សិស្ស​ចិន​​ម្នាក់​ដែល​​​អៀវ​មិត្ត​​ពិការ​ជើង​​ទៅ​សាលា​បី​ឆ្នាំ​ លែង​បាន​រៀន​ជា​មួយ​គ្នា​ទៀត​​ហើយ​



រឿងយុវជនចិនម្នាក់ដែលសុខចិត្តអៀវមិត្តពិការជើងទៅសាលាអស់រយៈពេលបីឆ្នាំបានក្លាយជាប្រធានបទដ៏គួរឱ្យរំជួលចិត្ត មិនថាតែនៅប្រទេសចិន ឬនៅអឺរ៉ុបនៅឡើយ។ សារព័ត៌មានអង់គ្លេស The Independent ទើបបានចុះផ្សាយអត្ថបទមួយរឿងយុវជនទាំងពីរនេះដែរកាលពីចុងខែមេសា កន្លងទៅថ្មីៗនេះ។ យុវជន Xie Xu មានវ័យ១៨ឆ្នាំដែលស្ម័គ្រចិត្តអៀវមិត្តឈ្មោះ Zhang Chi វ័យ ១៩ឆ្នាំពិការជើងទៅសាលាអស់រយៈពេល៣ ឆ្នាំបានទទួលការកោតសរសើរពីសន្ដានចិត្ត និងទឹកចិត្តដ៏កម្ររកបាន ស្របពេលដែលអ្នកទាំងពីរគ្រាន់តែជាមិត្តរួមថ្នាក់មិនជាប់សាច់ឈាមជាមួយគ្នាសូម្បីបន្តិច។ ទោះជាយ៉ាងណាអ្នកទាំងពីរលែងបានរៀនជាមួយគ្នាទៀតហើយ បន្ទាប់ពីអ្នកទាំងពីរបានបញ្ចប់ថ្នាក់វិទ្យាល័យកាលពីពេលថ្មីៗនេះ។ យោងតាមប្រភពដដែលបានឱ្យដឹងថា Xie បានដាក់ពាក្យចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេសណានជីង ខណៈដែលមិត្តពិការជើង Zhang នឹងប្រឡងចូលមហាវិទ្យាល័យខុសគ្នា។ មានការចោទជាសំណួរថា តើ Zhang នឹងទៅជាយ៉ាងណា បន្ទាប់ពី Xie ចូលរៀនសាលាផ្សេង ហើយមិនអាចជួយអៀវរូបគេទៅសាលាដូចពេលមុនទៀត។ យោងតាមរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា នៅប្រទេសចិននៅតែមានការរើសអើងជនពិការ ហើយជនពិការភាគច្រើន មិនទទួលបានការជួយទំនុកបម្រុងពីកម្មវិធីរបស់រដ្ឋាភិបាលនោះទេ៕ ដោយ៖ រតនៈវិភូ ប្រភព៖ The Independent  
X
5s