តើឪពុកម្ដាយត្រូវធ្វើអ្វីខ្លះដើម្បីឱ្យកូនក្លាហានតាំងពីនៅក្មេង?​



ក្នុងនាមជាឪពុកម្ដាយអ្នកគួរតែដឹងថា តើទង្វើណាខ្លះ ដែលអ្នកគួរធ្វើ និងមិនគួរធ្វើព្រោះពេលខ្លះកូន ៗរបស់អ្នកខ្វះភាពក្លាហានក៏ដោយសារតែអ្នកដែរ។ ខាងក្រោមនេះ នឹងបង្ហាញពីទង្វើជាច្រើន ដែលឪពុកម្ដាយតែងតែធ្វើ ដើម្បីឲ្យកូន ៗ កាន់តែមានភាពក្លាហាន៖ ១) ត្រូវដឹងពីការខិតខំរបស់កូនៗ៖ វាសំខាន់ណាស់ ក្នុងការចងចាំឬ ក៏ដឹងពី អ្វីៗ ដែលកូន ៗអ្នកធ្វើ ព្រោះវាក៏ជាទឹកចិត្តសម្រាប់ជំរុញឲ្យកូន ៗខំប្រឹងថែមផងដែរ។ ទោះបីកូន ៗ របស់អ្នកមានកំហុសឬមួយ ក៏ មានកិច្ចការខ្លះដែលគេមិន ទាន់ធ្វើហើយ ក្នុងនាមជាឪពុកម្ដាយគួរដឹងពី ទុក្ខលំបាកដែលគេមាន ហើយ ចេះនិយាយលួងលោមលើកទឹកចិត្តគេបន្ថែម។ ២) ឲ្យពួកគេដោះស្រាយបញ្ហាដោយខ្លួនឯង៖ គ្មានឪពុកម្ដាយណាដែលចង់ឲ្យកូន ៗ ជួបទុក្ខលំបាកនោះទេ។ តែពេលខ្លះបញ្ហាទាំងនោះ គឺទាមទារឲ្យពួកគេចេះដោះស្រាយខ្លួន ឯង រួចរៀនពីវាទើបល្អ សម្រាប់ថ្ងៃមុខ ពេលអត់ពីឪពុកម្ដាយទៅ។ ៣) យល់ព្រម និង គាំទ្រពួកគេគ្រប់ពេល៖ ការយល់ព្រម និងការគាំទ្រនេះជាសញ្ញាបង្ហាញថា ឪពុកម្ដាយគឺបើកចំហសិទ្ធិសេរីភាពនិងបើកដៃឲ្យគេធ្វើអ្វី ដែលគេគិតថាត្រឹមត្រូវ។ ការធ្វើដូចនេះ ពួកគេនឹងកាន់តែមានភាពក្លាហាន ប្រឹងប្រែង ធ្វើអ្វីមួយ ដោយខ្លួន ឯង។ ៤) បង្រៀនពួកគេឲ្យមានទំនួលខុសត្រូវ៖ ការមានទំនួលខុសត្រូវចំពោះខ្លួន ឯង នឹងធ្វើឲ្យជីវិតគេកាន់តែប្រសើរ ព្រោះថា គេដឹង ខ្លួន ត្រូវធ្វើអី និងមិនត្រូវធ្វើអី។ ការបង្រៀនឲ្យចេះមានទំនួលខុសត្រូវនោះ គឺគួរតែចាប់ផ្ដើមពីការធ្វើអ្វីមួយ នៅក្នុងផ្ទះ បន្ទាប់មកគេនឹងក្លាយជាមនុស្សដែលចេះភ្ញាក់រលឹកដោយខ្លួនឯង ពេលទៅខាងក្រៅ។ ៥) ផ្ដល់ការប្រកួតប្រជែងដល់ពួកគេ៖ ការប្រកួតប្រជែងនេះ នឹងកាន់តែធ្វើឲ្យពួកគេប្រឡូកក្នុងអ្វីមួយ ដោយមានភាពក្លាហាន ហើយម្យ៉ាងទៀត វាក៏ជួយ ឲ្យខួរក្បាលឆាប់ស៊ាំនឹងការលំបាក នានាផងដែរ។ នៅពេលដែលគេទទួលបានជោគជ័យ គេនឹងរៀនសូត្រពីវា ហើយ ចង់ដឹងចង់ឮ អ្វីថ្មីៗ បន្តទៀត។ ៦) កុំរិះគន់ អ្វីដែលពួកគេធ្វើ៖ អ្នកត្រូវវែកញែកឲ្យដាច់ ពីការរិះគន់ដើម្បីស្ថាបនា និងការរិះគន់ដើម្បីជាន់ពន្លិច ព្រោះថា ពាក្យសម្ដីគ្រោតគ្រាត និងទង្វើព្រងើយកន្តើយអាច បង្អាក់សេចក្ដីក្លាហាន ក្នុងការធ្វើអ្វីមួយ របស់កូន ៗ អ្នកបាន។ អ្នកគួរជៀសវាងការរិះគន់ ដោយប្រើពាក្យសម្ដីប៉ះពាល់អារម្មណ៍របស់ពួកគេ បើមិនដូច្នោះទេ កូន ៗ របស់អ្នកនឹងគ្មានថ្ងៃអាចហ៊ានធ្វើអ្វីដូចអ្នកដទៃបានទេ៕ ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity.com
X
5s