ការសម្រេចចិត្តទាំង៥ទាក់ទងនឹងលុយ ដែលអ្នកគួរតែពិចារណានៅវ័យ២០ឆ្នាំ
ប្រាក់មិនអាចទិញអ្វីបានគ្រប់យ៉ាងក៏ពិតមែន តែមានប្រាក់គឺអ្នកអាចទិញអ្វីៗបានស្ទើរតែគ្រប់យ៉ាង។ ប្រាក់ធ្វើឲ្យការរស់នៅរបស់មនុស្សម្នាក់ៗមានភាពងាយស្រួលជាងមុនច្រើន ហើយវាក៏ជួយធានាពីអនាគតរបស់អ្នកបានមួយផ្នែកផងដែរ។ ប្រសិនបើនេះជាវ័យ២០ឆ្នាំរបស់អ្នក ចំណុចប៉ុន្មានខាងក្រោមនេះគឺអ្នកគួរតែចាប់ផ្ដើមគិតគូរពីវាហើយ៖
១) សន្សំទុកមួយផ្នែក៖ អ្នកអាចគិតជាភាគរយថាតើអ្នកគួរទុកប៉ុន្មានភាគរយសម្រាប់ចំណូលរបស់អ្នក ហើយអ្នកក៏គួរតែចាប់ផ្ដើមសន្សំទុកបែបនេះរហូតទៅ ព្រោះវានឹងអាចជួយអ្នកនៅថ្ងៃណាមួយ ជាពិសេសបើអ្នកជាប់បំណុលអ្វីមួយ ឬត្រូវការប្រើប្រាស់ជាចាំបាច់។
២) ដោះស្រាយបំណុលឲ្យអស់៖ ទម្លាប់ខ្ចីលុយអ្នកដទៃមិនមែនជារឿងល្អប៉ុន្មាននោះទេ មិនថាអ្នកស្និទ្ធស្នាលជាមួយអ្នកនោះយ៉ាងណាក៏ដោយ ព្រោះពេលខ្លះវាអាចបង្កើតជាបញ្ហាដោយអ្នកមិនបានរំពឹងទុកឬនឹកស្មានមិនដល់ក៏អាចថាបាន។
៣) រៀនពីជំនាញថ្មីៗ៖ ការរៀនពីជំនាញថ្មីនឹងជួយធ្វើឲ្យអាជីពដែលអ្នកកំពុងតែចាប់យករាល់ថ្ងៃមានភាពខ្លាំងក្លាជាងមុន ព្រោះថាអ្នកចេះច្រើនជាងមុន ហើយនេះក៏ជាវិធីមួយដែលធ្វើឲ្យចៅហ្វាយនាយរបស់អ្នកឡើងប្រាក់ខែឲ្យអ្នកដោយសារតែគាត់ឃើញពីភាពលេចធ្លោរបស់អ្នក។
៤) កុំខ្លាចក្នុងការយកទៅប្រើប្រាស់៖ មនុស្សមួយចំនួនចូលចិត្តសន្សំប្រាក់ប៉ុន្តែពួកគាត់មិនចូលចិត្តយកវាទៅបណ្ដាក់ទុននោះទេ ព្រោះថាខ្លាចខាត។ ការខ្លាចនេះគឺត្រឹមត្រូវហើយ តែអ្នកគួរតែសាកល្បងទើបដឹងមិនមែនធ្វើការអោបលុយទុកអស់មួយជីវិតរបស់អ្នកនោះទេ។
៥) ចាត់ចែងរឿងចាយវាយខ្លួនឯង៖ អាយុប៉ុណ្ណេះទៅហើយ អ្នកមិនគួរឲ្យឪពុកម្ដាយរបស់អ្នកចាត់ចែងនិងហត់នឿយរឿងការចាយវាយរបស់អ្នកទៀតទេ អ្នកគួរតែក្លាយជាមនុស្សម្នាក់ដែលមានភាពឯករាជ្យបានហើយ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នករៀនចេះស្គាល់ពីទំនួលខុសត្រូវថែមទៀតផង៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.cheatsheet.com