ហេតុ​អ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​មិន​​ចូលចិត្ត​នៅ​ផ្ទះ​សោះ? វិធីសាស្ត្រ​ទាំង​នេះ ​អាច​ជួយ​បាន​



តើអ្នកដែលឆ្ងល់ទេថា ហេតុអ្វីបានជាអ្នកមិនចូលចិត្តនៅផ្ទះ? ហើយចម្លើយ គឺស្រដៀងៗគ្នា ដោយនិយាយថាមានអារម្មណ៍ធុញថប់ ឬអផ្សុកជាដើម។ តែអ្នកមិនដែលសួរខ្លួនឯងទេថា តើគួរធ្វើយ៉ាងណាឲ្យផ្ទះរបស់អ្នកក្លាយជាកន្លែងមួយដ៏គួរឲ្យចង់រស់នៅ និងជាកន្លែងដែលអ្នកមានអារម្មណ៍ថា មានភាពកក់ក្ដៅបំផុតនោះ។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអ្នកអាចយកទៅប្រើប្រាស់បាន៖ ១) សំអាត និងរៀបចំ៖ អ្នកគួរតែប្រមូលអីវ៉ាន់ណាដែលអ្នកមិនសូវប្រើប្រាស់យកទៅដាក់ដោយឡែក ហើយរៀបចំគ្រប់ទីតាំងនៅក្នុងផ្ទះកុំឲ្យចង្អៀតពេក ដើម្បីកុំឲ្យមានអារម្មណ៍ថាធុញថប់។ បន្ទាប់មកអ្វីដែលអ្នកត្រូវធ្វើនោះគឺសំអាតវាជាប្រចាំ ព្រោះបើផ្ទះរបស់អ្នកមានភាពកខ្វក់ វានឹងនាំមកនូវសត្វល្អិតដ៏គួរឲ្យធុញទ្រាន់ ដូចជារុយ ឬមូសជាដើម ដូចនេះបើអ្នកសម្អាតផ្ទះរបស់អ្នកបានស្អាតល្អ អ្នកក៏នឹងមានអារម្មណ៍ស្រស់ស្រាយឡើងផងដែរ។ ២) អំពូលភ្លើង៖ អំពូលភ្លើងក៏ជាចំណែកមួយធ្វើឲ្យអារម្មណ៍អ្នកស្រស់ស្រាយផងដែរ។ តើអ្នកធ្លាប់ទៅហាងទំនើបៗ ដែលគេប្រើអំពូលដែលមានពន្លឺក៏គួរឲ្យគយគន់ដែរឬទេ? អ្នកក៏អាចដាក់វានៅផ្ទះរបស់អ្នកក៏បានដែរ ធ្វើយ៉ាងណាឲ្យវាស័ក្ដិសមក៏ដូចជាតាមតម្រូវការរបស់អ្នក។ នៅពេលរៀបចំរួចរាល់អស់ហើយ អ្នកនឹងលែងមានបញ្ហា ជាមួយការបំពេញការងារ ឬចង់អង្គុយអានសៀវភៅនៅក្នុងផ្ទះទៀតហើយ។ ៣) បន្ថែមគ្រឿងតុបតែង៖ តើអ្នកមានអារម្មណ៍ថា ផ្ទះរបស់អ្នក ក៏ដូចជាបន្ទប់របស់អ្នក មានភាពសោះកក្រោះពេកទេ? មើលទៅដូចជាគ្មានការតុបតែងអ្វីសោះ។ ចុះអ្នកនៅចាំដល់ណាទៀត? អ្នកអាចព្យាយាមសង្កេតមើលទៅថាផ្ទះរបស់អ្នក ឬបន្ទប់របស់អ្នកហាក់ដូចជាខ្វះអ្វីខ្លះ? ខ្វះសម្ភារៈអ្វីខ្លះ? ដែលជួយធ្វើឲ្យបន្ទប់ឬផ្ទះរបស់អ្នកមានភាពទាក់ទាញជាងមុន? អ្នកអាចស្រាវជ្រាវបន្ថែមតាមប្រព័ន្ធអ៊ីនធឺណិតឬសង្កេតផ្ទះ ឬបន្ទប់របស់មនុស្សដែលអ្នកស្គាល់ថាតើពួកគេរៀបចំយ៉ាងណាដើម្បីឲ្យមើលទៅស័ក្ដិសមល្អ បន្ទាប់មកទើបអ្នកមកចាប់ផ្ដើមកែច្នៃបន្ទប់ក៏ដូចជាផ្ទះរបស់អ្នកទាំងមូលតែម្ដង៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s