វិធី​៤​​យ៉ាង​ធ្វើ​ដើម្បី​រក្សា​ជីវិត​​​អាពាហ៍ពិពាហ៍​ឱ្យ​នៅ​ស្ថិត​ស្ថេរ​​​ពេល​អ្នក​មាន​អាយុ​ ៣០​ឆ្នាំ​ឡើង​



នៅពេលអ្នកដើរតាមដងផ្លូវ ហើយបានឃើញលោកតា និងលោកយាយដែលមានភាពជិតស្និទ្ធនិងនៅតែបង្ហាញពីក្ដីស្រលាញ់ដែលពួកគាត់មានចំពោះគ្នា អ្នកនឹងមានអារម្មណ៍ថាស្នេហាពិត គឺពិតជាមានមែន។ ប៉ុន្តែមុននឹងឈានដល់ដំណាក់កាលនេះ ពួកគាត់ក៏ធ្លាប់បានឆ្លងកាត់រឿងរ៉ាវលំបាកលំបិនជាមួយគ្នាផងដែរ។ ដូចនេះ ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យបានយូរ តើអ្នកគួរធ្វើដូចម្ដេចខ្លះ? ១) ឧស្សាហ៍បង្ហាញពីអារម្មណ៍ដែលមានចំពោះគ្នា៖ ការបង្ហាញពីអារម្មណ៍នេះនឹងកាន់តែធ្វើឲ្យដៃគូអ្នកយល់ពីអ្នកកាន់តែច្បាស់ទៅៗ។ មិនថា អ្នកមានអារម្មណ៍ល្អ មិនល្អឬក៏មានអារម្មណ៍ទើសទាល់ចំពោះគ្នានោះទេ អ្វីដែលសំខាន់ ការបង្ហាញពីអារម្មណ៍ពិតនេះគឺបង្ហាញពីការយកចិត្តទុកដាក់ចំពោះគ្នា ទោះបីអ្នកស្រលាញ់គ្នាយូរហើយយ៉ាងណាក្ដី។ ២) ត្រូវផ្ដល់ពេលវេលាបុគ្គលចំពោះគ្នា៖ សម្រាប់គូស្នេហ៍ដែលស្រលាញ់គ្នាជាច្រើនឆ្នាំមកហើយនោះពួកគេតែងដឹងគ្រប់យ៉ាងពីគ្នា។ ហេតុនេះ មិនចាំបាច់ប្រើពេលច្រើនទៀតទេក្នុងការស៊ើបអង្កេតគ្នានោះ។ ម្ខាងទៀតនឹងមិនមានអារម្មណ៍ថាស្រណុកខ្លួនទាល់តែសោះ នៅពេលដែលអ្នកតាមដាននិងដេញដោលគ្រប់ពេលវេលាដែលគេធ្វើអ្វីមួយ។ ៣) ត្រូវចេះបត់បែនតាមកាលៈទេសៈ៖ អ្នកមិនដឹងថាថ្ងៃមុខមានរឿងអ្វីកើតឡើងចំពោះអ្នកនឹងក្រុមគ្រួសារនោះទេ។ ហេតុនេះហើយទោះស្ថិតក្នុងកាលៈទេសៈណាក្ដីអ្នកត្រូវតែចេះសម្របខ្លួនជាមួយគ្នា ព្រមទាំងបត់បែនតាមអ្វីដែលអ្នកគិតថាល្អជាទីបំផុតសម្រាប់គ្រួសារ។ ៤) ធ្វើអ្វីដែលសប្បាយៗរួមគ្នា៖ មិនថាកិច្ចការអ្វីនោះទេ អ្នកគួរតែធ្វើវារួមគ្នាជាមួយប្ដីប្រពន្ធរបស់អ្នក ដើម្បីបង្ហាញថាកិច្ចការអ្វីក៏ដោយក៏អ្នកមិនអាចខ្វះគ្នាបានដែរ។ អ្នកអាចចេញទៅធ្វើលំហាត់ប្រាណជាមួយគ្នា ដើរផ្សារជាមួយគ្នា ធ្វើដំណើរកម្សាន្តឲ្យបានច្រើន ក៏ជារឿងមួយដ៏ល្អផងដែរក្នុងការរក្សាអាពាហ៍ពិពាហ៍របស់អ្នក៕ ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖www.health.com
X
5s