ធ្វើយ៉ាងណាដើម្បីបន្សាបចិត្តខឹងដែលអ្នកមានឱ្យបាត់លឿន?
វាពិតជាពិបាកណាស់ក្នុងការធ្វើចិត្ត មិនឲ្យខឹង នៅពេលមាននរណាម្នាក់ធ្វើរឿងមិនគួរធ្វើដាក់អ្នកនោះ។ តែបើអ្នកអាចគ្រប់គ្រងការខឹងរបស់អ្នកនោះ វាពិតជារឿងល្អខ្លាំងណាស់ ព្រោះអ្នកអាចគ្រប់គ្រងខ្លួនឯង បានខណៈអ្នកដទៃមិនអាច។ ខាងក្រោមនេះជាវិធីដែល បង្រៀនអ្នកឲ្យក្លាយជាមនុស្សដែលមិនចេះខឹងងាយៗ ៖
១) គិតមុននិយាយ៖ បើសិនអ្នកប្រើប្រាស់ពេលវេលា គិតឲ្យបានច្រើនមុននឹងហាមាត់និយាយទៅកាន់នរណាម្នាក់នោះ វានឹងអាចនាំអ្នកចេញពីការឈ្លោះគ្នាឬក៏ការបង្កើតកំហឹង ជាមួយអ្នកដទៃ។ ហើយការធ្វើបែបនេះ វាអាចនាំអ្នកចេញពីការឈ្លោះប្រកែកទាស់ទែងគ្នា ពីអ្នកដទៃ បានរហូតដល់ទៅ៩០ភាគរយ។
២) ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណនេះ វានឹងជួយឲ្យរាងកាយរបស់អ្នកបាត់អស់ នូវភាពតប់ប្រមល់ រួមទាងកំហឹងដែលអ្នកកំពុងតែមានផងដែរនោះ។ ប្រសិនបើអ្នកដឹងថា អ្នកកំពុងតែខឹងនរណាម្នាក់ហើយនោះ អ្នកគួរចេញទៅក្រៅ ហាត់ប្រាណ រត់ប្រណាំង ឬធ្វើការងារផ្សេងៗទៀត ក៏បាន។
៣) ដើរកម្សាន្តខាងក្រៅផ្ទះ៖ វាក៏ជាវិធីមួយសាមញ្ញផងដែរ ក្នុងការដឹកនាំអ្នកឲ្យចេញពីកំហឹងដែលអ្នកមាន ព្រោះការដើរកម្សាន្តខាងក្រៅនេះ វា នឹងជួយឲ្យអ្នកមានពេលម្នាក់ឯង ដើម្បីបោះចោល កំហឹងដែលអ្នកមាន។
៤) ហាមគុំកួនគ្នា៖ ការលើកលែងទោសឲ្យគ្នា គឺជាវិធីដែលអាចឲ្យកំហឹងរបស់អ្នក ស្រកចុះដោយឯកឯង។ ប្រសិនបើអ្នកអនុញ្ញាតឲ្យគំនុំទាំងនោះស្ថិតនៅក្នុងខ្លួន អ្នក វាប្រៀបបានទៅនឹងការក្ដោបទុក ភ្លើងជាប់នឹងខ្លួន ដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ mayoclinic.org