វិធីសាស្រ្តដើម្បីកាត់បន្ថយភាពស្មុគស្មាញ និង អាចក្លាយជាសិស្សឆ្នើមក្នុងថ្នាក់
សិស្សភាគច្រើនតែងតែជួបជាមួយបញ្ហាមួយនេះ ហើយរឹតតែពិបាកទៅទៀតសម្រាប់សិស្សថ្នាក់ឧត្ដមសិក្សាដោយសារតែពួកគេមានកិច្ចការសាលាច្រើនត្រូវធ្វើ។ មិនថាយ៉ាងណានោះទេ បញ្ហាដែលសិស្សភាគច្រើនជួបស្ទើរតែរាល់ថ្ងៃនោះ គឺពួកគេហាក់បីដូចជាមានភាពស្មុគស្មាញច្រើនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរាងកាយ ក៏ដួចជាសុខភាពផ្លូវចិត្ត និងប៉ះពាល់ដល់លទ្ធផលនៃការសិក្សា។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រដើម្បីកាត់បន្ថយភាពតានតឹង និងអាចក្លាយទៅជាសិស្សពូកែបាន៖
១) ត្រូវចាំថាអាហាររបស់អ្នកប្រៀបទៅនឹងសាំងសម្រាប់យានយន្ត៖ សិស្សភាគច្រើនមិនដែលសូវបានចាប់អារម្មណ៍ទៅលើប្រភេទអាហារដែលពួកគេទទួលទាននោះទេ ហើយមានសិស្សមួយចំនូនទៀតរៀនរហូតភ្លេចបាយភ្លេចទឹកតែម្ដង។ ការធ្វើបែបនេះគឺជារឿងមួយដ៏គ្រោះថ្នាក់សម្រាប់សុខភាព ហើយវាងាយនឹងធ្វើឲ្យបាក់កម្លាំងថែមទៀតផង ដូចនេះអ្នកគួរតែញាំអាហារដែលមានជីវជាតិច្រើន ដូចជាបន្លែ ផ្លែឈើ និងត្រីជាដើម។
២) ចេះបែកចែកពេលវេលាច្បាស់លាស់៖ អ្នកមិនគួររៀនពេក ឬក៏ដើរលេងពេកនោះទេ ពោលអ្នកគួរតែរៀនបែងចែកពេលវេលាឲ្យសមគួរ ថាពេលណាគួររៀន ហើយពេលណាទៀតដែលអ្នកគួរសម្រាកលំហែកាយ។ បើអ្នកសម្រុករៀនមិនឈប់ អ្នកនឹងរៀនមិនងាយចូលនោះទេ ហើយចាប់ផ្ដើមមានអារម្មណ៍ថា ស្មុគស្មាញទៅៗ ដែលមិនយូរមិនឆាប់អ្នកនឹងបោះបង់វាចោលជាក់ជាមិនខាន ឬក៏ប៉ះពាល់ដល់លទ្ធផលជាមិនខាន។
៣) ចេះជ្រើសរើសទីតាំងនិងពេលវេលារៀន៖ ចំណុចនេះគឺតម្រូវឲ្យអ្នកស្គាល់ខ្លួនឯងជាមុនសិន ថាខ្លួនឯងចូលចិត្តរៀននៅក្នុងបរិយាកាសបែបណា ហើយនៅក្នុងចន្លោះពេលមួយណាល្អ ព្រោះថាទាល់តែអ្នកមានអារម្មណ៍ ទើបធ្វើឲ្យការសិក្សារបស់អ្នកមានភាពរលូនផងដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org