តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ ​ប្រសិន​បើ​អ្នក​ចំណាយ​ពេល​២​ម៉ោង​នៅ​ស្ងប់ស្ងាត់​​ម្នាក់​ឯង​​រាល់​ថ្ងៃ?​



កាលពីជំនាន់មុន មនុស្សយើងចូលចិត្តទៅលំហែកាយនៅកន្លែងណាដែលមានទឹកទន្លេ មានព្រៃឈើ ធម្មជាតិល្អបរិសុទ្ធ តែឥឡូវវិញនៅជុំវិញយើងមានតែផ្សែងឡានរថយន្ត គ្រឿងអេឡិចត្រូនិក ដែលវាធ្វើឲ្យប៉ះពាល់ដល់សុខភាពជាពិសេសគឺសុខភាពខួរក្បាលតែម្ដង។ តែប្រសិនបើអ្នកចេះ ស្វែងរកពេលនៅស្ងៀមស្ងាត់តែម្នាក់ឯង ២ម៉ោងជារៀងរាល់ថ្ងៃ អ្នកអាចនឹងជួបរឿងល្អៗទាំង ៤ខាងក្រោមនេះ៖ ១) ខួរក្បាលដំណើរការល្អជាងមុន៖ ការដែលអ្នកចំណាយពេលនៅជាមួយភាពស្ងប់ស្ងាត់ វានឹងជួយជំរុញឲ្យខួរក្បាលរបស់អ្នកមានភាពរឹងមាំជាងមុនទៅលើមុខងារ ៣ផ្នែក ដូចជា ការចងចាំ អារម្មណ៍ និងស្មារតីរៀនសូត្រ។ ហើយនេះគឺជាអ្វីដែលមនុស្សទូទៅស្វែងរក តែពួកគេមិនដែលចំណាយពេលនៅបែបនេះទេ ដូចនេះបើសិនជាអាច អ្នកគួរតែធ្វើឲ្យបាន។ ២) វាយតម្លៃនិងផ្ទុកឡើងវិញ៖ មានមនុស្សជាច្រើន មានបញ្ហាភ្លេចភ្លាំងរហូតដល់ពេលខ្លះពួកគេមិនចងចាំផងថាមានរឿងអ្វីកើតឡើងខ្លះ ឬមួយក៏រឿងធម្មតាៗដែលពួកគេមិនភ្លេច តែពួកគេនៅតែភ្លេចបាន។ តែសម្រាប់ការចំណាយពេលនៅស្ងប់ស្ងាត់វិញ អ្នកនឹងអាចនឹកឃើញរឿងទាំងអស់នោះបានយ៉ាងងាយស្រួល ហើយធ្វើការវាយតម្លៃលើវាបានល្អជាងមុនថែមទៀតផង។ ៣) កាត់បន្ថយការភ័យព្រួយ៖ នៅពេលដែលយើងនៅស្ងៀមស្ងាត់តែឯង វាហាក់បីដូចជាយើងកំពុងតែតាំងសមាធិអីចឹងផងដែរ ហើយវានឹងធ្វើឲ្យយើងចេះសម្រួលអារម្មណ៍មិនល្អទាំងឡាយឲ្យមានភាពប្រសើរជាងមុនបាន។ ៤) គិតបានវែងឆ្ងាយជាងមុន៖ ភាពរំខានពីអ្នកនៅជុំវិញខ្លួន ឬសំឡេងរំខាននានាអាចធ្វើឲ្យគិតមិនបានម៉ត់ចត់គ្រប់ជ្រុងជ្រោយដូចដែលយើងនៅស្ងាត់នោះទេ ហេតុនេះគួរតែចំណាយពេលនៅម្នាក់ឯងខ្លះៗផង ដើម្បីឲ្យការគិតមានកម្រិតល្អជាងមុន៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.powerofpositivity.com
X
5s