ភាពខុសគ្នា៤យ៉ាងរវាងបុរសស្រលាញ់អ្នកត្រឹមតែជាសង្សារនិងបុរសចង់បានអ្នកជាគូអនាគត
ជាការពិតណាស់រវាងបុរស ដែលចង់បានអ្នកត្រឹមតែជាសង្សារនិងបុរសដែលចង់បានអ្នកជាគូអនាគត គឺតែងតែងសម្ដែងសកម្មភាពខុសៗគ្នា។ ហេតុដូចនេះហើយ អ្នកត្រូវចេះសង្កេតមើលនិងកំណត់ឲ្យបានច្បាស់ថាតើបុរសមួយណាដែលពិតជាត្រូវការហើយស្រលាញ់អ្នកដោយស្មោះនោះ។
ខាងក្រោមនេះជាអ្វី ដែលអ្នកត្រូវដឹង៖
១) បុរសចង់បានអ្នកត្រឹមជាសង្សារ៖ ពួកគេតែងលើកប្រធានបទណាដែលគ្មានប្រយោជន៍អ្វីសោះ មកនិយាយ ហើយពេលខ្លះក៏ជីកកកាយរឿងរ៉ាវចាស់ៗរបស់អ្នកជាមួយនឹងសង្សារចាស់ទៀតផង។
បុរសចង់បានអ្នកជាគូអនាគត៖ រាល់ការសន្ទនាជាមួយគ្នា ភាគច្រើនគេតែងសួរនាំអ្នកពីរឿង ដែលមានប្រយោជន៍ ដូចជាអ្វីខ្លះដែលជាចំណង់ចំណូលចិត្ត អ្វីខ្លះដែលនាងមិនចូលចិត្ត អ្វីខ្លះដែលនាងតែងតែធ្វើ។ ការសួរបែបនេះបញ្ជាក់ថា រូបគេពិតជាខ្វាយខ្វល់ណាស់ពីអ្វីដែលអ្នកត្រូវការ ហើយមានចិត្តចង់រស់នៅជាមួយអ្នកជារៀងរហូត។
២) បុរសចង់បានអ្នកត្រឹមជាសង្សារ៖ ពួកគេមិនដែលសាកសួរពីជីវិតក្រុមគ្រួសារអ្នកទេ មិនដែលមានគម្រោងដើម្បីជួបក្រុមគ្រួសារអ្នក ហើយមិនដែលបង្ហាញពីគោលបំណងអ្វីច្បាស់លាស់ទាល់តែសោះ សម្រាប់ពេលអនាគត។
បុរសចង់បានអ្នកជាគូអនាគត៖ មិនថាមានរឿងអ្វីកើតឡើង ពួកគេតែងសាកសួរពីក្រុមគ្រួសាររបស់អ្នក តើគ្រួសារអ្នកត្រូវការមនុស្សដូចម្ដេច តើគេត្រូវកែប្រែអ្វីខ្លះដើម្បីមានឱកាសបានចូលជាសមាជិកគ្រួសារអ្នកដែរ។
៣) បុរសចង់បានអ្នកត្រឹមជាសង្សារ៖ ពេលអ្នកមានកំហុសអ្វីមួយ ពួកគេតែងប្រើប្រាស់ពាក្យសម្ដីទ្រគោះបោះបោក ប្រើប្រាស់ពាក្យមិនសមរម្យ ហើយចូលចិត្តទម្លាក់កំហុសមកលើរូបអ្នកទាំងស្រុង ដើម្បីឲ្យមើលឃើញថាគេជាមនុស្សដែលសមនឹងឈ្នះ។
បុរសចង់បានអ្នកជាគូអនាគត៖ ទោះបីជាមានបញ្ហាឬ មានជម្លោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏គេមិនដែលហាមាត់ប្រើប្រាស់ពាក្យមិនគប្បីទៅលើអ្នកជាដាច់ខាត ។ គេដោះស្រាយជម្លោះនិងវិវាទដោយសន្តិវិធី ព្រោះគេមិនចង់ឲ្យមនុស្សទាំងសងខាងទទួលបានផលលំបាកពីវានោះទេ។
៤) បុរសចង់បានអ្នកត្រឹមជាសង្សារ៖ ពេលពួកគេណាត់ជួបអ្នកចេញទៅក្រៅ គេតែងផ្ដោតសំខាន់លើសម្រស់ខាងក្រៅនិងការតុបតែងខ្លួនរបស់អ្នក។ ប្រសិនបើអ្នកតុបតែងមិនស្អាត ឬមិនស័ក្ដិសមនិងតម្រូវការនោះទេ ពួកគេនឹងសម្ដែងអាការៈមិនពេញចិត្តដាក់អ្នកភ្លាម។
បុរសចង់បានអ្នកជាគូអនាគត៖ ពួកគេតែងយល់ថាមនុស្សម្នាក់ៗមានសម្រស់ផ្ទាល់ខ្លួនរបស់គេ ហើយតែងទទួលយកអ្វីគ្រប់បែបយ៉ាងដែលសង្សាររបស់ខ្លួនមាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www. lifehack.org