រឿងទាំង៥យ៉ាងដែលអ្នកមិនគួរធ្វើពេលកំពុងឈ្លោះគ្នាតឹងសរសៃក
និយាយអំពីចំណងមិត្តភាពស្នេហា អ្នកមិនអាចនឹងគេចផុតពីការឈ្លោះប្រកែកគ្នាបានទេ។ ហើយអ្នកគួរតែដឹងឲ្យកាន់តែច្បាស់ជាងនេះទៅទៀតថាអ្វីទៅដែលអ្នកគួរធ្វើនិងមិនគួរធ្វើ នៅពេលមានជម្លោះម្ដងៗ។ នេះគឺជារឿងដែលមិនគួរធ្វើនៅពេលមានជម្លោះ៖
១) ការវាយដំ៖ ការបំពានទៅលើរូបរាងកាយនោះគឺវាពិតជាធ្ងន់ធ្ងរណាស់សម្រាប់មនុស្សម្នាក់ៗ ។ ប្រសិនបើអ្នកតែងគិតថាការវាយដំទៅលើដៃគូរបស់អ្នកគឺអាចជួយឲ្យអ្វីៗបានធូរស្រាលនោះ អ្នកប្រហែលជាមានបញ្ហាហើយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចនាំទុក្ខដល់ខ្លួនឯងដល់ថ្នាក់ជាប់គុកក៏មានផងដែរ ព្រោះអ្នកបានប្រើប្រាស់អំពើហិង្សាវាយដំលើអ្នកដទៃ។
២) ការស្រែកគំហកដាក់គ្នា៖ វាពិតជាខុសគ្នារវាងការដំឡើងសំឡេង និងការស្រែកគំហកនោះ។ ការស្រែកគំហកដាក់គ្នាគឺមិនផ្ដល់ប្រយោជន៍អ្វីទាំងអស់។ ផ្ទុយទៅវិញ ការធ្វើបែបនេះគឺវាអាចផ្ដល់ភាពភ័យខ្លាចទៅដល់មនុស្សជាទី ស្រលាញ់មិនខាន។ អ្នកត្រូវចាំថាចំណងមិត្តភាពទាំងអស់គឺមិនមែនបង្កើតឲ្យមានសេចក្ដីភ័យខ្លាចដល់គ្នានោះទេ វាមានតែការស្រលាញ់ ការគោរព និងការទុកចិត្តគ្នាប៉ុណ្ណោះ។
៣) ការស្ដីបន្ទោសគ្នា៖ ពេលដែលអ្នកចង្អុលនរណាម្នាក់ ម្រាមដៃ៤ទៀតក៏មកចង្អុលខ្លួនអ្នកវិញដែរ។ ដូចនេះកុំធ្វើការស្ដីបន្ទោសគ្នាដោយគ្រាន់តែកំហុសបន្តិចបន្តួច ។ ហើយចូរសម្លឹងមើលខ្លួនឯងជាមុនសិន មុននឹងស្ដីបន្ទោសដល់នរណាម្នាក់។
៤) សើរើភាពឈឺចាប់ពីមុនមកវិញ៖ ការសើរើភាពឈឺចាប់ដែលធ្លាប់កើតមានឡើងពីពេលមុននោះ គឺវាហាក់ដូចជាមិនសាកសមឡើយសម្រាប់អ្នកមកនិយាយ។ អ្នកគួរតែបោះបង់ចោល ឬបំភ្លេចនូវរឿងរ៉ាវដែលកើតមានឡើងពីអតីតកាល រួចចាប់ផ្ដើមធ្វើអ្វីដែលថ្មី។ ជួនកាលនៅពេលដែលអ្នកមានជម្លោះហើយអ្នកជីកកកាយរឿងចាស់ៗមកនោះ គឺវាហាក់ដូចជាយកសាំងមកចាក់ឲ្យភ្លើងកាន់តែឆេះដូច្នេះដែរ។
៥) សំងំនៅស្ងៀម៖ មនុស្សជាច្រើនចូលចិត្ត សំងំនៅស្ងៀមមិនមាត់រកគ្នានោះទេ នៅពេលដែលពួកគេឈ្លោះគ្នា។ ការនិយាយវែកញែករកហេតុផល ទើបរឿងរ៉ាវដែលកើតមាននោះវានឹងឆាប់ចប់។ តែប្រសិនបើអ្នកចង់នៅស្ងៀម អ្នកគួរប្រាប់គ្នាឲ្យបានដឹងថាអ្នកកំពុងតែចង់នៅម្នាក់ឯងដើម្បីគិតពីអ្វីដែលខ្លួនបាននិយាយម្ដងទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.cheatsheet.com