របាយការណ៍ចុងក្រោយ៖ iPhone 7 Pro ត្រូវដកចេញពីគម្រោងខណៈ iPhone 7 Plus ច្បាស់ថាមានកាមេរ៉ា២(Dual Lens)
យោងតាមរបាយការណ៍ជាច្រើនសុទ្ធតែលើកឡើងដូចៗគ្នាថា iPhone 7 ទាំងពីរជំនាន់ នឹងបង្ហាញខ្លួននៅដើមខែកញ្ញាក្រោយនេះ។ នឹងមាន iPhone 7 អេក្រង់ ៤,៧អ៊ីញ ត្រូវក្រុមហ៊ុនសម្ពោធដំណាលគ្នានឹង iPhone 7 Plus អេក្រង់ ៥,៥អ៊ីញ។ ចាមអារ៉ាមមុន ធ្លាប់បានលើកឡើងថា Apple អាចត្រៀមចេញលក់ iPhone 7 ម្ដង ៣ម៉ូដែលនៅឆ្នាំនេះ ដែលមានម៉ូដែល iPhone 7 Pro មួយទៀតមានកាមេរ៉ាក្រោយចំនួនពីរ។ យ៉ាងណា របាយការណ៍ចុងក្រោយពីគេហទំព័រ គួរឱ្យទុកចិត្តជប៉ុន MacOtakara អះអាងថា នឹងពុំមាន iPhone Pro នោះទេ តែជា iPhone 7 Plus នឹងមានបំពាក់កាមេរ៉ា Dual Lens។
ប្រភពដដែលអះអាងថា កាមេរ៉ាទី២ នៅលើ iPhone 7 Plus គឺត្រូវបានផលិតសម្រាប់ ជំនួយលើមុខងារ Optical Zoom។ ក្រុមហ៊ុន Apple អាចនឹងបង្ខាំងឈ្មោះ iPhone 7 ទុកសម្រាប់ចេញឆ្នាំក្រោយ ខណៈ iPhone ស៊េរីថ្មីឆ្នាំនេះ អាចត្រូវក្រុមហ៊ុនហៅថា iPhone 6SE ក៏ថាបាន។
កន្លងមកគណនី Evan Blass បានហៅ iPhone ស៊េរី២០១៦ ទាំងពីរថា ជា iPhone 7 ជាមួយកូដ Sonora និង iPhone 7 Plus កូដ Dos Palos។ ប្រភពព័ត៌មានគួរឱ្យទុកចិត្តបាន Mac Otakara អះអាងថា iPhone 7 ទាំងពីរនឹងបំពាក់ដោយឈីបជំនាន់ថ្មី A10 ដំណើរការលឿនជាង iPhone ជំនាន់មុន ហើយនឹងដកចេញរន្ធកាស ៣,៥មិល្លីម៉ែត្រ ព្រមទាំងមានអ្វីថ្មីនៅលើប៊ូតុង Home ពោលគឺផ្ដល់អារម្មណ៍ថា ជាការ touch ជាជាងការចុចសង្កត់។
គេរំពឹង នឹងឃើញរូបរាងពិតប្រាកដរបស់ iPhone 7 ទាំងពីរម៉ូដែលនៅថ្ងៃទី៧ ខែកញ្ញាខាងមុខ ហើយនឹងបើកឱ្យបញ្ជាទិញនៅរយៈពេល ២ថ្ងៃបន្ទាប់ពីបានប្រកាស។ iPhone ជំនាន់ទី១០ ទាំងពីរម៉ូដែលនឹងមានលក់លើទីផ្សារមួយចំនួនចាប់ពីថ្ងៃទី២៣ ខែកញ្ញាដដែល៕