មនុស្ស​ដែល​គួរ​ឲ្យ​ស្រឡាញ់​ភាគច្រើន​ ស្រលាញ់​ខ្លួន​គេ​ជាង​អ្នក​ណា​ៗ​បំផុត​



ឆ្ងល់ដែរទេ ហេតុអ្វីបានជាអ្នកខ្លះ មិនមានសម្រស់ស្អាតអីណាស់ណានោះទេ តែហេតុអ្វីបានជាគេមានភាពគួរឲ្យស្រលាញ់ខ្លាំងយ៉ាងនេះ? មូលហេតុមកពីពួកគេចេះស្រលាញ់ខ្លួនឯងបានច្រើន ហើយនៅមានហេតុផលមួយចំនួនទៀតដែលបញ្ជាក់ថាមនុស្សដែលគួរឲ្យស្រលាញ់ភាគច្រើនសុទ្ធតែស្រលាញ់ខ្លួនឯង៖ ១) ចេះអត់ឱនឲ្យខ្លួនឯង៖ តើអ្នកណាកើតមកហើយមិនដែលធ្វើខុស? តែអ្វីដែលសំខាន់នោះគឺការដែលចេះស្រលាញ់ខ្លួនឯង ចេះផ្ដល់ឱកាសដល់ខ្លួនឯង ព្រោះថាបើអ្នកព្យាយាមបន្ទោសខ្លួននៅពេលដែលមានបញ្ហាម្ដង នោះវាមិននាំឲ្យស្ថានការណ៍មានភាពប្រសើរឡើងនោះទេ។ ផ្ដល់ឱកាសឲ្យខ្លួនឯង ហើយព្យាយាមឲ្យអស់ពីសមត្ថភាពម្ដងទៀត ក៏ដូចជាលើកទឹកចិត្តខ្លួនឯងរាល់ពេលដែលជួបនូវបញ្ហាម្ដងៗ។ ២) ដឹងថាអ្វីដែលធ្វើឲ្យខ្លួនសប្បាយចិត្ត៖ មនុស្សជាច្រើននាក់ណាស់ ដែលមិនទាំងដឹងផងថាក្ដីសុខរបស់ពួកគេជាអ្វីនោះ ដូចនេះតើពួកគេនិយាយថាពួកគេស្រលាញ់ខ្លួនឯងយ៉ាងណាទៅ បើពួកគេមិនដឹងពីចំណង់ចំណូលចិត្តរបស់ខ្លួនឯង ឬអ្វីដែលខ្លួនឯងត្រូវការផងនោះ? ហេតុនេះហើយ មុននឹងអ្នកចង់ធ្វើឲ្យខ្លួនឯងសប្បាយ អ្វីដែលអ្នកត្រូវធ្វើនោះគឺសិក្សាពីខ្លួនឯងឲ្យបានច្រើនជាងមុន។ ៣) ចេះប្រើប្រាស់ភាពខ្លាំងរបស់ខ្លួន៖ អ្នកណាៗក៏មានចំណុចខ្លាំងនិងចំណុចខ្សោយរៀងៗខ្លួន គ្រាន់តែថាតិចឬមួយក៏ច្រើនតែប៉ុណ្ណោះ ដូចនេះអ្វីបុគ្គលឆ្លាតធ្វើនោះគឺ យកចំណុចខ្លាំងរបស់ពួកគេចេញមកប្រើប្រាស់ ហើយក៏មិនភ្លេចបំប៉ននូវចំណុចខ្សោយរបស់ពួកគេឲ្យប្រសើរជាងមុនផងដែរ។ ៤) មិនចង់បានក្ដីស្រលាញ់ហួសហេតុពេក៖ ពួកគេហាក់ដូចជាមានគោលបំណងច្រើននៅក្នុងជីវិត រួមទាំងសេចក្ដីស្រលាញ់តែ ពួកគេក៏មិនមើលឃើញវាជារឿងចាំបាច់អ្វីណាស់ណាពេកដែរ ពោលគឺពួកគេមិនសូវយកពេលវេលាមកខ្វល់ជាមួយរឿងនេះប៉ុន្មានពេកនោះទេ ហើយជំនួសមកវិញដោយការខិតខំតស៊ូដើម្បីសម្រេចគោលដៅរបស់ពួកគេ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s