ទម្លាប់​ធម្មតា​ៗ​ទាំង​៤​ដែល​អ្នក​គួរ​មាន​ ប្រសិន​បើ​អ្នក​ចង់​ទទួល​បាន​នូវ​ការ​គោរព​នៅ​កន្លែង​ធ្វើ​ការ​



អ្នកណាៗក៏ចង់ឲ្យអ្នកដទៃគោរពខ្លួនឯងដែរ តែអ្វីដែលសំខាន់នោះគឺតើអ្នកធ្វើខ្លួន ឲ្យគួរគោរពដែរឬទេ? វាមានចំណែកតូចមួយអាស្រ័យលើអ្នកដទៃ និងចំណែកដ៏ធំជាងគេគឺខ្លួនអ្នកតែម្ដង។ ហើយបុគ្គលដែលទទួលបានការគោរពច្រើនពីបុគ្គលិកផ្សេងៗនៅកន្លែងធ្វើការភាគច្រើនសុទ្ធតែជាបុគ្គលិកឆ្នើម និងមានបុគ្គលិកលក្ខណៈល្អគួរឲ្យកត់សំគាល់ថែមទៀតផង។ ខាងក្រោមនេះគឺជាទម្លាប់ដែលអ្នកអាចបង្កើតឲ្យមាននៅក្នុងខ្លួនបានប្រសិនបើអ្នកចង់ទទួលបានការគោរពច្រើននៅកន្លែងធ្វើការ៖ ១) គ្រប់គ្រងកិច្ចការរបស់ខ្លួនឲ្យល្អ៖ ពេលខ្លះ អ្នកអាចយកពេលដែលអ្នកបារម្ភពីការងារអ្នកដទៃ មកបារម្ភពីការងាររបស់ខ្លួនឯងវិញល្អជាជាង ព្រោះថាអ្នកក៏មិនគួរគិតពីអ្នកដទៃហួសហេតុពេករហូតភ្លេចគិតពីបញ្ហាខ្លួនឯងនោះដែរ ដូចនេះអ្វីដែលអ្នកត្រូវធ្វើនោះគឺ បំពេញការងាររបស់ខ្លួនឲ្យបានល្អបំផុតតាមតែអាចធ្វើបាន។ ២) ក្លាយជាមនុស្សដែលអាចពឹងពាក់បាន៖ ថោកអីហ្នឹងដៃ ថ្លៃអីហ្នឹងមាត់ ប្រសិនបើអ្នកចេះ អ្នកគួរប្រាប់ថាចេះ តែបើអ្នកមិនចេះទេ កុំប្រឹងធ្វើចេះអីល្អជាជាង។ អ្នកអាចបើកចិត្តឲ្យទូលាយដើម្បីរៀនពីគ្នាទៅវិញទៅមក ចែករំលែកនូវចំណុចដែលអ្នកចេះ ហើយប្រាប់ត្រង់ៗពីអ្វីដែលអ្នកមិនចេះ ដើម្បីចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នា។ ៣) មានចិត្ត៖ អ្នកគួរតែចេះជួយយកអសារអ្នករួមការងារជាមួយដើម្បីបង្កើននូវសម្ពន្ធភាពដ៏កាន់តែរឹងមាំ នោះនៅពេលដែលអ្នកមានបញ្ហា ឬត្រូវការជំនួយ អ្នកទាំងអស់នោះក៏នឹងនឹកឃើញដល់អ្នកវិញម្ដងហើយ ដូចនេះ បើអ្នកមានពេល ហើយអាចធ្វើវាទៅបាន អ្នកគួរតែជួយទៅ។ ៤) រួសរាយ៖ គ្មាននរណាចូលចិត្តនិយាយជាមួយមនុស្សដែលនិយាយសម្ដីគំរោះគំរើយនោះទេ ទោះបីជាមនុស្សទាំងអស់ល្អប៉ុណ្ណាក៏ដោយ ព្រោះថាពេលខ្លះទំនាក់ទំនងល្អក៏អាស្រ័យទៅលើការនិយាយស្ដីទៅកាន់គ្នាទៅវិញទៅមកផងដែរ។ ហើយនៅពេលដែលអ្នកជាមនុស្សដែលរួសរាយ ក៏មានមនុស្សច្រើនដែរ ដែលចង់ពិភាក្សាឬនិយាយពីរឿងអ្វីមួយជាមួយអ្នក៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.inc.com
X
5s