សញ្ញាទាំង៥យ៉ាង ដើម្បីដឹងថា អ្នកកំពុងក្រៀមក្រំចិត្តខ្លាំង
ការក្រៀមក្រំចិត្តនេះ គឺជាជំងឺមួយដែលកើតមានឡើងលើមនុស្សរាល់គ្នា។ បើការក្រៀមក្រំចិត្តនេះ កើតមានឡើងចំពោះអ្នកហើយនោះ វាកាន់តែធ្វើឲ្យជីវិតពិបាកកាន់តែខ្លាំង។ តើធ្វើដូចម្ដេចទៅ ដើម្បីដឹងថា អ្នកកំពុងក្រៀមក្រំចិត្ត៖
១) ព្យាយាមឃ្លាតឆ្ងាយពីអ្នកដទៃ៖ អ្នកអាចដឹងថាអ្នកជាមនុស្សធ្លាក់ទឹកចិត្តបាន ដោយសារតែគម្លាតកាន់តែឆ្ងាយរវាងអ្នកនឹងអ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះ ចំនួនមិត្តភក្ដិក៏កាន់តែតិចតួច មិនសូវមានភាពសកម្មជាមួយអ្នកដទៃ មិនចង់ជួបមុខជាមួយនរណា ហើយតែងមានគំនិតអវិជ្ជមានផងដែរ។
២) គ្មានចំណាប់អារម្មណ៍នឹងអ្វីទាល់តែសោះ៖ សកម្មភាពណាដែលធ្លាប់ធ្វើឲ្យអ្នកសប្បាយរីករាយហើយអ្នកខ្វះមិនបាននោះ តែប្រែក្លាយទៅជាគ្មានន័យដូចមុនក៏ជាសញ្ញាបង្ហាញថាអ្នកកំពុងក្រៀមក្រំចិត្តដែរ។
៣) ផ្លាស់ប្ដូរចិត្តលឿន ៖ អ្នកដែលមានការក្រៀមក្រំចិត្តតែងផ្លាស់ប្ដូរអារម្មណ៍ភ្លឹបភ្លែត ដែលពេលខ្លះក៏សប្បាយរួចប្រែទៅជាយំសោកវិញយ៉ាងឆាប់រហ័សក៏មាន។ ដូចនេះអ្នកក៏អាចដឹងថាខ្លួនឯងកំពុងពិបាកចិត្ត នៅពេលមានការផ្លាស់ប្ដូរអារម្មណ៍លឿនបែបនេះ។
៤) តែងតែនឿយហត់អស់កម្លាំង៖ ការខ្វាយខ្វល់និងគិតច្រើនពីរឿងមិនសប្បាយចិត្តនានា ក៏បណ្ដាលឲ្យប៉ះពាល់ដល់ផ្លូវចិត្ត ហើយក៏មានអារម្មណ៍ថាខ្លួនគ្មានកម្លាំងកំហែងក្នុងការធ្វើអ្វីមួយ។ ដូចនេះអ្នកគួរចេះលើកទឹកចិត្តខ្លួនឯង ដើម្បីកុំឲ្យមានការធ្លាក់ទឹកចិត្តព្រោះ វាអាចប៉ះពាល់ខ្លាំងដល់សុខភាពផងដែរ។
៥) ការអត់ងងុយ៖ ជាការពិតណាស់ ការធ្លាក់ទឹកចិត្តគឺជាបញ្ហាផ្លូវចិត្តមួយ ដែលពេលខ្លះវាប៉ះពាល់ដល់ដំណេកប្រចាំថ្ងៃរបស់អ្នក។ នៅពេលដែលអ្នកចំណាយពេលច្រើនម៉ោងក្នុងការសំងំគេង ហើយវានៅតែមិនបានផល នោះបញ្ជាក់ថាអ្នកមានជំងឺធ្លាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរហើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com