តើគួរធ្វើយ៉ាងណា ដើម្បីឲ្យអ្នករីករាយជាងមុនបាន?
សេចក្ដីសុខមិនពិបាករកនោះទេ គ្រាន់តែមនុស្សម្នាក់ៗចូលចិត្តធ្វើវាឲ្យក្លាយទៅជារឿងស្មុគស្មាញ រួចពួកគេតែងនិយាយថាជីវិតរបស់ពួកគេមានតែភាពសោកសៅ តែនិយាយត្រលប់មកវិញ មូលហេតុគឺមកពួកគេខ្លួនឯងទេ ដូចនេះគន្លឹះខាងក្រោមនេះនឹងអាចជួយឲ្យអ្នកមានសេចក្ដីសុខជាងមុនបានច្រើន៖
១) ស្គាល់ពីទំនួលខុសត្រូវរបស់ខ្លួនឯង៖ ក្នុងឆាកជីវិតរបស់អ្នក អ្នកមិនមែនមានតែទំនួលខុសត្រូវមួយនោះទេ (ការសិក្សា ឬការងារ) បន្ថែមពីលើនោះ អ្នកត្រូវចេះទទួលខុសត្រូវទៅលើសុខភាពរបស់ខ្លួនឯង ក្រុមគ្រួសាររបស់អ្នក ឬបន្ទុកផ្សេងៗទៀតជាដើម ព្រោះថាបើអ្នកធ្វើមិនដឹងមិនឮ មិនយូរមិនឆាប់ វានឹងរឹតតែក្លាយទៅជាបន្ទុកមួយដ៏ធំសម្រាប់អ្នក។
២) ស្រលាញ់ខ្លួនឯងឲ្យច្រើនឡើង៖ ទោះបីពេលខ្លះ វាអាចមើលទៅដូចជាមិនចូលចិត្តអ្នកដទៃ តែវាមិនមែននោះទេ។ ការចំណាយពេលនៅម្នាក់ឯងសម្រាប់សិក្សាពីខ្លួនឯង ឬធ្វើអ្វីដើម្បីតម្រូវចិត្តរបស់ខ្លួនឯង មិនប្រាកដថាសុទ្ធតែអាក្រក់រហូតនោះទេ។ ការធ្វើបែបនេះ ក៏មានការបញ្ជាក់អំពីតម្លៃ និងក្ដីស្រលាញ់ដែលអ្នកឲ្យទៅខ្លួនឯងផងដែរ។
៣) ស្មោះត្រង់ជាមួយខ្លួនឯង៖ អ្នកកុហកខ្លួនឯងកាន់តែច្រើនកាលណា នោះអ្នកនឹងទទួលបានការឈឺចាប់ច្រើនប៉ុណ្ណឹងដូចគ្នា។ អ្នកគួរតែរៀនប្រឈមមុខទៅនឹងការពិត ហើយរៀនរស់នៅជាមួយបច្ចុប្បន្ន ទើបជីវិតអាចប្រសើរឡើងបាន ហើយការធ្វើបែបនេះក៏បានបង្ហាញថាអ្នកចេះគោរពខ្លួនឯងផងដែរ។
៤) ឲ្យតម្លៃទៅលើគ្រួសាររបស់អ្នក៖ នេះមិនមែនបានន័យថាទាល់តែសាច់ឈាមបង្កើតរបស់អ្នកនោះទេ តែនេះសំដៅទៅលើមនុស្សទាំងឡាយដែលស្រលាញ់អ្នកដូចជាក្រុមគ្រួសាររបស់ពួកគេក៏បាន ព្រោះថាមនុស្សទាំងអស់នេះពិបាករកណាស់ ដូចនេះស្រលាញ់ក៏ដូចជាធ្វើល្អទៅលើពួកគេឲ្យបានច្រើនៗ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org