តើធ្វើយ៉ាងណាដើម្បីឲ្យសម្រស់របស់អ្នកមានភាពក្មេងជាងវ័យ?
អ្នកណាៗក៏ចង់បានសម្រស់ស្រស់ស្អាតក្មេងជាងវ័យនោះដែរ មិនថាចំណាស់ដល់ណាទេ ហើយភាគតិចនៃអ្នកទាំងអស់នោះបានទៅកែសម្ផស្សជាដើម ដែលពេលខ្លះរឹតតែធ្វើឲ្យមានការខូចខាតលើសពីសម្រស់ដើមរបស់ពួកគេទៅទៀត។ ពេលខ្លះ អ្វីដែលអ្នកគួរធ្វើគឺមានភាពងាយស្រួលនោះទេគ្រាន់តែវាត្រូវការពេលវេលាបន្តិច ដូចជាវិធីសាស្ត្រខាងក្រោមនេះជាដើម៖
១) ផ្ដល់សំណើម៖ តាមរយៈការផ្ដល់សំណើមនេះ អ្នកគួរតែផ្ដល់សំណើមដល់ស្បែកអ្នកពីក្នុងរួមទាំងពីក្រៅផងដែរ។ ផ្ដល់សំណើមពីក្នុងនេះគឺតាមរយៈការផឹកទឹកឲ្យច្រើនៗ រីឯការផ្ដល់សំណើមពីខាងក្រៅនោះគឺ ការលាបជាផលិតផលនានាដែលត្រូវនឹងប្រភេទស្បែករបស់អ្នក (គ្មានប្រតិកម្ម) ហើយអ្នកគួរតែជ្រើសរើសផលិតផលបែបធម្មជាតិ ដែលផលិតផលនោះត្រូវការពេលយូរគួរសមទម្រាំឃើញលទ្ធផល ព្រោះថាវាគ្មានជាតិកាត់។
២) លាបផលិតផលការពារកម្ដៅថ្ងៃ៖ ការចំណាយពេលនៅក្រោមកម្ដៅថ្ងៃយូរ វាមិនត្រឹមតែធ្វើឲ្យអ្នកឆាប់មានស្បែកស្រអាប់នោះទេ វាថែមទាំងធ្វើឲ្យអ្នកអាចនឹងកើតជំងឺមហារីកស្បែកថែមទៀតផង ដូចនេះ នៅពេលដែលអ្នកចេញក្រៅម្ដងៗ មិនថានៅក្រោមអាកាសធាតុក្ដៅ ឬក្ដៅល្មមនោះទេ អ្នកគួរតែលាបផលិតផលការពារកម្ដៅថ្ងៃជាពិសេស ទៅលើស្បែកមុខរបស់អ្នកផងដែរ។
៣) ហាត់ប្រាណ៖ ការហាត់ប្រាណធ្វើឲ្យអ្នកមានភាពស្រស់ស្រាយជាងមុន ហើយវាក៏ជួយឲ្យអ្នកមានសុខភាពល្អ ព្រមទាំងរឹងមាំផងដែរ។ ប្រសិនបើអ្នកមានសុខភាពទ្រុឌទ្រោម នោះវាក៏ធ្វើឲ្យអ្នកមើលទៅឆាប់ចាស់ផងដែរ ដូចនេះការហាត់ប្រាណក៏ជាចំណុចដ៏ល្អមួយផងដែរ ដែលធ្វើឲ្យស្អាតចេញមកពីខាងក្នុងតែម្ដង។
៤) ញាំអាហារមានជីជាតិ៖ អ្វីដែលអ្នកញាំចូលទៅ ក៏ជួយកំណត់នូវសម្រស់របស់អ្នកផងដែរ ដូចនេះ អ្នកគួរតែជ្រើសរើសនូវអាហារណាដែលមានផលប្រយោជន៍សម្រាប់សុខភាពរបស់អ្នក ជាជាងគិតគូរពីរសជាតិរបស់វា ព្រោះថាពេលខ្លះអាហារដែលមានជីជាតិ មិនឆ្ងាញ់ដូចអាហារនៅតាមផ្លូវខ្លះនោះទេ អ្នកត្រូវតែប្រយ័ត្នប្រយែង ហើយញាំបន្លែបៃតងនិងផ្លែឈើឲ្យបានច្រើន៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.cheatsheet.com