ហេតុផល​៥​យ៉ាង​​បញ្ជាក់​ថា អ្នក​គួរ​ឈប់​ធ្វើ​ការ​ឲ្យ​គេ ​​ហើយ​ងាក​មក​បើក​ជំនួញ​​​ខ្លួន​ឯង​វិញ​!​



មនុស្ស​ភាគច្រើន​ ​សុទ្ធតែ​ចង់​មាន​ជំនួញ​ផ្ទាល់ខ្លួន​ ​​ហើយ​ក៏​មិន​ចង់​បន្ត​ធ្វើ​ការ​ឲ្យ​គេ​យូរ​ពេក​នោះ​ដែរ​។ ​ប៉ុន្តែ​អ្នក​ខ្លះ​គ្រាន់​តែ​ចង់​ ​តែ​មិន​ដែល​ហ៊ាន​សម្រេច​ចិត្ត​បើក​ជំនួញ​ដោយ​ខ្លួន​ឯង​ទេ​ ​ព្រោះ​ខ្លាច​នេះ​ខ្លាច​​នោះ​រហូត​ ​​ចុងបញ្ចប់​គឺ​នៅ​តែ​ធ្វើ​ការ​ឲ្យ​គេ​ដដែល​។ ​​ដូច្នេះ​ហើយ​ ​សម្រាប់​អ្នក​ដែល​ចង់​រកស៊ី​​នោះ​​ ​មិន​គួរ​​​ខ្លាច​ពេក​នោះ​ទេ​ ​ពោល​គឺ​ត្រូវ​តែ​សម្រេច​ចិត្ត​ធ្វើ​វា​បើ​ទោះ​បី​ជា​មាន​ការ​លំបាក​ក៏​ដោយ។ ​ខាងក្រោម​នេះ​ ​គឺ​ជា​ហេតុផល​មួយ​ចំនួន​ ​ដែល​បញ្ជាក់​ថា ​អ្នក​គួរ​តែ​​ឈប់​ធ្វើ​ការ​ឲ្យ​គេ​ ​ហើយ​ងាក​មក​បើក​ជំនួញ​វិញ​៖ ​១) ​មាន​ឯករាជ្យ​៖ ​​ជា​ទូទៅ​ ​​​ក្នុង​នាម​ជា​បុគ្គលិក​ម្នាក់​ទោះ​បី​ជា​ថ្នាក់ខ្ពស់ ​ ​ឬ ទាប​ក្តី​​គឺ​​ជៀស​មិន​ផុត​ពី​ការ​​ស្តាប់​តាម​ការ​បង្គាប់​បញ្ជា​ពី​គេ​នោះ​ទេ​ ​​ហើយ​​ក៏​មិន​ងាយ​នឹង​បដិសេធ​​ឡើយ​ទោះ​ពេញ​ចិត្ត ​ឬ​មិន​ពេញចិត្ត​ក្តី​។ ​​សម្រាប់​អ្នក​ដែល​ស្រលាញ់​ភាព​ម្ចាស់ការ​ ​និង ឯករាជ្យ​លើ​ខ្លួន​ឯង​នោះ​ ​ប្រាកដ​ជា​​ពិបាក​ទ្រាំ​ណាស់​ ​ជា​ពិសេស​ធ្វើ​ការ​ជាមួយ​នឹង​ថ្នាក់​លើ​ដែល​ជំនាញ​ខាង​បញ្ជា​​។ ​ផ្ទុយ​ទៅ​វិញ​​​ ​ការ​បើក​ជំនួញ​ដោយ​ខ្លួន​ឯង​​​នឹង​ជួយ​ឲ្យ​អ្នក​មាន​សេរីភាព​ ​ក្នុង​ការ​សម្រេច​ចិត្ត​​​ ​ហើយ​អាច​ធ្វើ​អ្វី​ដែល​ខ្លួន​គិត​ថា​ត្រឹម​ត្រូវ​ ​ដោយ​មិន​ចាំបាច់​ស្តាប់​តាម​ការ​បញ្ជា​របស់​គេ​។ ​ដូច្នេះ​ហើយ​​ ​អ្នក​មិន​ចាំបាច់​រង​សម្ពាធ​ពី​នរណា​​ឡើយ​។ ២) ​អាចរៀបចំ​ប្រព័ន្ធ​ដឹកនាំ​​ដែល​​យល់​ថា​ត្រឹមត្រូវ​៖​ ​នៅ​ពេល​ធ្វើការ​​ឲ្យ​គេ​ ​​អ្នក​ប្រាកដ​ជា​ធុញទ្រាន់​នឹង​ប្រព័ន្ធ​ដឹកនាំ​​ ​ដែល​ស្មុគស្មាញ​​ ​និង ​គ្មាន​ប្រសិទ្ធភាព​ទាំង​នោះ​ ​ជា​ហេតុ​ធ្វើ​ឲ្យ​​បុគ្គលិក​មិន​អាច​បំពេញ​ការងារ​បាន​​ល្អ​។ ​នៅ​ពេល​​​បើក​អាជីវកម្ម​ខ្លួន​​​​ឯង​ ​អ្នក​អាច​រៀប​ចំ​រចនាសម្ព័ន្ធ​ដឹកនាំ​​ ​ដែល​ខ្លួន​គិត​ថា​ល្អ​ ​និង មាន​​ប្រសិទ្ធភាព​ដែល​​ផ្តល់​ភាព​ងាយស្រួល​ចំពោះ​បុគ្គលិក​។ ៣) ​អាច​បង្កើត​ការងារ​​ដល់​អ្នកដទៃ​៖ ​​នៅ​ពេល​អ្នក​បើក​ជំនួញ​ ​គឺ​ប្រាកដ​ជា​ត្រូវ​ការ​បុគ្គលិក​មិន​ខាន​ ​ដែល​នេះ​គឺជា​​​រឿង​ល្អ​មួយ​ដែល​អាច​ជួយ​ឲ្យ​ ​មនុស្ស​ផ្សេង​ទៀត​ឲ្យ​មាន​ការងារ​ធ្វើ​ ​ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ ​និង​ប្រទេស​ជាតិ​​។ ដូច្នេះ​ហើយ​ ​វា​មិន​ត្រឹម​តែ​ចំណេញ​សម្រាប់​ខ្លួនឯង​ទេ​ ​ប៉ុន្តែ​ក៏​អាច​ជួយ​​អ្នក​ដទៃ​បាន​ទៀត​ ​ដែល​ចំណុច​នេះ​អ្នក​ត្រូវ​តែ​ពិចារណា​ឲ្យ​បាន​ច្បាស់​។ ​៤) ​​​មាន​ភាព​រីករាយ​ចិត្ត​៖ ​ថ្វីបើ​ការ​រកស៊ី​ ​គឺ​មាន​ការ​លំបាក​ច្រើន​ក្តី​ ​ប៉ុន្តែ​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ ​ទោះបី​​ត្រូវ​ធ្វើការ​ច្រើន​ម៉ោង​ក្តី​​។ ​វា​ពិត​ជា​មាន​ភាព​ខុស​គ្នា​ ​រវាង​​អារម្មណ៍​នៃ​ការ​ធ្វើ​ការ​ឲ្យ​គេ​ ​និង ​ការ​ធ្វើ​ការ​ឲ្យ​ខ្លួន​ឯង​ ​ព្រោះ​ការ​ធ្វើ​ការ​ឲ្យ​គេ​ ​គឺ​​អ្នក​​ធ្វើ​ឲ្យ​តែ​ដល់ម៉ោង​ ​ហើយ​​មិន​បាន​បញ្ចេញ​ឲ្យ​អស់​សក្ដានុពល​របស់​ខ្លួន​ដែរ​ ​នៅ​ពេល​​មិន​សូវ​ពេញ​ចិត្ត​​ជាមួយ​នឹង​ថ្នាក់លើ​។ ​ប៉ុន្តែ​អ្នក​នឹង​ធ្វើ​ការ​អស់​ពី​ចិត្ត​​ ​​និង អស់​ពី​សមត្ថភាព​ ​នៅ​ពេល​បើក​ជំនួញ​ខ្លួន​ឯង​ ​ព្រោះ​ថា​អ្វី​ដែល​ប្រឹងប្រែង​នោះ​​ ​គឺ​នឹង​បាន​ទៅលើ​អ្នក​។​​ ​៥) មាន​ឱកាស​​ក្លាយ​ជា​អ្នក​មាន​៖ ​​នៅ​ពេល​ធ្វើ​ការ​ឲ្យ​គេ​ ​បើ​ទោះបីជា​អ្នក​មាន​ប្រាក់ខែ​ខ្ពស់​ក្តី​ ​ប៉ុន្តែ​មិន​អាច​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​នឹង​គេ​បាន​ឡើយ​។ ​ថ្វីបើ​ការ​​ធ្វើ​ជំនួញ​ ​មិន​មែន​ជា​រឿង​ងាយស្រួល​ ​​តែ​បើ​អ្នក​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​​មនុស្ស​ដែល​មាន​លុយ​ច្រើន​ក្នុង​ដៃ​ ​គឺ​គួរ​តែ​ជ្រើស​យក​ផ្លូវ​ធ្វើ​ជំនួញ ​​មិន​មែន​ធ្វើ​ការ​ឲ្យ​គេ​រហូត​​នោះ​ទេ​៕ ​ដោយ​៖ រតនា វិចិត្រ​ ​ប្រភព៖ www.entrepreneur.com & www.huffingtonpost.com
X
5s