៧សំណួរដែលអ្នកត្រូវសួរខ្លួនឯងមុននឹងឈានចូលទៅកាន់ស្នេហាថ្មី
ការឈានចូលទៅកាន់ស្នេហាថ្មីគឺជារឿងធំដែលអ្នកត្រូវគិត ប្រសិនបើអ្នកមិនចង់ឲ្យស្នេហាថ្មីនោះបាត់បង់ដូចស្នេហាចាស់ម្ដងទៀត។ ខាងក្រោមនេះគឺជាសំណួរទាំង៧ដែលអ្នកត្រូវតែសួរខ្លួនឯង មុននឹងឈានចូលទៅកាន់ស្នេហាថ្មី៖
១) តើអ្នកត្រៀមខ្លួនរួចរាល់ឬនៅ៖ ចំណងមិត្តភាពទាមទារឲ្យអ្នកមានពេលវេលា និងថាមពលគ្រប់គ្រាន់ ហេតុដូចនេះ អ្នកត្រូវប្រាកដថាជីវិតអ្នកអាចលះបង់អ្វីអស់ទាំងនេះដើម្បីស្នេហា។
២) តើអ្នកឈប់គិតពីសង្សារចាស់ឬនៅ៖ នេះគឺជាសំណួរដែលអ្នកត្រូវតែសួរខ្លួនឯង ហើយមិនត្រូវមើលរំលងសំណួរនេះទេ។ ប្រសិនបើអ្នកសម្រេចចិត្តមានស្នេហាថ្មី ទាំងដែលខ្លួនឯងត្រូវការអ្នកចាស់ត្រលប់មកវិញនោះ ស្នេហាថ្មីគឺមិនអាចកើតមានឡើយចំពោះអ្នក។
៣) តើស្នេហាចាស់ធ្លាប់មានបញ្ហាអ្វីខ្លះ៖ អ្នកត្រូវស្វែងរកពីបញ្ហាអ្វីខ្លះដែលអ្នកធ្លាប់ជួបប្រទះ បន្ទាប់មកស្វែងរក ដំណោះស្រាយ រួចប្រាប់ខ្លួនឯងទៀតថា មិនត្រូវដើរលើផ្លូវនោះម្ដងទៀតទេ។
៤) តើអ្នកកំពុងស្វែងរកស្នេហាដូចម្ដេច៖ វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវសួរខ្លួនឯងពីរឿងនេះ ហើយវាមិនត្រឹមតែផ្ដល់ប្រយោជន៍ដល់អ្នកប៉ុណ្ណោះទេ ថែមទាំងដល់ដៃគូថ្មីរបស់អ្នកទៀតផងសម្រាប់ធ្វើការយល់ចិត្តគ្នាឲ្យកាន់តែច្បាស់។
៥) តើអ្នកស្រលាញ់ខ្លួនឯងឬទេ៖ អ្នកមិនអាចស្រលាញ់នរណាម្នាក់ដោយមិនស្រលាញ់ខ្លួនឯងបានទេ ព្រោះបញ្ហាអាចនឹងកើតមានឡើង ហើយអ្នកនឹងមិនអាចទទួលយកស្នេហាពីអ្នកដទៃបានទេ។
៦) តើមនុស្សដែលមានចរិតលក្ខណៈបែបណាដែលអ្នកត្រូវការ៖ តើអ្នកត្រូវការមនុស្សដែលក្លាហាន កំប្លែង រម្យទមរៀបសារ ចិត្តល្អ ឬក៏ មនុស្សដែលខិតខំធ្វើការងារ? នេះជាសំណួរដែលអ្នកត្រូវសួរខ្លួនឯង។
៧) តើអ្នកពេញចិត្តនឹងណែនាំគេឲ្យអ្នកដទៃស្គាល់ទេ៖ ជាការពិតណាស់នៅពេលអ្នកមានស្នេហាថ្មី ថ្មោងនោះ អ្នកត្រូវតែណែនាំពួកគេឲ្យអ្នកដទៃបានស្គាល់។ ដូច្នេះតើអ្នកមានអារម្មណ៍សប្បាយចិត្តទេនៅពេលមានរូបគេជាសង្សារនោះ?
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org