នុងការនិយាយនៅក្នុងចំណោមមនុស្សច្រើន។ នេះបើយោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថានចិត្តសាស្ត្រមួយរបស់អាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ បើអ្នកពិតជាខំប្រឹងអ្នកអាចគេចពីកំហុសទាំងនោះបាន។
១) ការមើលទៅទស្សនិកជន៖ ជាទូទៅកំហុសសំខាន់មួយដែលតែងតែកើតឡើងនោះ គឺការទំនាក់ទំនងរវាងអ្នកនិយាយ និង អ្នកស្ដាប់តាមរយៈក្រសែភ្នែក។ មានន័យថា អ្នកនិយាយសាធារណៈ (Public Speaking) មិនប្រើក្រសែភ្នែកឲ្យបានល្អក្នុងការទំនាក់ទំនងជាមួយអ្នកស្ដាប់នោះទេ ជាហេតុនាំឲ្យអ្នកស្ដាប់ទូទៅហាក់មិនសូវជក់ចិត្តនឹងប្រធានបទ។ ដូច្នេះហើយ ត្រូវព្យាយាមប្រើក្រសែភ្នែកឲ្យបានល្អ ក្នុងការសម្លឹងមើលមនុស្សទូទៅដើម្បីប្រាកដថា ពួកគេពិតជាយកចិត្តទុកដាក់។
២) កាយវិការ៖កាយវិការនីមួយៗពិតជាសំខាន់ណាស់។ កាយវិការខ្លះអាចធ្វើឲ្យអ្នកស្ដាប់ចង់បន្តមើល និង ស្ដាប់ទៀត តែខ្លះវិញអាចធ្វើអោយអ្នកទស្សនាចង់ដេក។ ដូច្នេះហើយ មុនពេលដែលអ្នកឡើងនិយាយ អ្នកគួរតែថត ឬ ឈរនឹងមុខកញ្ចក់ និងមើលវីដេអូឡើងវិញក្រោយពេលអ្នកនិយាយចប់។ ការអនុវត្តកាន់តែច្រើន ភាពភ័យខ្លាចនឹងកាន់តែតិច។
៣) ការមិនហាត់សម៖ វាគ្មិនជាច្រើនខ្វល់តែចំណងជើង ខ្លឹមសារ រូបភាពនិងការកត់ត្រាជាដើម ប៉ុន្តែមិនបានមកហាត់សមមុនពេលនិយាយជាផ្លូវការនោះទេ។ ទម្លាប់អាក្រក់នេះនឹងធ្វើឲ្យការនិយាយរបស់អ្នកអន់ ពិបាកស្ដាប់ និងមានចំណុចខ្វះខាតច្រើន។ ដូច្នេះគួរតែចំណាយពេលខ្លះដើម្បីហាត់សមមុនពេលនិយាយជាផ្លូវការ៕
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.businessinsider.com