ស្តង់ដារតំណភ្ជាប់ឥតខ្សែ Bluetooth 5 នឹងត្រូវប្រកាសផ្លូវការសប្ដាហ៍ក្រោយ ល្បឿនលឿនជាងមុន ៤ដង ហើយដែនធំជាងមុន ២ដង
ប្ល៊ូធូសដែលជាតំណភ្ជាប់សម្រាប់ការផ្ទេរទិន្នន័យដោយមិនប្រើខ្សែ ពេលនេះមានសេចក្ដីរាយការណ៍មកថា នៅសប្ដាហ៍ក្រោយនេះ នឹងចេញដល់ជំនាន់ Bluetooth 5។ Bluetooth 5 នឹងមានល្បឿនបញ្ជូនទិន្នន័យលឿនជាងមុន ៤ដង ហើយមានដែនបញ្ជូនទិន្នន័យធំជាងមុន ២ដង។ នេះបើយោងតាមការលើកឡើងរបស់នាយកអង្គការ Bluetooth Special Interest Group លោក Mark Powell។
Bluetooth 5 ត្រូវគេរំពឹងថា នឹងត្រូវបានអភិវឌ្ឍរឹតតែមានល្បឿនបញ្ជូនទិន្នន័យលឿនជាងមុន ហើយមានដែនបញ្ជូនបានធំជាងមុនផងដែរ។ ក្រៅពីមានល្បឿនលឿនជាងមុន ៤ដង និងដែនបញ្ជូនធំជាងមុន ២ដងហើយនោះ Bluetooth 5 ថែមទាំងផ្ដល់ការគាំទ្រសម្រាប់សេវាតំណភ្ជាប់កាន់តែច្រើនជាងមុន ហើយក្នុងនោះក៏អាចជួយក្នុងការរុករកអ្វីៗនៅផ្នែកខាងក្នុងនៃសំណងអគារផងដែរ។
សូមបញ្ជាក់ថាអង្គការSIG អភិវឌ្ឍបច្ចេកវិទ្យា Blueooth កន្លងទៅ មានការគាំទ្រពីបណ្ដាក្រុមហ៊ុនទូរស័ព្ទស្ទើរទាំងអស់ ពិសេសគឺក្រុមហ៊ុនបច្ចេកវិទ្យាធំៗតែម្ដង ដូចជា ក្រុមហ៊ុន Apple, Intel និង Microsoft។
ក្រុម SIG បានពន្យល់ថា ខ្លួនបានប្រើឈ្មោះ Bluetooth 5 គឺដើម្បីងាយស្រួលដល់អ្នកប្រើ ចំណាំដឹងអំពីជំនាន់របស់ Bluetooth ជាក់ស្ដែង Bluetooth ត្រូវបានចេញឱ្យប្រើផ្លូវការនៅលើឧបករណ៍អេឡិចត្រូនិកចាប់តាំងពីឆ្នាំ១៩៩៤ ដែលពេលនោះត្រូវបានក្រុមហ៊ុន Ericsson យកទៅបំពាក់នៅលើឧបករណ៍របស់ខ្លួន។ នេះជាជំនាន់ Bluetooth ចាប់តាំងពីជំនាន់ដំបូងគឺ Bluetooth v1.0 និង v1.0B, Bluetooth v1.1, Bluetooth v1.2, Bluetooth v2.0 + EDR, Bluetooth v2.1 + EDR, , Bluetooth v3.0 + HS, Bluetooth v4.0, Bluetooth v4.1, Bluetooth v4.2 និង Bluetooth v5 នេះតែម្ដង៕