កំហុសទាំង ៤ដែលអ្នកមិនគួរធ្វើនៅពេលដាក់ឬកំណត់គោលដៅម្ដងៗ
ក្នុងជីវិតមនុស្សគ្រប់រូប គឺសុទ្ធតែមានគោលដៅដែលខ្លួនតែងប៉ងប្រាថ្នាចង់ទៅដល់ ហើយក៏មានមនុស្សមិនតិចនាក់ដែរដែលបានជួបជាមួយនឹងបរាជ័យដោយសារតែពួកគេកំណត់គោលដៅខុស ខ្វះការព្យាយាម ឬភាពអំណត់អត់ធន់ជាដើម។ យ៉ាងណាមិញ ប្រសិនបើអ្នកចង់កំណត់គោលដៅដ៏ជាក់លាក់មួយ អ្នកមិនគួរធ្វើរឿងខាងក្រោមនេះនោះទេ៖
១) ចង់បានលទ្ធផលក្នុងរយៈពេលខ្លី៖ មិនថានរណាៗនោះទេ គឺសុទ្ធតែចង់ធ្វើការងារណាដែលងាយស្រួល មិនសូវប្រើការគិតច្រើន ឬក៏ការងារណាដែលពួកគេអាចមើលឃើញផលចំណេញនៅនឹងមុខភ្នែករបស់ពួកគេតែម្ដង តែអ្នកមិនសូវបានចាប់អារម្មណ៍អំពីផលប្រយោជន៍ដែលអាចទទួលបានក្នុងរយៈពេលយូរអង្វែងនោះទេ។ ដូចនេះអ្នកត្រូវគិតអំពីអនាគតរបស់អ្នកឲ្យបានផ្ចិតផ្ចង់ហើយវែងឆ្ងាយ មិនមែនឃើញតែផលប្រយោជន៍បន្តិចបន្តួចនៅនឹងមុខនោះទេ។
២) ការសម្រេចចិត្តដោយសារកត្តាជុំវិញខ្លួន៖ ការសម្រេចចិត្តអ្នកនឹងអាចធ្វើឡើងទៅបានដោយសារតែអ្នក និងអ្វីៗដែលនៅជុំវិញខ្លួនអ្នក ដូចជាគំនិតរបស់អ្នកដទៃ ឬស្ថានការណ៍នៅជុំវិញខ្លួនអ្នកជាដើម តែមិនថាយ៉ាងណានោះទេ អ្វីដែលសំខាន់បំផុតនោះគឺខ្លួនអ្នក ថាតើអ្នកចូលចិត្តអ្វីហើយចង់បានអ្វីនៅក្នុងជីវិត ព្រោះនេះជាជីវិតរបស់អ្នក។
៣) កំណត់គោលដៅច្រើនពេក៖ មនុស្សម្នាក់ៗមានគោលដៅច្រើនណាស់ដែលខ្លួនចង់បំពេញ តែប្រសិនបើអ្នកកំណត់គោលដៅនោះ ហើយធ្វើវាក្នុងពេលតែមួយ អ្នកនឹងមិនអាចជោគជ័យនៅក្នុងគោលដៅណាមួយពិតប្រាកដឡើយ ព្រោះថាមិនមែនអ្នកមិនមានសមត្ថភាពគ្រប់គ្រាន់នោះទេ គឺអ្នកត្រូវការការផ្ចិតផ្ចង់អារម្មណ៍ក្នុងការធ្វើវា ទើបអាចទទួលបាននូវភាពជោគជ័យបាន។
៤) គ្មានផែនការនឹងការអនុវត្ត៖ អ្នកខ្លះចង់បាននេះចង់បាននោះ តែពួកគេមិនដែលបានធ្វើអ្វីសោះ ហើយតែងតែរអ៊ូថាហេតុអ្វីបានជាជីវិតរបស់ពួកគេមិនល្អដូចជាជីវិតរបស់អ្នកដទៃផ្សេងទៀត។ ការធ្វើបែបនេះគឺខុសទាំងស្រុង នៅពេលដែលអ្នកដាក់គោលដៅណាមួយ អ្នកគួរតែរៀបវិធីសាស្រ្តឬផែនការឲ្យបានល្អ យកវាមកអនុវត្តទើបអាចឃើញលទ្ធផលបាន មិនមែនដេកចាំភាពជោគជ័យនោះទេ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org