​មហាយក្ស​ចិន​ មាន​​យន្តហោះ​ប្រយុទ្ធ​ទំនើប​ៗ​​ ​៥​ប្រភេទ​នេះ ​​ដែល​ធ្វើ​ឱ្យ​​​សត្រូវ​ញញើត​បាន​​



​សេដ្ឋកិច្ច​របស់​មហាយក្ស​ចិន​ ​​មាន​កំណើន​យ៉ាង​តិច​ក្នុង​រង្វង់​​ជាង​ ៧%​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ហើយ​កាល​ពី​ឆ្នាំ​កន្លង​ទៅ​​ថ្មី​ៗ​នេះ​ដែរ​ ​មហា​អំណាច​អាស៊ី​មួយ​នេះ​បាន​​ក្លាយ​ជា​​មហា​អំណាច​សេដ្ឋកិច្ច​លេខ​មួយ​លើ​លោក​ ​វ៉ា​ដាច់​អាមេរិក​ បើ​គិត​​ទៅ​លើ​ផលិតផល​ក្នុង​ស្រុក​​សរុប​​គិត​តាម​យុគភាព​នៃ​​អំណាច​ទិញ​ (Purchasing Power Parity)។ ​​មហា​អំណាច​ក្រុង​ប៉េកាំង​បាន​​ធ្វើ​កំណែ​ទម្រង់​យ៉ាង​ខ្លាំង​ ​និង​ជា​ពិសេស​គឺ​ធ្វើ​ទំនើបភាវូបនីយកម្ម​សព្វាវុធ​របស់​ខ្លួន​មិន​ឱ្យ​ចាញ់​សត្រូវ​ដែល​កំពុង​បញ្ចេញ​ធ្មុង​ដាក់​ខ្លួន​។ ​ យន្តហោះ​ចម្បាំង​​​​ទាំង​ ៥​ប្រភេទ​​ មាន​៖ ​ ក) ​​​យន្តហោះ​ Chengdu J-20 ៖ ​​​ជា​ប្រភេទ​យន្តហោះ​ប្រយុទ្ធ​​ស្ថិត​នៅ​ក្នុង​ជំនាន់​ទី​៥​ ​ដើម្បី​ប្រជែង​​ជា​មួយ​​​ ​F-35 របស់​អាមេរិក​ និង​ T-50 របស់​រុស្ស៊ី។ ​​​មហា​យក្ស​​ចិន​បាន​ទិញ​ម៉ាស៊ីន​យន្តហោះ​​ប្រភេទ​នេះ​ពី​ប្រទេស​រុស្ស៊ី​​ ហើយ​បាន​រចនា​រូបរាង​របស់​វា​ឱ្យ​ឱ្យ​ស្រដៀង​ទៅ​នឹង​ F-35 របស់​​អាមេរិក​ រហូត​ដល់​អាមេរិក​ចោទ​​ប្រកាន់​ថា​ ​ចិន​ លួច​​ទាំង​បច្ចេកវិទ្យា​ និង​ការ​រចនា​ម៉ូដ​​របស់​ខ្លួន។ ​យ៉ាង​ណា​ក៏​ដោយ​ វា​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ផលិត​ដំបូង​ ដែល​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​នឹង​ធ្វើ​ការ​​កែ​ប្រែ​លើ​ចំណុច​ជា​ច្រើន​ទៀត ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ជាង​​មុន។ ​​

big_thumb_d551aec298f090ed36eac19632faec21

លក្ខណៈ​ពិសេស​របស់​យន្តហោះ​នេះ​ គឺ​​វា​​មាន​ប្រព័ន្ធ​រ៉ាដា​ពិសេស​​ AESA ​មាន​ប្រព័ន្ធ​កំណត់​គោលដៅ​ electro-optical ​និង​ជា​​យន្តហោះ​បំបាំង​កាយ​ពី​ប្រព័ន្ធ​រ៉ាដា​​ទី​មួយ​របស់​ចិន។ ក្រៅ​ពី​នេះ​​ វា​មាន​បំពាក់​​​អាវុធ​ពី​ខាង​ក្នុង​​ចំនួន​ពីរ​ដែល​អាច​បាញ់​ប្រឆាំង​សត្រូវ​លើ​អាកាស​ ​បាញ់​មក​លើ​ដី​​ និង​បាញ់​កម្ទេច​កប៉ាល់​ក្នុង​សមុទ្រ​បាន​ទៀត​ផង។ ​អ្នក​ជំនាញ​លើក​ឡើង​ថា​ ​ចិន​អាច​នឹង​ប្រើ​​​យន្តហោះ​ប្រយុទ្ធ​នេះ​វាយ​ប្រហារ​មក​លើ​កប៉ាល់​ ​និង​មូលដ្ឋាន​យោធា​របស់​អាមេរិក​នៅ​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន។ ​​​ ខ) ​Shenyang J-31 ៖ ​ក៏​ជា​យន្តហោះ​​ប្រយុទ្ធ​ជំនាន់​ទី​ ៥​ដែរ​ដែល​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​រចនា​ម៉ូដ​ដោយ​ខ្លួន​ឯង​​មិន​ចម្លង​គេ​នោះ​ទេ។ ​​​យន្តហោះ​ប្រយុទ្ធ​នេះ​ ​​ស៊ី​សាំង​តិច​ ​​មាន​ល្បឿន​លឿន​ តែ​​បំពាក់​អាវុធ​ធុន​តូច និង​មាន​រាង​​ប៉ុន​ F-35 របស់​អាមេរិក។ ​​អ្វី​ដែល​ជា​​លក្ខណៈ​ពិសេស​មួយ​ទៀត​នោះ​ គឺ​​ត្រូវ​បាន​គេ​ហៅ​ថា​ ជា​យន្តហោះ​បំបាំង​កាយ​ពី​ប្រព័ន្ធ​រ៉ាដា​ទី​ពីរ​បន្ទាប់​ពី​ J-20។​ ​យោង​តាម​គេហទំព័រ​ airforce-technology.com យន្តហោះ​ប្រយុទ្ធ​នេះ​នឹង​ផលិត​ដោយ​​ក្រុមហ៊ុន​ Shenyang Aircraft Corporation ហើយ​ត្រៀម​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២០​ ខាង​មុខ​នេះ។​​

Chris-Black_Chinese-fighter_Figure-1

​គ) ​​​​Shenyang J-15 ៖ ​ជា​ប្រភេទ​យន្តហោះ​ពហុ​មុខងារ​​ដែល​មាន​រហស្សនាម​ថា​ ឆ្លាម​ហោះ​ (Flying Shark)។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សាកល្បង​ ​​​យន្តហោះ​ប្រយុទ្ធ​​​នេះ​ ​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​​២០០៩ ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ វា​​នៅ​តែ​​ស្ថិត​នៅ​​ក្នុង​ដំណាក់​កាល​សាកល្បង​​ដដែល។ តាម​ការ​ឱ្យ​ដឹង​ពី​គេហទំព័រ​ militaryfactory.com ​វា​អាច​នឹង​លេច​មុខ​ផ្លូវ​ការ​នៅ​ឆ្នាំ​ក្រោយ។ ​​​បក្សា​ស្លាប​ដែក​នេះ​ ​ចិន​បាន​យក​គំរូ​តាម​ Sukhoi Su-33 ​របស់​​សូវៀត (ចិន​​បាន​ទិញ​យន្តហោះ​នេះ​ពី អ៊ុយក្រែន​​នៅ​ឆ្នាំ​២០០១)។ វា​ស្ថិត​​នៅ​ក្នុង​ជំនាន់​ ៤,៥​​ ដែល​មាន​សមត្ថភាព​ប្រយុទ្ធ​ប្រដំប្រសង​នឹង​​ F/A-18 ​របស់​អាមេរិក​និង​​ Dassault Rafale ​របស់​បារាំង។

china-3d-printed-j-15-airplane-part-1

ជា​មួយ​គ្នា​នេះ​ដែរ​ គេហទំព័រ​ Air Force World ​បាន​​ឱ្យ​ដឹង​ថា​ ​​យន្តហោះ​​នេះ​អាច​នឹង​ត្រូវ​ប្រើ​​វាយ​​ប្រហារ​គាំទ្រ​ដល់​កម្លាំង​ជើង​ទឹក​ ព្រោះ​វា​សក្ដិសម​បំពាក់​ជា​មួយ​នឹង​នាវា។​ ​ឃ) ​​Chengdu J-10 ​៖ ជា​យន្តហោះ​ប្រយុទ្ធ​​ពហុ​មុខងារ​ ​​ត្រូវ​​បាន​ដាក់​ឱ្យ​ប្រតិបត្តិការ​ជា​​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០០៤។ ​​អ្នក​វិភាគ​លើក​ឡើង​ថា​ ​យន្តហោះ​ប្រយុទ្ធ​នេះ​ ​គឺ​ជា​យន្តហោះ​ដំបូង​របស់​ចិន​ដែល​អាច​ប្រជែង​ជា​មួយ​​ក្រុម​បស្ចឹម​ប្រទេស​បាន​​ទៅ​លើ​សមត្ថភាព​ប្រយុទ្ធ​​​របស់​វា។ ​យន្តហោះ​ប្រយុទ្ធ​​រហស្សនាម​បក្សា​អគ្គី​នេះ​ ​ត្រូវ​បាន​ចិន​ហៅ​ថា​ Meng Long ឬ​ នាគ​​កំណាច​។ វា​​​​មាន​​​​​រន្ធ​​សម្រាប់​ផ្ទុក​អាវុធ​នៅ​ផ្នែក​ខាង​​ក្រៅ​ចំនួន​ ១១​កន្លែង​ ​ដែល​អាច​ផ្ទុក​ម៊ីស៊ីល​បាញ់​លើ​អាកាស​បាន​ច្រើន​ប្រភេទ​។ ​វា​មាន​សមត្ថភាព​គ្រប់គ្រាន់​​​ សម្រាប់​ការ​បំពាក់​គ្រប់​បែក​​បាញ់​នាំ​ផ្លូវ​ដោយ​កាំរស្មី​ឡាស៊ែរ។ ​​បណ្ដា​ប្រទេស​មួយ​ចំនួន​ មាន​ដូច​ជា​​ ឥណ្ឌូណេស៊ី​ ​អ៊ីរ៉ង់​ ​ប៉ាគីស្ថាន​ និង​ថៃ​ នា​ពេល​កន្លង​មក​បាន​បង្ហាញ​ឆន្ទៈ​ចង់​ទិញ​យន្តហោះ​ប្រយុទ្ធ​នេះ។

Chengdu-J-10A-PL-11+PL-8-2S

​ង) ​​​Xian H-6 ​៖ ​​គឺ​ត្រូវ​បាន​​ចម្លង​តាម​ Tupolev Tu-16 Badger របស់​រុស្ស៊ី​ក្រោម​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ។​ ​​​យន្ត​ហោះ​ទម្លាក់​គ្រាប់​នេះ ​មាន​ពីរ​ប្រភេទ​គឺ​ X-6G ​និង​ H-6K​​។ ​តាម​ពិត​ទៅ ​​យន្តហោះ​ប្រយុទ្ធ​ Tu-16 ​បាន​រុស្ស៊ី​បង្ហាញ​លើក​ដំបូង​នៅ​ឆ្នាំ​១៩៥៤​ ហើយ​​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ​១៩៩៣។ ​ប្រទេស​ធំ​បី​បាន​ប្រើ​​យន្តហោះ​​ប្រភេទ​នេះ​ច្រើន​​ គឺ​អេហ្ស៊ីប​ ឥណ្ឌូណេស៊ី​ និង​​អ៊ីរ៉ាក់​ ដែល​សរុប​​ទាំង​អស់​ត្រូវ​បាន​​រុស្ស៊ី​ផលិត​ប្រហែល​ ១៥០០​គ្រឿង​។ ​ចិន​បាន​ចាប់​ផ្ដើម​ផលិត​នៅ​ឆ្នាំ​១៩៦៨​ ហើយ​នៅ​បន្ត​ប្រើ​ប្រាស់​រហូត​មក​ដល់​បច្ចុប្បន្ន។ ​ល្បឿន​អតិបរមា​ គឺ​ប្រហែល​ ១០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ដែល​អាច​បំពេញ​រង្វង់​​ប្រតិបត្តិការ​​​ ៦០០០​គីឡូម៉ែត្រ៕ ​

1699590

ដោយ៖ រតនៈវិភូ​ ប្រភព៖ businessinsider, militaryfactory.com, airforce-technology.com, military-today.com, airforceworld.com