គន្លឹះ​ដ៏​មាន​ប្រសិទ្ធភាព​ទាក់ទង​ជាមួយ​ការ​ទុកដាក់​ប្រាក់កាស​



មនុស្សជាច្រើនមានបញ្ហាក្នុងការរៀបចំទុកដាក់ថវិការបស់ពួកគេ ព្រោះថាធ្វើយ៉ាងណាក៏មិនដែលសល់លុយនៅក្នុងខ្លួននោះដែរ។ បន្ថែមពីលើគន្លឹះខាងក្រោមនេះ អ្វីដែលអ្នកគួរមាននោះគឺការប្ដេជ្ញាចិត្ត ភាពអត់ធន់ និងការតស៊ូព្យាយាមផងដែរ ទើបអាចជួយអ្នកបាន៖ ១) គិតគូរពីការចំណាយនាពេលអនាគត៖ អ្នកគួរតែគិតគូរឲ្យបានម៉ត់ចត់ ថាអ្នកត្រូវចំណាយទៅលើអ្វីខ្លះនាពេលអនាគតនោះ ហើយថាតើអ្នកគួរសន្សំក្នុងរយៈពេលប៉ុន្មាន ជាមួយនឹងទឹកប្រាក់ប៉ុន្មានទើបអាចគ្រប់។ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកចេះគិតគូរបានឆ្ងាយជាងមុន នៅពេលដែលអ្នកចង់ចំណាយលុយទៅលើអ្វីមួយនោះ។ ២) កត់ត្រា និងពិនិត្យទៅលើចំណាយ៖ អ្នកដឹងហើយ ថាអ្នកទទួលបានចំណូលប៉ុណ្ណាក្នុងមួយខែ ហើយអ្នកគួរតែកត់ត្រាទុកឲ្យបានរៀងរាល់ថ្ងៃ ថាអ្នកចំណាយទៅលើអ្វីខ្លះ រួចមកដល់ចុងខែ អ្នកអាចបូក ដកម្ដងទៀតថាអ្នកចំណាយទៅលើអ្វីច្រើនជាងគេ ហើយតើវាចាំបាច់ដែរឬទេ? វាអាចកាត់បន្ថយខ្លះបានទេ? ៣) បែងការចាយវាយជាចំណែក៖ វាមិនពិបាកនោះទេ ក្នុងការគិតថាជាទូទៅអ្នកចំណាយទៅលើអ្វីខ្លះ ដូចនេះទើបអ្នកអាចបែងចែកបាន ថាអ្នកនឹងចែកការចាយវាយនោះជាប៉ុន្មានភាគរយ ដូចជាលុយដែលប្រើប្រាស់សម្រាប់ទិញសម្ភារៈសិក្សា ឬលុយសម្រាប់បរិភោគអាហារសម្រន់នៅខាងក្រៅជាដើម។ ៤) កុំសម្រុកសន្សំពេក៖ អ្នកមិនគួរសន្សំលុយរហូតភ្លេចបាយ ភ្លេចទឹកនោះទេ ផ្ទុយទៅវិញ អ្នកគួរធ្វើវាសន្សឹមៗ ព្រោះបើមិនដូច្នោះនោះទេ អ្នកនឹងមិនអាចសន្សំបានយូរនោះទេ ដោយសារតែមិនយូរមិនឆាប់អ្នកនឹងបោះបង់វាចោលជាក់ជាមិនខាន៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.success.com
X
5s