តើ​ជីវិត​លោក Jack Ma ធ្លាប់​ជួប​ប្រទះ​ឧបសគ្គ​ជូរចត់​យ៉ាង​ណា​ខ្លះ​ទម្រាំ​បាន​ក្លាយ​ជា​អ្នក​មាន?​



លោកJack Maគឺជាស្ថាបនិករបស់ Alibaba Group ហើយមានទ្រព្យសម្បត្តិរហូតដល់ទៅ ២៣,៣ពាន់លានដុល្លារអាមេរិក ពេលនេះ លោកក្លាយទៅជាអ្នករកស៊ីដ៏គំរូម្នាក់ មិនមែនសម្រាប់តែជនជាតិចិនទេគឺសម្រាប់ប្រជាជនលើពិភពលោក។ ទម្រាំលោកបានជោគជ័យដូចសព្វថ្ងៃ លោកបានដើរដួលជាច្រើនសាររួចមកហើយ តែគ្មានឧបសគ្គណាដែលអាចរារាំងទឹកចិត្តពុះពាររបស់លោកបានទេ។ តើឧបសគ្គនោះមានអ្វីខ្លះទៅ? ១) តែងតែប្រលងធ្លាក់៖ លោកJack Maមិនមែនជាសិស្សពូកែនោះទេ ជាការពិតណាស់លោកសឹងតែគ្មានឱកាសបន្តការសិក្សាដល់ថ្នាក់អនុវិទ្យាល័យទៀតផង។ លោកនិយាយថា៖ « ខ្ញុំប្រលងធ្លាក់តេស្ដសំខាន់ៗ ២ដងក្នុងថ្នាក់បឋមសិក្សា ហើយធ្លាក់៣ដងពេលរៀនថ្នាក់អនុវិទ្យាល័យ ហើយធ្លាក់២ដងទៀតនៅពេលប្រលងចូលថ្នាក់មហាវិទ្យាល័យ។» ២) ទទួលបានតែ១ពិន្ទុក្នុងចំណោម១២០ពិន្ទុសម្រាប់មុខវិជ្ជាគណិតវិទ្យា៖ លោកថា ការដែលបានពិន្ទុតិចបែបនេះគឺដោយសារតែលោកគ្មានពេលគ្រប់គ្រាន់ក្នុងការរៀបចំសិក្សាពីវា។ ប៉ុន្តែពេលនេះលោកកាន់តែចេះដឹងច្រើនពីគណិតវិទ្យា ដោយសារតែលោកជាម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាAlibaba ដ៏ធំមួយនោះ។ ៣) សាកលវិទ្យាល័យHarvard មិនទទួលយកលោកចំនួន១០ដង៖ លោកJack Ma និយាយថា៖ «អ្វីដែលសំខាន់សម្រាប់អ្នកគឺការអត់ធ្មត់។» ដូចនេះលោកនឹងមិនរាថយឡើយទោះបីសកលវិទ្យាល័យនោះមិនទទួលយកលោក។ ៤) បរាជ័យក្នុងការទទួលបានការងាររហូតដល់ទៅ៣០ដង៖ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យលោកបានស្វែងរកការងារ រហូតដល់ទៅ៣០ការងារ តែបរាជ័យទាំងអស់។ រហូតដល់ថ្នាក់លោកចង់បានការងារជាមន្ត្រីប៉ូលិសទៀតផង ប៉ុន្តែក៏ត្រូវបានគេប្រកែកដោយប្រើពាក្យយ៉ាងខ្លីថា៖ «លោកមិនស័ក្ដិសមទេ។» ៥) ជាបេក្ខជនសម្ភាសន៍តែម្នាក់ទេដែលធ្លាក់ក្នុងចំណោមបេក្ខជន២៤រូបនៅឯKFC ៖ បេក្ខជន២៣រូបត្រូវបានគេជ្រើសរើសឲ្យធ្វើជាបុគ្គលិក លើកលែងតែលោកតែម្នាក់ឯងប៉ុណ្ណោះដែលមិនបានជាប់។ ការធ្លាក់នោះគឺដោយសារតែលោកមានរូបសម្បត្តិមិនសមសួន ប៉ុន្តែភរិយារបស់លោកក៏ធ្លាប់បាននិយាយដែរថា៖ «ទោះបីប្ដីខ្ញុំមិនសង្ហារមែន តែគាត់អាចធ្វើអ្វីបានគ្រប់យ៉ាងទាំងអស់ដែលបុរសសង្ហារៗ ទាំងនោះធ្វើមិនបានដូចគាត់ទេ»៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.entrepreneur.com
X
5s