អនុវត្តតាមវិធីទាំងនេះ «អ្នកនឹងឈប់ធុញទ្រាន់ពេលធ្វើកិច្ចការសាលានៅផ្ទះ»
មាននិស្សិត ឬសិស្សមួយចំនួនខ្ជិលច្រអូស ក្នុងការធ្វើកិច្ចការផ្ទះដែលគ្រូបានដាក់ឲ្យ។ ហេតុនេះហើយបានជាពួកគេមួយ ចំនួន តែងតែទៅធ្វើកិច្ចការនៅសាលា ឬ ក៏ចាំចម្លងគេនៅសាលា ។ ការធ្វើបែបនេះ វា នឹងផ្ដល់ទម្លាប់មិនល្អ សម្រាប់អ្នក ហេតុនេះទើបអត្ថបទខាងក្រោមចង់អប់រំអ្នក ដោយផ្ដល់ពីវិធីខ្លះៗ កុំឲ្យសិស្សបន្តការធុញទ្រាន់ធ្វើលំហាត់នៅផ្ទះទៀត ៖
១) ត្រូវកំណត់ពេលជាក់លាក់មួយធ្វើវា៖ អ្នកគួរតែកំណត់ពេលវេលាមួយ ឲ្យបានច្បាស់លាស់ថា ពេលអ្នកណាអ្នកគួរចាប់ផ្ដើម ពេលព្រឹក ពេលថ្ងៃ ល្ងាចឬក៏យប់ ។ យល់ល្អ បើអ្នកអាចធ្វើកិច្ចការទាំងនោះមុនគេ ក៏កាន់តែប្រសើរ ព្រោះ អ្នកអាចនឹងប្រញាប់ប្រញាល់នៅពេលជិតដល់ម៉ោង។
២) ត្រូវសួរពីលំហាត់នៅសាលានោះឲ្យបានយល់៖ ពេលដែលគ្រូរបស់អ្នកបានដាក់លំហាត់ឲ្យនៅសាលា ភ្លាមនោះ អ្នកគួរតែអានវា ឲ្យបានយល់ជាមុនសិន ព្រោះថា ពេលដែលអ្នកទៅដល់ផ្ទះអ្នកអាចនឹងមិនយល់ពីវា ដែលជាហេតុនាំឲ្យអ្នកខ្ជិលធ្វើតែម្ដង។
៣) ជ្រើសរើសកន្លែងស័ក្ដិសមសម្រាប់ធ្វើលំហាត់៖ ដើម្បីធ្វើលំហាត់បានដោយរលូន និងគ្មាននរណាមករញ៉េរញ៉ៃបាននោះ អ្នកគួរជ្រើសរើសកន្លែងស្ងៀមស្ងាត់ មានសម្ភារៈគ្រប់គ្រាន់សម្រាប់ធ្វើកិច្ចការ រួចហើយដាក់ចិត្តធ្វើវា។
៤) គួរកំណត់ម៉ោងសម្រាក៖ អ្នកមិនអាចចំណាយពេលមួយថ្ងៃពេញ អង្គុយតែនៅមុខសៀវភៅនោះទេ អ្នកត្រូវដកឃ្លា ដើម្បីឲ្យខួរក្បាលរបស់អ្នកបានសម្រាកខ្លះ។ ម៉ោងសម្រាកនោះអ្នកគួរតែចេញទៅក្រៅ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ពិសាអ្វីដែលអ្នកចង់ ឬក៏ស្ដាប់តន្ត្រី អ្វីក៏បានដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com