រឿង​រ៉ាវ​ ​៧​យ៉ាង​​អ្នក​នឹង​ជួប​ប្រទះ​នៅ​ពេល​​ប្រកប​មុខ​ជំនួញ​ជា​លក្ខណៈ​គ្រួសារ​



ជាទូទៅមុខជំនួញនីមួយៗ តែងមានបញ្ហាក៏ដូចជារឿងស្មុគស្មាញដែលត្រូវជួបប្រទះ។ ចំណែកឯមុខជំនួញជាលក្ខណៈគ្រួសារក៏ដូចគ្នាផងដែរ ដោយបញ្ហាអាចនឹងកើតមានឡើង ហើយវាអាចជាបញ្ហាធំ ដែលអ្នកត្រូវតែខ្វាយខ្វល់ផងដែរ។ ខាងក្រោមនេះ គឺជារឿងរ៉ាវដែលអ្នកអាចជួបប្រទះនៅពេលអ្នកមានជំនួញជាលក្ខណៈគ្រួសារ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​គេហទំព័រ www.kpmgfamilybusiness.com៖ 

១) ការប៉ះពាល់ចិត្ត៖ នៅពេលដែលក្រុមគ្រួសារអ្នកមានបញ្ហាអ្វីមួយ ប្រាកដណាស់វានឹងមានផលប៉ះពាល់ ទៅលើការរកស៊ីទាំងនោះ ។ បញ្ហាទាំងនោះអាចជា បញ្ហាលែងលះឬបែកបាក់គ្នា បញ្ហាសុខភាព បញ្ហាលុយកាក់ ដែលបញ្ហាអស់ទាំងនេះគឺបង្ហាញពីការបែកបាក់ និងបញ្ហាក្នុងគ្រួសារ ដែលវាអាចធ្វើឲ្យមុខជំនួញបរាជ័យ។

២) គ្មានរបៀបរៀបរយ៖ ភាពគ្មានរបៀបរៀបរយនេះគឺសំដៅទៅលើច្បាប់ ទម្លាប់ នៃការរកស៊ី។ ជាធម្មតា បើអ្នកចង់ឲ្យមុខជំនួញកាន់តែជោគជ័យ អ្នកគប្បីត្រូវបង្កើតច្បាប់ទម្លាប់ត្រឹមត្រូវ ហើយអនុវត្តវាឲ្យបានម៉ត់ចត់។ ប៉ុន្តែការរកស៊ីលក្ខណៈគ្រួសារនេះ វាហាក់ដូចជាគ្មានច្បាប់អ្វីមួយតឹងរ៉ឹងដែលគ្រប់គ្នាត្រូវគោរពទាល់តែសោះ។

៣) ចក្ខុវិស័យនៅមានកំណត់៖ ដោយសារតែការរកស៊ីនេះគឺគ្មានការរួមបញ្ចូលជាមួយអ្នកដទៃ ហេតុនេះហើយ ទើបធ្វើឲ្យពួកគេខ្វះខាតគំនិតពីខាងក្រៅ ក៏ដូចជាគំនិតចម្រុះផ្សេងៗក្នុងការរកស៊ីផងដែរ។

៤) គ្មានផែនការយុទ្ធសាស្ត្រត្រឹមត្រូវ៖ ពួកគេគ្មានគម្រោងឯកសារ ត្រឹមត្រូវដែលបញ្ជាក់ពីការរកស៊ីរបស់ខ្លួន ក៏ដូចជាគ្មានគម្រោងផែនការសម្រាប់អនាគតផងដែរ។

៥) កង្វះភាពប៉ិនប្រសប់៖ វាកើតឡើងដោយសារតែការជ្រើសរើសសមាជិកគ្រួសារដែលពុំមានជំនាញនឹងអ្វីដែលពួកគេធ្វើ ក៏ដូចជាគ្មានសមត្ថភាពចាត់ចែងការងារផងដែរ។ ហេតុនេះហើយទើបធ្វើឲ្យការរកស៊ីនោះ ប្រឈមមុខនឹងបុគ្គលិកដែលកង្វះភាពប៉ិនប្រសប់។

៦) ឈ្លោះប្រកែកពីគោលដៅ៖ ទោះបីជាគ្រួសារតែមួយមែន ប៉ុន្តែគំនិតនិងទស្សនៈយល់ឃើញចំពោះការរកស៊ីគឺខុសប្លែកគ្នា។ ហេតុនេះហើយ ទើបវាជារឿងចាំបាច់ណាស់ ក្នុងការបង្ហាញអំពីគោលដៅជាក់លាក់មួយ ដើម្បីជៀសវាងការមានជម្លោះក្នុងគ្រួសារ។

៧) កង្វះការយកចិត្តទុកដាក់ពីអ្នកជំនាន់ក្រោយ៖ មុខជំនួញលក្ខណៈគ្រួសារនេះ តែងតែបន្តគ្រប់ជំនាន់ ហើយអ្នកមិនអាចដឹងបានទេថាមុខជំនួញនោះអាចជោគជ័យឬអត់នៅថ្ងៃខាងមុខ ព្រោះ អ្នកគ្រប់គ្រងគឺខុសគ្នា។ កូនៗអាចនឹងមិនសូវយកចិត្តទុកដាក់ខ្លាំង ទៅលើអាជីវកម្មដែលឪពុកម្ដាយ បានបន្សល់ទុកឲ្យ។ ដូចនេះវាគឺជាបញ្ហាស្មុគស្មាញ ក៏ដូចជាសញ្ញានៃភាពមិនចុះសម្រុងគ្នានៃការរកស៊ីផងដែរ៕

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

X
5s