ចម្លើយទាំង៤យ៉ាងដែលល្អបំផុត នៅពេលគេតម្រូវឲ្យអ្នកណែនាំអំពីខ្លួនអ្នក ក្នុងពេលសម្ភាសន៍ការងារ
នៅពេលទៅសម្ភាសន៍ម្ដងៗ អ្នកសម្ភាសន៍កម្រភ្លេចសំនួរនេះណាស់ ហើយសំនួរនេះទៀតសោតគឺជាសំនួរមួយដែលធ្វើឲ្យបេក្ខជន ឬបេក្ខនារីភាគច្រើនមានអារម្មណ៍ថាពិបាកឆ្លើយ ព្រោះវាហាក់បីដូចជាភ្លាមៗពេក។ តែបន្ទាប់ពីអានអត្ថបទនេះហើយ អ្នកនឹងមានអារម្មណ៍ថាធូរស្បើយក៏ដូចជាមានគំនិតច្រើនជាងមុនផងដែរសម្រាប់សំនួរមួយនេះ៖
១) ប្រភេទទី១៖ 'ខ្ញុំជាមនុស្សម្នាក់ដែលអាចសម្របបានទៅគ្រប់ស្ថានការណ៍ និងគ្រប់កាលៈទេសៈ ហើយខ្ញុំក៏អាចកែប្រែស្ថានការណ៍ពីខ្មៅងងឹតមកជាភ្លឺវិញបាន។' ឃ្លានេះនឹងធ្វើឲ្យអ្នកសម្ភាសន៍យល់ឃើញថាអ្នកជាមនុស្សដែលមោះមុតហើយមានភាពតស៊ូនៅក្នុងអាជីពការងារជាខ្លាំង។
២) ប្រភេទទី២៖ 'ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តបង្កើតអ្វីថ្មីៗ ហើយខ្ញុំអាចមើលឃើញឱកាសល្អៗដែលអ្នកដទៃមើលមិនងាយឃើញ។' ឃ្លានេះនឹងធ្វើឲ្យអ្នកសម្ភាសន៍របស់អ្នកយល់ថាអ្នកមនុស្សម្នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើឲ្យក្រុមហ៊ុនរបស់ពួកគេទទួលជោគជ័យបាន។
៣) ប្រភេទទី៣៖ 'ខ្ញុំជាមនុស្សម្នាក់ដែលមានគំនិតខុសប្លែកពីបុគ្គលិកធម្មតាដោយសារតែខ្ញុំមានគំនិតឆ្នៃប្រឌិតខ្ពស់។' ឃ្លានេះនឹងធ្វើឲ្យអ្នកសម្ភាសន៍របស់អ្នកយល់ឃើញថា អ្នកនឹងអាចក្លាយទៅជាបុគ្គលិកមួយរូបដែលនឹងផ្ដល់គំនិតថ្មីៗទៅដល់ក្រុមហ៊ុនរបស់ពួកគេក៏ដូចជាធ្វើឲ្យក្រុមហ៊ុនរបស់ពួកគេមានភាពល្អខុសប្លែកពីគេផងដែរ។
៤) ប្រភេទទី៤៖ 'ខ្ញុំជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ខ្ពស់ទៅលើការងារដែលខ្ញុំរ៉ាប់រង ហើយខ្ញុំតែងតែធ្វើវាឲ្យហើយតាមពេលវេលាកំណត់រាល់ពេល។' មួយឃ្លាចុងក្រោយនេះនឹងធ្វើឲ្យអ្នកសម្ភាសន៍របស់អ្នកយល់ឃើញថាអ្នកជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវនិងគោរពពាក្យសម្ដីខ្លួនឯងក៏ដូចជាតម្លៃនៃការងារផងដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org