រឿងទាំង៥យ៉ាងដែលមិនគួរអត់ទ្រាំចំពោះស្នេហាអ្នក
ទោះបីអ្នកស្រលាញ់គ្នាស្មោះស្ម័គ្រយ៉ាងណាក្ដី ប៉ុន្តែបើមានម្នាក់ធ្វើអ្វីដែលលើសលប់ដល់ថ្នាក់អ្នកមិនអាចទទួលយកបាន អ្នកមិនត្រូវអត់ទ្រាំនឹងស្នេហានោះទៀតទេ។ នេះជាអ្វីដែលអ្នកត្រូវដឹងថា តើរឿងអ្វីខ្លះដែលមិនគួរអត់ទ្រាំចំពោះដៃគូស្នេហា?
១) សង្សារចាស់តែងព្យាយាមមកជិតដៃគូអ្នក៖ តើគេអាចគិតពីរឿងអនាគតជាមួយអ្នកបានទេ នៅពេលដែលគេកំពុងតែមានសង្សារចាស់នៅជិត ហើយព្យាយាមស្វែងរកឱកាសនៅជាមួយគ្នាវិញនោះ? ហេតុនេះហើយ នៅពេលអ្នកជួបបញ្ហាបែបនេះ អ្នកត្រូវនិយាយឲ្យបានច្បាស់ជាមួយដៃគូរបស់អ្នក ថាតើរឿងនោះវាប៉ះពាល់យ៉ាងណាខ្លះដល់ស្នេហា។
២) គ្មានការគាំទ្រគ្នា៖ ជាការពិតណាស់ មនុស្សម្នាក់ៗ តែងតែទាមទារការគាំទ្រ និងការលើកទឹកចិត្តផ្សេងៗ ពីអ្នកដទៃជាពិសេសមនុស្សដែលនៅជិតខ្លួនជាទីបំផុត។ តែបើពួកគេមិនផ្ដល់ការគាំទ្រ នៅក្រោយខ្នងអ្នកទេនោះ គេមិនស័ក្ដិសមជាមនុស្សដែលជិតស្និទ្ធសម្រាប់អ្នកតទៅទៀតឡើយ។
៣) ធ្វើបានផ្លូវចិត្តអ្នក៖ ការធ្វើបាបផ្លូវចិត្តនេះ វាជារឿងមួយដ៏គួរឲ្យឈឺចាប់បំផុត ហើយអ្នកមិនត្រូវទ្រាំទ្រនឹងវានោះទេ។ ការធ្វើបានផ្លូវចិត្តនេះរួមមាន ការធ្វើឲ្យអាម៉ាស់មុខនៅចំពោះមុខអ្នកដទៃ បង្ខំឲ្យអ្នកសុំការអនុញ្ញាតមុនពេលចេញទៅក្រៅ ការជះកំហឹងមកលើអ្នកដោយគ្មានមូលហេតុ ជេរប្រមាថមាក់ងាយអ្នក និងការគំរាមកំហែងផ្សេងៗទៀត។
៤) ចង់លាក់បាំងស្នេហាមិនឲ្យអ្នកដទៃដឹង៖ ប្រសិនបើគេពិតជាស្រលាញ់និងស្មោះស្ម័គ្រចំពោះអ្នកពិតមែន វាមិនមានហេតុផលអ្វីដែលត្រូវលាក់បាំងស្នេហាមិនឲ្យអ្នកដទៃដឹងនោះទេ។ តែបើគេពិតជាចង់បិទបាំងស្នេហានោះមែន វាប្រាកដជាមានរឿងអ្វីមិនល្អនៅពីក្រោយអ្នកហើយ។
៥) តែងគិតថាអ្នកជាមនុស្សមិនល្អគ្រប់ពេល៖ មិនមែនបានន័យថាអ្នកជាមនុស្សដែលល្អគ្រប់១០នោះទេ ប៉ុន្តែពេលខ្លះអ្នកក៏ទទួលស្គាល់ថាខ្លួនមិនល្អត្រង់ចំណុចណាខ្លះដែរ។ តែបើអ្នកជួបដៃគូណា ដែលតែងតែចោទប្រកាន់ខុសទំនងនោះ ក៏វាជាបញ្ហាដល់ស្នេហាអ្នកដែរ។ គេធ្វើបែបនេះគឺបង្ហាញយ៉ាងច្បាស់ថា គេមិនជឿជាក់ ហើយថែមទាំងជាមនុស្សដែលគិតរឿងមិនល្អលើអ្នកដទៃទៀតផង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.bustle.com