តើអ្នកគួរធ្វើអ្វីខ្លះទម្រាំដល់ម៉ោងចូលធ្វើការដើម្បីក្លាយជាបុគ្គលិកឆ្នើមម្នាក់?
ចង់ក្លាយជាបុគ្គលិកដ៏ឆ្នើមម្នាក់ អ្នកមិនអាចធ្វើខ្លួនឲ្យដូចជាបុគ្គលិកធម្មតាបាននោះទេ គឺអ្នកត្រូវតែស្វាហាប់ជាង ពូកែជាង ខំប្រឹងប្រែងជាង មានទំនួលខុសត្រូវខ្ពស់ជាង និងគោរពពេលវេលាជាងអ្នកដទៃទៀត។ល។ ហើយបន្ថែមពីលើនោះទៀត ពួកគេតែងតែទៅដល់កន្លែងធ្វើការមុនម៉ោងជានិច្ច ដែលក្នុងរយៈពេលទម្រាំដល់ម៉ោងដែលពួកគេត្រូវចូលធ្វើនោះ ពួកគេបានធ្វើរឿងមួយចំនួនដែលចាត់ទុកថាជារឿងដ៏មានអត្ថប្រយោជន៍សម្រាប់ការងាររបស់ពួកគេដូចជា៖
១) រៀបចំតុធ្វើការឲ្យមានសណ្ដាប់ធ្នាប់៖ ពួកគេមិនចូលចិត្តធ្វើការនៅក្នុងបរិយាកាសដែលគ្មានអនាម័យល្អ ឬមានភាពរញ៉េរញ៉ៃនោះទេ ហេតុនេះជានិច្ចជាកាល ពួកគេតែងតែមកកន្លែងធ្វើការមុនម៉ោង ដើម្បីរៀបចំតុធ្វើការក៏ដូចជាបរិវេណធ្វើការរបស់ពួកគេឲ្យមានសណ្ដាប់ធ្នាប់ល្អ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការបំពេញការងារផងដែរ។
២) រកគិតពីអ្វីដែលពួកគេបានធ្វើម្សិលមិញ៖ ការធ្វើបែបនេះ ចាត់ទុកដូចជាការកម្ដៅសាច់ដុំម៉្យាងដែរ ព្រោះវាក៏មានអត្ថប្រយោជន៍ផងដែរ ក្នុងការរំលឹកឡើងវិញនូវការងារដែលអ្នកបានធ្វើពីថ្ងៃម្សិល ជាពិសេសបើអ្នកទើបតែត្រលប់មកពីដំណើរកម្សាន្ត ឬជាថ្ងៃសម្រាកជាដើម។ ទម្រាំតែអ្នកចាប់ផ្ដើមធ្វើការងារបន្ត អ្នកក៏នឹងមានអារម្មណ៍ថាព្រមក្នុងការធ្វើវាផងដែរ ដោយសារតែការរំលឹកពីការងារដែលអ្នកធ្វើពីម្សិលមិញនេះ។
៣) គិតពីអ្វីដែលគួរធ្វើមុនគេ ក៏ដូចជាបន្តបន្ទាប់ទៀត៖ ពួកគេតែងតែចាត់ចែងរួចហើយថាពួកគេនឹងត្រូវធ្វើអ្វីៗនោះក្នុងកំឡុងពេលធ្វើការរបស់គេនេះ ព្រោះថាបើពួកគេមិនបានរៀបចំឲ្យហើយនោះទេ វានឹងធ្វើឲ្យពួកគេឈឺក្បាលទម្រាំតែបានចាប់ផ្ដើមការងារ ដោយត្រូវគិតថាគួរធ្វើអ្វីមុន និងធ្វើអ្វីបន្ទាប់បែបនេះ។
៤) មិនធ្វើការហួសហេតុពេក៖ វាជារឿងដ៏មួយក្នុងការខិតខំប្រឹងប្រែងធ្វើការងារ តែវាក៏ក្លាយជារឿងមិនល្អភ្លាមនៅពេលដែលអ្នកព្យាយាមធ្វើហួសពីអ្វីដែលសមត្ថភាពក៏ដូចជាខួរក្បាលរបស់អ្នកអាចទទួលយកបាន។ ការធ្វើបែបនេះទៀតសោត ក៏ធ្វើឲ្យលទ្ធផលការងាររបស់អ្នក មិនបានទទួលនូវលទ្ធផលដ៏ល្អតាមអ្វីដែលអ្នករំពឹងទុកនោះដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org